ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ យោង​តាម​តួលេខ​បណ្តោះអាសន្ន​ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៨ មក​រា ឲ្យ​ដឹង​ថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​ផ្តល់​ប្រាក់​កម្ចី និង​ជំនួយ​ឥត​សំណង ជំនួយ​បច្ចេកទេស និង​ការ​ផ្តល់​ហិរញ្ញប្បទាន រហូត​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក ដែល​មាន​ចំនួន​សរុប​២៧,១៥​ពាន់​លាន​ដុល្លារ​អាម​រិ​ក បើ​ធៀប​នឹង​ឆ្នាំ​២០១៤ គឺ​កើនឡើង​ប្រមាណ​១៩% គិត​ជា​ទឹកប្រាក់​ជាង​២២,៨៩​ពាន់​លាន​ដុល្លារ ។

ការ​ផ្តល់​ប្រាក់​កម្ចី និង​ជំនួយ​ឥត​សំណង​របស់​ធនាគារ ADB ដល់​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នេះ បាន​កើនឡើង​រហូត​ដល់​១៦,៥៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ បើ​គិត​ជា​ភាគរយ គឺ​កើនឡើង​២៣% ។ ដោយឡែក ជំនួយ​បច្ចេកទេស​មាន​ចំនួន​ទឹកប្រាក់​សរុប​ចំនួន​១៤៤​លាន​ដុល្លារ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​កើន​១៣% គិត​ជា​ទឹកប្រាក់​សរុប​គឺ​១០,៤៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ។ ចំណែកឯ​កម្ចី និង​ជំនួយ​ឥត​សំណង កើនឡើង​២១% គិត​ជា​ទឹកប្រាក់​ស្មើនឹង​១៣,៩៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ។

ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​វិស័យ​ឯកជន​របស់​ធនាគារ ADB គឺ​កើនឡើង​ពី​១,៩២​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៤ ទៅ​ដល់​២,៦៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ដែល​កំណើន​នេះ​ជា​កំណើន​មួយ​ខ្ពស់​បំផុត ។ ដើម្បី​ជួយ​ជំរុញ​ដល់​ប្រតិបត្តិការ​របស់​វិស័យ​ឯកជន​តូច​ៗ ADB បាន​សម្រេច​ដាក់​ឱ្យ​មានដំណើរ​ការ​កម្ចី​ក្នុង​រយៈពេល​លឿន ។ ក្នុង​នោះ​ដែរ ADB កំពុង​តែ​អនុវត្ត​នូវ​ការ​ឲ្យ​ប្រាក់​កម្ចី​ជា​រូបិយប័ណ្ណ​ក្នុងស្រុក និង​បង្កើន​ការ​ចេញ​សញ្ញាប័ណ្ណ​ដល់​រូបិយប័ណ្ណ​ក្នុងស្រុក ដើម្បី​ជំរុញ​ដល់​ការ​ខ្ចីប្រាក់​របស់​វិស័យ​ឯកជន ។

ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី លោក Takehiko Nakao បាន​មាន​ប្រសាសន៍​ថា ៖ «​កំណត់​ត្រា​ប្រតិបត្តិការ​របស់​ពួក​យើង​កាលពី​ឆ្នាំ​មុន បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​តម្រូវការ​ដែល​កំពុង​កើនឡើង​នៅ​តាម​បណ្តា​ប្រទេស​នៅ​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក ។ តម្រូវការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​លើ​វិស័យ​ផ្សេង​ទៀត គឺ​នៅ​តែ​ខ្ពស់ រីឯ​ភាព​ក្រីក្រ​នៅ​តាម​តំបន់​នៅ​តែ​មាន ថ្វី​ដ្បិតតែ​មាន​កំណើនសេដ្ឋកិច្ច​យ៉ាងណា​ក្តី » ។

ដើម្បី​បំពេញតម្រូវការ​ប្រតិបត្តិការ​របស់​ខ្លួន កាលពី​ឆ្នាំ​មុន ក្រុមប្រឹក្សាភិបាល​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​គាំទ្រ​ជា​ឯកច្ឆន្ទ​ក្នុង​ការ​រួម​បញ្ចូល​គ្នា​នៃ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី និង​តារាង​តុល្យភាព​មូលនិធិ ដោយ​ផ្អែក​លើ​ទីផ្សារ​របស់​ខ្លួន​។ ផ្អែក​លើ​កំណែទម្រង់​នេះ ការ​ផ្តល់​ប្រាក់​កម្ចី និង​ជំនួយ​ឥត​សំណង​របស់ ADB នឹង​កើនឡើង​ខ្ពស់​រហូត​ដល់​២០​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០២០ ។

នៅ​ឆ្នាំ​២០១៥ ADB ស្ថិត​ក្នុង​ចំណោម​ធនាគារ​ពហុភាគី​ដំបូង​បំផុត​ក្នុង​ការ​កំណត់​គោលដៅ​នៃ​ការ​អនុវត្ត​បរិយាកាស​ហិរញ្ញវត្ថុ ។ នៅ​ខែកញ្ញា ឆ្នាំ​២០១៥ ADB បាន​ប្រកាស​ថា បរិយាកាស​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​ខ្លួន នឹង​កើនឡើង​ទ្វេ​ដង​រហូត​ដល់​៦​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០២០ ដែល​លើស​ពី​ចំនួន​បច្ចុប្បន្ន​ចំនួន​៣​លាន​ដុល្លារ ។ ដើម្បី​គាំទ្រ​ដល់​ដំណើរការ​របស់​ខ្លួន ADB បាន​ចេញ​នូវ​សញ្ញាប័ណ្ណ​ជួយ​ដល់​ការ​ប្រែប្រួល​អាកាសធាតុ ក្នុង​នោះ ADB បាន​សម្រេច​គោលការណ៍​ដំបូង​របស់​ខ្លួន​ទៅ​ឲ្យ​សាធា​រណ​រដ្ឋ​ប្រជាមានិត​ចិន​ខ្ចី ដើម្បី​កែ​លម្អ​គុណភាព​ខ្យល់​នៅ​តំបន់ Beijing-Tianjin-Hebei ។

ក្នុង​នោះ​ដែរ ដើម្បី​ជួយ​ដល់​ធនធាន​ហិរញ្ញវត្ថុ និង​ជំនាញ​គ្រប់គ្រង​ពី​វិស័យ​ឯកជន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ការ​អភិវឌ្ឍ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នោះ ADB បាន​បង្កើត​នូវ​ការិយាល័យ​ដៃគូ​សាធារណៈ និង​ឯកជន ហៅ​កាត់​ថា PPP​។ ការិយាល័យ​នេះ គឺ​បាន​ផ្តល់​ជូន​សេវា​ប្រឹក្សា​យ៉ាង​សកម្ម​សម្រាប់​គម្រោង​ក្នុង​តំបន់​ដូច​ជា គម្រោង​ផ្លូវ​រថភ្លើង​នៃ​ប៉ែក​ខាងត្បូង​ភាគ​ខាងជើង​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ជាដើម ។

ធនាគារអភិវឌ្ឍន៍អាស៊ី ក៏​បាន​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​ផង​ដែរ​ក្នុង​ការ​កែ​លម្អ​នីតិវិធី​សម្រាប់​កម្មវិធី​ប្រទេស ដំណើរការ​នៃ​គម្រោង និង​លទ្ធកម្ម ។ ជាក់ស្តែង ការ​ណែនាំ​និ​តី​វិធី​ពិសេស​នៃ​លទ្ធកម្ម​កាត់ដេរ​សម្រាប់​បណ្តា​ប្រទេស​តូច​ៗ​នៅ​ជុំវិញ​កោះ​ប៉ា​ស៊ី​ហ្វិ​ក ដែល​ធនាគារ​បាន​ផ្តល់​នូវ​ធនធាន​ដ៏​ច្រើន និង​ដាក់​តំណាង​របស់​ខ្លួន​ឱ្យ​គ្រប់​គ្រង​​ចំនួន​៣១​ការិយាល័យ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​នៅ​តាម​តំបន់​ទាំងនោះ ។

លោក Takehiko Nakao មាន​ប្រសាសន៍​ថា ៖ « ក្នុង​ឱកាស​ខួប​លើក​ទី​៥០ នៅ​ឆ្នាំ​នេះ យើង​ប្តេជ្ញា​ចិត្ត​ថា នឹង​បង្កើន​ប្រតិបត្តិការ​បន្ថែម​ទៀត ក៏​ដូច​ជា​បេសកកម្ម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បន្ត​អភិវឌ្ឍន៍​ដោយ​និរន្ត​ភាព​នៅ​ក្នុង​តំបន់ ។ ពួក​យើង​នឹង​កែប្រែ​មុខមាត់​របស់​យើង​ឱ្យ​ក្លាយទៅជា​ធនាគារ​ដែល​ខ្លាំង និង​លឿនជាងគេ​ក្នុង​​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​នានា » ។

គួរ​បញ្ជាក់​ដែរ​ថា ធនាគារ ADB មា​នទី​តាំងនៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៧ និង​មាន​សមាជិក​ចំនួន​៦៧​ប្រទេស មក​ពី​តំបន់​ចំនួន​៤៨ ។ ធនាគារ​នេះ​បាន​លះបង់​ធនធាន​របស់​ខ្លួន​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ជួយ​លើក​ស្ទួយ​ដល់​កំណើនសេដ្ឋកិច្ច ធានា​នូវ​និរន្តរភាព​បរិស្ថាន និង​សមាហរណកម្ម​ក្នុង​តំបន់​នៅ​ទ្វីបអាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព