កសិករ​ដាំដំឡូង​មី​កំពុង​ប្រឈម​នឹង​ការខាតបង់ ជំពាក់​បំណុល​ធនាគារ​

​ការធ្លាក់ចុះ​តម្លៃ​ដំឡូង​មី​នៅក្នុង​រដូវ​ប្រមូល​ផល​នេះ កំពុង​ធ្វើ​ឲ្យ​ប្រជាកសិករ​ខ្មែរ​មួយចំនួន​ត្រូវ​ប្រឈម​នឹង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ចំណាយ​ទុន​យ៉ាងច្រើន​សម្រាប់​ការដាំដុះ ហើយ​លក់​ផល​ដំឡូង​ក្នុងតម្លៃ​ដ៏​ទាប​បំផុត​។ ជាក់ស្តែង​កសិករ​ដាំដំឡូង​មី​នៅ​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា តម្លៃ​ដំឡូង​មី​ធ្លាក់ចុះ​យ៉ាងគំហុក និង​ពិបាក​រក​ទីផ្សារ​សម្រាប់​លក់ ហើយ​មិនទាន់មាន​អន្តរាគមន៍​ពី​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅឡើយ​ទេ​។ ម្យ៉ាងវិញទៀត​តម្លៃ​ដំឡូង​មី​ស្ងួត​មាន​ទីផ្សារ​នៅ​ប្រទេស​យួន និង​ប្រទេស​សៀម ហេតុនេះហើយ​ទើប​យួន​និង​សៀម​អាច​បន្ថោក​តម្លៃ​ដំឡូង​មី​របស់​កសិករ​ខ្មែរ​តាម​អំពើ​ចិត្ត ហើយ​អ្នក​ខ្ចីលុយ​ពី​ធនាគារ​មក​ដាំ​ដុះ​កំពុង​វ័ណ្ឌក​ដោយសារតែ​តម្លៃ​ដំឡូង​មី​ធ្លាក់ចុះ​ទាប​ខ្លាំងពេក​។

​ប្រជាកសិករ​នៅក្នុង​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា កន្លងមក​តម្លៃ​ដំឡូង​មី​មិន​ធ្លាក់ចុះ​ដូច​សព្វថ្ងៃ​នេះឡើយ ហើយ​មាន​ឈ្មួញ​ចុះមក​ទិញ​ដល់​មូលដ្ឋាន​មិន​ពិបាក​ដឹកជញ្ជូន​ទៅ​លក់​នៅ​ទីផ្សារ​ដោយ​ខ្លួនឯង​នោះទេ​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដើមខែ​មករា ឆ្នាំ​២០១៦​នេះ តម្លៃ​ដំឡូង​មី​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពិបាក​រក​ទីផ្សារ​លក់ ហើ​គ្មាន​ឈ្មួញ​ចុះមក​ទិញ​ដល់​ចម្ការ​ដូច​កាលពីមុន​ទៀត​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាកសិករ​ដែលជា​អ្នក​ដាំដំឡូង​មី​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ជាបន្ទាន់​។​

ទាក់ទង​បញ្ហា​ខាងលើ​នេះដែរ ឈ្មួញកណ្ដាល​ម្នាក់​ដែល​ធ្លាប់​ទិញ​ដំឡូង​មី​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​យួន​បាន​ឲ្យ​ដឹងថា កាលពីមុន​តម្លៃ​ដំឡូង​មី​ស្ងួត​១​គីឡូក្រាម​ប្រមាណ​៧០០​រៀល ហើយ​ងាយស្រួល​ទិញ​និង​លក់បាន​ចំណេញ​គួរសម​។ ប៉ុន្តែ​ឆ្នាំ​២០១៦​នេះ តម្លៃ​ដំឡូង​មី​ស្ងួត​១​គីឡូក្រាម​ត្រឹម​៥០០​រៀល ហើយ​ពិបាក​ទិញ​និង​ពិបាក​លក់ ដ​ច្នេះ​ទើប​មិនសូវមាន​ឈ្មួញកណ្ដាល​ចុះ​ទិញ​ដល់​មូលដ្ឋាន​របស់​ប្រជាកសិករ​ក្នុង​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី​។ ប្រការនេះ​មានតែ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ប៉ុណ្ណោះ ដែល​អាចជួយ​ដោះស្រាយបាន​កុំ​ឲ្យ​ប្រជាកសិករ​រង​ការខាតបង់ ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​ដោយសារតែ​មុខរបរ​កសិកម្ម​៕

104-------------------2--2016-01-09 ​    ​