លោកស្រី​មែរ​គែល​គំរាម​ដាក់ទោស​ជនភៀសខ្លួន​ដែល​បំពាន​ស្រីៗ​កាលពី​ថ្ងៃបុណ្យ​សាកល​

​កាលពី​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សាកល​កន្លងទៅ នៅ​ក្រុង​Cologne ភាគ​ខាងលិច​អាល្លឺម៉ង់ ស្ត្រី​ជាច្រើន​នាក់​បាន​រង​ការបំពាន​រាងកាយ​ពី​ក្រុម​ជនអន្តោប្រវេសន៍​។ ប៉ូលិស​បានទទួល​ពាក្យបណ្តឹង​រាប់រយ​ករណី ជា​តួលេខ​ខ្ពស់​ហួស​ពី​ការ​ស្មាន​។ ក្រុម​ស្តាំនិយម​ជ្រុល​Pegida បាន​បាតុកម្ម​ប្រឆាំង​ទាំង​ជនភៀសខ្លួន ទាំង​ប្រមុខ​ដឹកនាំ​មែរ​គែល​។​

​ប៉ូលិស​អាល្លឺម៉ង់​ទទួល​បណ្តឹង​ជនរងគ្រោះ​រហូតដល់​៣៧៩​ករណី ជា​តួលេខ​ខ្ពស់​។ ៤០​ភាគរយ​នៃ​បណ្តឹង ទាក់ទង​នឹង​ការបំពាន​ផ្លូវភេទ​។ ជនភៀសខ្លួន​ខុសច្បាប់​ភាគច្រើន មកពី​អាហ្វ្រិក​ខាងជើង​បាន​រង​ការចោទប្រកាន់​ពី​ស្ត្រី​រងគ្រោះ​។

​ដោយសារ​ហេតុការណ៍​នេះ កាលពី​ទី​០៨ ខែមករា មេ​ប៉ូលិស​មួយរូប​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​។ ហើយ​នៅ​ថ្ងៃ​បន្ទាប់ពីនោះ អធិកា​ប​តី លោកស្រី​មែរ​គែល បានប្រកាស​គំរាម​ដាក់ទោស​ជនភៀសខ្លួន​ជា​ជនល្មើស ឲ្យ​អស់សិទ្ធិ​ស្នាក់នៅ​អាល្លឺម៉ង់ ឬក៏​ទទួលទោស​រហូត​ជាប់ពន្ធនាគារ​។ លោកស្រី​មែរ​គែល ត្រូវ​ពិភាក្សា​រឿង​ទោសទណ្ឌ​ថ្មី​នេះ​ជាមួយ​បក្ស​ដៃគូ​កាន់អំណាច​CDU​ទៀត​។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បក្ស​CDU ក៏បាន​សម្តែង​ភាព​តឹងតែង​ចំពោះ​ជនភៀសខ្លួន​ដែរ​។​

​ឆ្លៀតពេល​មាន​ហេតុការណ៍​ដូច្នេះ នៅ​ក្រុង​កូ​ឡូញ បក្ស​ជ្រុលនិយម​ស្តាំ Pegida បាន​ប្រមូលផ្តុំ​មនុស្ស​ប្រមាណ​១៧០០​នាក់ ដើរ​បាតុកម្ម​ប្រឆាំង​ជនភៀសខ្លួន និង​ប្រឆាំង​លោកស្រី មែរ​គែល ដែល​ទទួលយក​ជនភៀសខ្លួន​ឲ្យ​មក​រស់នៅ​ពេញ​ស្រុក​។ ក្រុមបាតុករ បាន​គប់​ដប​និង​បំផ្ទុះ​ផាវ​ទៅលើ​ប៉ូលិស ធ្វើ​ឲ្យ​ប៉ូលិស​បាញ់​ទឹក​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ត​ប​ទៅវិញ​។ ការប៉ះទង្គិច បាន​បណ្តាល​ឲ្យ​របួស​មនុស្ស​៣​នាក់​។ ដោយឡែក កាលពី​ថ្ងៃទី​០៩ ខែមករា​កន្លងទៅ  ក៏មាន​ក្រុមមនុស្ស​បាតុករ​ប្រឆាំងនឹង​បក្ស​ជ្រុលនិយម​ស្តាំ​Pegida ដែរ​។

​ឆ្នាំ​២០១៥​កន្លងទៅ ជនភៀសខ្លួន​ដែល​មកសុំ​សិទ្ធិ​ជ្រកកោន​នៅ​អាល្លឺម៉ង់​មាន​ចំនួន​លើសលុប មិន​ធ្លាប់មាន​ក្នុងស្រុក គឹ​មាន​តួលេខ​រហូតដល់​១ ១០០ ០០០​នាក់​។ ហេតុការណ៍​ជនភៀសខ្លួន​បំពាន​រាងកាយ​ស្ត្រី​អាល្លឺម៉ង់ កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំកន្លងមក អាច​នឹងធ្វើ​ឲ្យ​ប្រជាជន​អាល្លឺម៉ង់​ដែល​បើកចំហ​ចិត្ត​ទទួលយក​ជនភៀសខ្លួន​នោះ អាច​ប្តូរ​គំនិត​លែង​គាំទ្រ​ជនភៀសខ្លួន​តទៅទៀត​៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​