ល្បែងស៊ីសង​នៅក្នុង​ផ្សារ​ជិន​ណាន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​ជិន​ណាន ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​ក្នុង​ផ្សារ​នេះ កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​និង​កើតមាន​អំពើចោរកម្ម ក៏ដូចជា​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​។ ប៉ុន្តែ​នាយ​នគរបាល​សង្កាត់​ទឹកថ្លា ក៏ដូចជា​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក្នុង​ផ្សារ​ជិន​ណាន​នោះទេ​។ ដូច្នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​មូលដ្ឋាន​អាច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​។

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ឈ្មោះ ហួរ គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​និង​រត់​ការបើក​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​ផ្សារ​ជិន​ណាន ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​នគរបាល​ប៉ុស្តិ៍ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ផ្សារ​ជិន​ណាន ស្ថិតក្នុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ទីតាំង​កត់​កន្ទុយ​លេខ​ប្រមាណ​ជិត​១០​កន្លែង កំពុងដំណើរការ​យ៉ាង​រលូន​។ អ្នក​ចាក់​កន្ទុយលេខ​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ឈ្មោះ ហួរ គឺជា​អ្នករត់​ការសម្របសម្រួល​រវាង​ម្ចាស់​ទីតាំង​កត់​កន្ទុយលេខ និង​សមត្ថកិច្ច​មូលដ្ឋាន ហេតុនេះហើយ​ទើប​ពុំមាន​ការបង្ក្រាប​ធ្វើ​ឲ្យ​ល្បែង​កន្ទុយលេខ​ក្នង​ផ្សារ​ជិន​ណាន រាលដាល​កាន់តែខ្លាំង​។

​កន្លងមក​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ ធ្លាប់​បង្ក្រាប​ល្បែង​កន្ទុយលេខ​ក្នុង​ផ្សារ​ជិន​ណាន​ម្ដង​រួចមកហើយ ដោយ​ចាប់បាន​មនុស្ស​៣​នាក់​ផងដែរ ក្រោយមក​ឮថា​សមត្ថកិច្ច​ដោះលែង​មេ​កន្ទុយលេខ​ទាំងនោះ​វិញ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ឥឡូវនេះ​ល្បែង​កន្ទុយលេខ​ក្នុង​ផ្សារ​ជិន​ណាន​រាលដាល​កាន់តែខ្លាំង​ជាមុន​ទៀត ហើយ​នាយប៉ុស្តិ៍​នគរបាល​សង្កា​ត់​ទឹកថ្លា និង​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​ល្បែងស៊ីសង​ដែលជា​ប្រភព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ដូច្នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរ​ណែនាំ​ដល់​មន្ត្រីនគរបាល​ក្នុង​សង្កាត់​ទឹកថ្លា និង​ខណ្ឌ​សែន​សុខ ជាបន្ទាន់ ព្រោះ​ពួកគេ​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​បទបញ្ជា​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នោះឡើយ ហើយ​ពួកគេ​បណ្ដោយ​ឲ្យ​បទល្មើស​ផ្សេងៗ​ជាពិសេស​ល្បែងស៊ីសង​រាលដាល​ឥតឈប់ឈរ​៕

105លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ