កងកម្លាំង​អាហ្វហ្គានីស្ថាន​កំពុង​ប្រឈម​នឹង​បញ្ហា​ទាហាន ​«ខ្មោច»

កងកម្លាំង​អាហ្វហ្គានីស្ថាន​កំពុង​ប្រឈម​នឹង​បញ្ហា​ទាហាន ​«ខ្មោច»

កងកម្លាំង​អាហ្វហ្គានីស្ថាន​ឈរ​យាម​ល្បាត​នៅ​ឯ​កន្លែង​ត្រួត​ពិនិត្យ​មួយ​នៅ​តាម​ផ្លូវ​ទៅ​សង្កាត់ Sangin នៃ​ខេត្ត​ Helmand ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥។​

កងកម្លាំង​អាហ្វហ្គានីស្ថាន​កំពុង​ពុះពារ​ទាំង​លំបាក​ក្នុង​ការ​រក​ទាហាន​ដាក់​នៅ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ ប្រឆាំង​នឹង​ក្រុម​បះបោរ​តាលីបង់​ ដែល​លេច​មុខ​ជាថ្មី។ ការ​លំបាក​នេះ​ មួយ​ផ្នែក​ដោយសារ​តែ​ចំនួន​ទាហាន​ «ខ្មោច» ដែល​គេ​មិន​ដឹង​ចំនួន​ពិត​ប្រាកដ​ ហើយ​ដែល​បើក​តែ​ប្រាក់ខែ​ប៉ុន្តែ​មាន​ឈ្មោះ​តែ​នៅ​លើ​ក្រដាស។

បញ្ហា​ទាហាន​ខ្មោច​ដែល​កើត​មាន​ឡើង​ទូទាំង​ប្រទេស​នេះ មាន​លក្ខណៈធ្ងន់ធ្ងរ​ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ Helmand ភាគ​ខាង​ត្បូង​ប្រទេស​ ដែល​នៅ​ទីនោះ​ ក្រុម​តាលីបង់ បាន​ដណ្តើម​បាន​ដែនដី​មួយ​ផ្នែក​ធំ​យក​ទៅ​គ្រប់គ្រង​ ក្នុង​រយៈពេល​១២​ខែ​ ចាប់​តាំង​ពី​សហរដ្ឋ​អាមេរិក​និង​កងកម្លាំង​អូតង់​បាន​បញ្ចប់​បេសកកម្ម​ប្រយុទ្ធ​ជា​ផ្លូវការ​របស់​ពួកគេ​ ហើយ​បាន​ប្រែ​ក្លាយ​កងកម្លាំង​របស់​ពួកគេ​ ទៅ​ខាង​ផ្នែក​ហ្វឹកហ្វឺន​និង​គាំពារ​វិញនោះ។

លោក Karim Atal ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត Helmand មាន​ប្រសាសន៍​ថា​ «នៅ​តាម​ប៉ុស្ត៍​ត្រួតពិនិត្យ​នានា វា​គួរតែ​មាន​ទាហាន​២០នាក់​នៅ​ប្រចាំ​ការ​ទីនោះ​ ប៉ុន្តែ​ជាក់ស្តែង​មាន​តែ​៨​ឬ​១០​នាក់​ប៉ុណ្ណោះ»។

លោក​បន្ត​ថា «មូលហេតុនេះគឺ​ដោយ​សារ​អ្នក​ខ្លះ​ទទួល​បាន​ប្រាក់ខែ ប៉ុន្តែ​មិន​ធ្វើការ​ទេ ដោយសារ​ពួកគេ​ជាប់​សាច់ញាតិ​ជាមួយ​នឹង​មនុស្ស​សំខាន់​ ដូច​ជា​មេ​បញ្ជាការ​យោធា​ក្នុង​តំបន់​ជាដើម»។

លោក Atalមាន​ប្រសាសន៍​បន្ថែម​ថា ជួន​កាល​ការ​កំណត់​ថា​ជា ​«ខ្មោច» ហ្នឹង​គឺ​ក្នុង​ន័យ​ត្រង់​មែន ពោលគឺ​ទាហាន​និង​ប៉ូលិស​ដែល​ស្លាប់​នៅ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បើក​ប្រាក់​ខែ​ ហើយ​មេប៉ូលិស​និង​មន្ត្រី​យោធា​ជា​អ្នក​យក​ប្រាក់ខែ​ទាំង​នោះ​ដាក់ក្នុង​ហោប៉ៅ​ខ្លួនឯង ដោយ​មិន​បាន​ជំនួស​ទាហាន​និង​ប៉ូលិស​ដែល​បាន​ស្លាប់​ទាំង​នោះ​ទេ។

​លោក Atal បាន​ប៉ាន់​ប្រមាណ​ថា​ កងកម្លាំង​ដែល​មាន​តែ​ឈ្មោះ​ក្នុង​បញ្ជី​ប្រមាណ​៤០​ភាគរយ មិន​មាន​រូបរាង​ពិត​ប្រាកដ​ទេ ហើយ​ដោយសារ​កង្វះ​កងកម្លាំង​ជាក់ស្តែង​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្រុម​តាលីបង់​អាចដណ្តើម​បាន​ដែនដី​៦៥​ភាគរយ​នៃ​ខេត្តHelmand ទាំង​មូល ដែល​ជា​ខេត្ត​ធំ​ជាងគេ​បង្អស់​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​។ បញ្ហា​ទាហាន​មាន​តែ​ឈ្មោះ​បើក​ប្រាក់ខែ​នេះ​ក៏​បាន​ជួយ​ឲ្យ​ក្រុម​តាលីបង់​អាច​គំរាមកំហែង​ដល់​រដ្ឋធានី Lashkar Gah នៃ​ខេត្ត​ Helmand បាន​ផងដែរ។

កងកម្លាំង​ទាំង​ឡាយ​ ដែល​បាន​បម្រើ​ក្នុង​ជួរ​កងទ័ព​ពិត​ប្រាកដ​ ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ធំធេង​ ដោយ​សារ​តែ​ទាហាន​«ខ្មោច» ដែល​មាន​តែ​ឈ្មោះ​តែមិន​ឃើញ​មនុស្ស​នេះ។

លោក Atal ថ្លែង​ថា នៅក្នុង​រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ​ប៉ូលិស​ប្រមាណ​៧០០​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​៥០០​នាក់​បាន​រងរបួស។

អតីត​ស្នងការ​រង​ប៉ូលិស​ខេត្ត​ លោក Pacha Gul Bakhtiar បាន​មាន​ប្រសាសន៍​ថា «មន្ត្រី​ប៉ូលិស​ដែល​មាន​ឈ្មោះ​ចុះ​បញ្ជី​មាន​ចំនួន​៣​១០០០​ពាន់​នាក់ ប៉ុន្តែ​ចំនួន​ពិត​ជាក់​ស្តែង មិន​បាន​ក្បែរ​ចំនួន​នេះ​ផង»៕​