សមត្ថកិច្ច​ខេត្តស្ទឹងត្រែង មិនដែល​ហ៊ាន​ចាប់​ទូក​និង​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​យួន​ឈ្មោះ​យាយ​ព្រឿង

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិនដែល​ហ៊ាន​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​របស់​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង នោះទេ ដោយសារតែ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។ ហេតុនេះហើយ​ទើប​យាយ​ព្រឿង ក្លាយទៅជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ស្រុក​នានា​តាម​ទូក​និង​តាម​រថយន្ត​ចូល​ក្រុង​ស្ទឹងត្រែង​យ៉ាង​រលូន ជាពិសេស​យកទៅ​ស្តុក​ទុក​ក្នុង​រោង​សិប្បកម្ម​មួយ​នៅក្នុង​ក្រុង​ស្ទឹងត្រែង​។ លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់​យាយ​ព្រឿង ទើប​ឈ្មួញ​យួន​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា​ឈ្មួញ​យួន​ឈ្មោះ​យាយ​ព្រឿង មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ខេត្តស្ទឹងត្រែង ដូច្នេះ​សមត្ថកិច្ច​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​ឡើយ ហើយ​មន្ត្រីជាន់ខ្ពស់​ក្នុង​សាលាខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង មួយចំនួន​ក៏​អាច​ទទួលបាន​ផលប្រយោជន៍​ដែរ​។ ប្រភពពី​សកម្មជន​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា​សព្វថ្ងៃនេះ​យាយ​ព្រឿង បាន​ប្រើ​ទូក​ប្រមាណ​១០​គ្រឿង​សម្រាប់​ដឹកឈើ​ធ្នង់​ពី​ឃុំ​ស្ដៅ ស្រុក​សេសា​ន ចូលមក​ក្រុង​ស្ទឹងត្រែង យ៉ាង​សុខ​ស្រួល​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ​។ បើទោះបី​យាយ​ព្រឿង និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់​ប៉ុន្តែ​ឈ្មួញ​យួន​រូបនេះ​មាន​ដៃជើង​ជាច្រើន​នាក់​ទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​នគរបាល និង​អ្នកកាសែត ជួយ​ការពារ​មុខរបរ​ខុសច្បាប់​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។

​ឥឡូវនេះ​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​មាន​កូនជឹង​របស់​យាយ​ព្រឿង ជាច្រើន​នាក់​ចាំ​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ ហើយ​យកទៅ​ស្តុក​ទុក​តាម​មាត់ទន្លេ​ជាច្រើន​កន្លែង​មុនពេល​ដឹក​តាម​ទូក​ប្រមាណ​១០​គ្រឿង​ចូលទៅ​ក្រុង​ស្ទឹងត្រែង​។ នៅពេល​ប្រមូល​ឈើ​ដាក់​ក្នុង​ឃ្លាំង​នៅ​ជិត​ខារ៉ាអូខេ​ពិភពថ្មី​ក្រុង​ស្ទឹងត្រែង បាន​គ្រប់​ចំនួន​ទើប​យាយ​ព្រឿង ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​។ បញ្ហា​នេះ លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង គឺជា​អ្នក​បណ្ដោយ​ឲ្យ​ឈ្មួញ​យួន​ឈ្មោះ​យាយ​ព្រឿង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

KA-09-01-2016-01 KA-09-01-2016-02 KA-09-01-2016-03KA-09-01-2016-06