កុមារកំព្រា​ក្រីក្រ​៤​នាក់​ដែល​ឪពុកម្តាយ​បោះបង់ចោល​រស់នៅ​ជាមួយ​ជីដូន​ចាស់​អាយុ​៧៥​ឆ្នាំ​សុំ​អំពាវនាវ​រក​ជំនួយ​ខណៈ​គ្មាន​ស្ថាប័ន​ណា​យក​ភ្នែក​មើល​

​ខេត្តកំពង់ឆ្នាំង​៖ កុមារ​ប្រុស​ស្រី​៤​នាក់​បងប្អូន រស់នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្រាំ​ស្គារ ស្រុក​ទឹកផុស បាន ក្លាយជា​ក្មេង​កំព្រា ដោយ​ឪពុក​បោះបង់ចោល​ទៅ​មាន​ប្រពន្ធចុង ចំណែក​ម្តាយ​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ បាត់​ដំណឹង​ឈឹង សព្វថ្ងៃ​រស់នៅ​ជាមួយ​ជីដូន​អាយុ​៧៥​ឆ្នាំ​។ បច្ចុប្បន្ន​បាន​ចៅប្រុស​ច្បង​អាយុ​១៤​ឆ្នាំ និង​១២​ឆ្នាំ ធ្វើការ​ស៊ី​ឈ្នូ​ល​ច្រូតកាត់ និង​លីសែង​ឈើ​អោយគេ​យក​អង្ករ​ហូប ។

ស្ថិតក្នុង​ស្ថានភាព​មានទុក្ខ​លំបាក​វេទនា​យ៉ាង​នេះហើយ នៅមាន​បងប្រុស​ជីដូន​មួយ អាយុ​៣៤​ឆ្នាំ ម្នាក់​ចិត្ត​តិ​រ​ឆ្ឆាន​ចាប់រំលោភ​ប្អូនស្រី​ទី​៣ អាយុ​១១​ឆ្នាំ បានសម្រេច​ជាច្រើន​ដង​ហើយ​គេចខ្លួនបាត់ នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ នោះ​ទៀត ។ ​ ​

លោក យាយ តៃ អាយុ​៧៥​ឆ្នាំ និង​ចៅ​ទាំង​៤​នាក់​បានអោយដឹងថា​៖ ចៅ​គាត់​ទាំង​៤​នាក់​គឺ​ចៅ​បង​បង្អស់​មាន អាយុ​១៤​ឆ្នាំ និង​ចៅស្រី​ពៅ​មាន​អាយុ​៩​ឆ្នាំ ។ ម្តាយ​ពួកគេ​ទាំង​៤​នាក់​បាន​ទៅធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ យូរ​ឆ្នាំ​ហើយ មុនដំបូង​ធ្លាប់បាន​ផ្ញើ​ប្រាក់​មកជួយ​ចិញ្ចឹម​កូន​ខ្លះ​ដែរ តែ​ក្រោយមក​បាត់​ដំណឹង​ឈឹង ។ ចំណែក​ឪពុក​ពួកគេ​វិញ​ចុះចោល​កូន ទៅ​មាន​ប្រពន្ធ​ថ្មី​បាត់ទៅ បន្សល់​នៅ​ពួកគេ​ទាំង​៤​នាក់ ត្រូវ​ធ្លាក់​បន្ទុក​មកលើ​ជីដូន​ចាស់ជរា គាត់​ទ្រុត​ទ្រោម​មិនអាច​រកស៊ី​ចិញ្ចឹម​ចៅៗ​បានឡើយ ។ សព្វថ្ងៃ​បាន​ចៅប្រុស​ច្បង​ឈ្មោះ សាយ សុ​ភ័​ត្រា អាយុ​១៤​ឆ្នាំ និង​ចៅប្រុស​បន្ទាប់ ឈ្មោះ សាយ ស៊ីម អាយុ​១២​ឆ្នាំ ឈ្លាត​ពី​រៀនសូត្រ​បាន​ទៅ​ស៊ីឈ្នួល​ដឹក​កណ្តាប់ ច្រូតស្រូវ និង​លីសែង​ឈើ​អោយគេ​ទើបបាន​ប្រាក់​បន្តិចបន្តួច យកមក​អោយ​គាត់​ទិញ​អង្ករ និង​ម្ហូប ។ ​

​លោក យាយ បាន​បន្តថា ចៅៗ​វេទនា​ប៉ុណ្ណឹង​ហើយ​មានឈ្មោះ ឈិន ខុម អាយុ​៣៤​ឆ្នាំ ជា​បង ប្អូន​ជីដូន​ចៅៗ​នៅ​ភូមិ​ជាមួយគ្នា បាន​ចាប់​កូនចៅ​ទី​៣​អាយុ​១១​ឆ្នាំ​រំលោភ​ជាច្រើន​ដង ទម្រាំ​បែក ការណ៍ ឥឡូវ​គេ​រត់ចោលស្រុក​បាត់​ទៅទៀត ។ លោកយាយ​និង​ចៅៗ​ទាំង​៤​នាក់​បាន​លើកដៃ​សំពះ ស្នើសុំ​ដល់​សប្បុរសជន​រស់នៅ​ទីជិត​ឆ្ងាយ​ទាំងអស់ សូមមេត្តា​ជួយ​ដល់​ពួកគាត់​ផង ដែល​ពួកគាត់​កុំ​ពុង​មានការ​ខ្វះខាត​ខ្លាំងណាស់ ។ ចំណែក​កុមារ​ទាំង​៤​នាក់ ក៏បាន​សំពូ​ម​ពរ​ដល់​សប្បុរសជន សូមមេត្តា​ជួយ​ឧបត្ថម​កង់​បាន​១​គ្រឿង សម្រាប់​ជិះ​ទៅ​រៀន​ផង ព្រោះ​សព្វថ្ងៃ​ពេល​ទៅ​រៀន​ជិះ​កង់​តែមួយ​៤​នាក់ ។​ ​ ​

​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស​បានអោយដឹងថា​៖ ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ​ចាប់រំលោភ សំណុំ​រឿងនេះ​សមត្ថកិច្ច​លោក​បាន​ដល់​ស្នងការ​នគរបាល​ខេត្ត និង​ដល់​តុលាការខេត្ត​ ​ហើយ​ដែរ តែ​ជនល្មើស​បាន​គេចខ្លួនបាត់ សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន ៕ ភ្នាក់ងារ​សារព័ត៌មាន​ខ្មែ​អង្គរ​ប្រចាំខេត្ត​កំពង់ឆ្នាំង (​រិ​ទ្ធិ ជ័យ​) ទូរស័ព្ទ​លេខ​៖ 089 826 151

KA-11-01-2016-01 KA-11-01-2016-02​ ​ ​