ឃាត់ខ្លួនជនជាតិវៀតណាម ១២នាក់ ចូលមកលក់ឆ្នោត ខុសច្បាប់ នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគបាល នៃអធិការដ្ឋាន នគបាលក្រុងស្វាយរៀង បានចាប់ឃាត់ ខ្លួនជនជាតិវៀតណាម ស្រីប្រុស១២នាក់ យកមកអប់រំ បន្ទាប់ពី ជនជាតិវៀតណាមទាំងនោះ បានចូលមកលក់ ឆ្នោតវៀតណាម នៅក្នុងក្រុងស្វាយរៀង ដោយខុសច្បាប់ នៅម៉ោង ០៧៖០០ព្រឹក ដល់ម៉ោង ១១៖០០ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ រហូតដល់ ម៉ោង ០៤៖៣០នាទី ល្ងាចទើបដោះលែង និងប្រគល់ឆ្នោត ឲ្យពួកគេត្រឡប់ទៅ ប្រទេសវៀតណាមវិញ។

មន្រ្តីនគបាលមូលដ្ឋាន បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែល សមត្ថកិច្ចចាប់ឃាត់ខ្លួន ជនជាតិវៀតណាម ចូលមកលក់ឆ្នោតវៀតណាម ក្នុងរដ្ឋបាលក្រុងស្វាយរៀង ដែលលើកទី១ នៅថ្ងៃទី១៩ ខែកញ្ញា ២០១៥ លោកស្នងការរង ទទួលបន្ទុកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគបាលខេត្ត បានចុះបង្រ្កាបជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន២២នាក់ ក្នុងនោះស្រី៩នាក់ ដែលចូលមកលក់ឆ្នោតវៀតណាម នៅក្នងរដ្ឋបាលខេត្តស្វាយរៀង ឲ្យធ្វើកិច្ចសន្យានិងអប់រំ រួចបញ្ជូន ទៅប្រទេសវៀតណាមវិញ។

មន្រ្តីនគរបាល ដដែលបានឲ្យដឹងទៀតថា ក្រោយមកមិនបានប៉ុន្មានថ្ងៃផង ជនជាតិវៀតណាមទាំងនោះ បានលួចចូលមកលក់ ឆ្នោតលួចលាក់ បន្តទៀត ក៏ប៉ុន្តែនៅដើមខែមករា ឆ្នាំ២០១៦នេះ ជនជាតិវៀតណាមរាប់រយនាក់ បានចូលមកលក់ឆ្នោតទូទាំងរដ្ឋបាលខេត្ត ជាពិសេស ក្នុងក្រុងស្វាយរៀង ក្រុងបាវិត គឺដើរលក់ឆ្នោតវៀតណាម ជាចំហរ គ្មានខ្លាចរអាសមត្ថកិច្ចឡើយ ហើយនៅក្នុងក្រុងស្វាយរៀង មានជនជាតិវៀតណាម ចូលមកលក់ឆ្នោត ប្រមាណពី ២០នាក់ ទៅ៣០នាក់ ដោយខុសច្បាប់ ទើបលោក អធិការនគបាលក្រុងស្វាយរៀង បញ្ជារឲ្យកម្លាំងនគបាលក្រុង សហការជាមួយនគបាលប៉ុស្ត៍ក្រុងស្វាយរៀង ស្ទាក់ចាប់ជនជាតិវៀតណាម ដែលចូលមកលក់ឆ្នោតខុសច្បាប់ យកមកអប់រំ និងធ្វើកិច្ចសន្យាឈប់ ឲ្យយកឆ្នោតវៀតណាម មកលក់បន្តទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ នៅក្នុងខេត្តស្វាយរៀង សូមណូមពរដល់សមត្ថកិច្ច មេត្តាធ្វើយ៉ាងណា លុបបំបាត់អ្នកលក់ឆ្នោតវៀតណាម និងល្បែងកន្ទុយលេខឲ្យអស់ពីទឹកដី ខេត្តស្វាយរៀង ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕