លោក សម រង្ស៊ី បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រឹងមាំ​ដដែល​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​តាម​ប្រព័ន្ធ​វីដេអូ​បន្ត​ផ្ទាល់ កាលពីពេល​ថ្មីៗ​នេះ​ថា បើទោះជា​ពេលនេះ​រូបលោក​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ពិតមែន តែ​សកម្មភាព​នយោបាយ គោលនយោបាយ យុទ្ធសាស្ត្រ​នយោបាយ ពិសេស​គោលដៅ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ដដែល​មិន​ផ្លាស់ប្តូរ​ឡើយ ហើយ​កាន់​តែមាន​ភាពរឹងមាំ​ថែមទៀត​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា រូបលោក​ផ្ទាល់ និង​លោក កឹម សុខា ព្រមទាំង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​នៅតែ​ប្តេជ្ញា​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដដែល នោះ​គឺ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា​តាមរយៈ​ការបោះឆ្នោត​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា អ្នក​ស្រឡាញ់​យុត្តិធម៌ អ្នក​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​អ្នកដឹកនាំ​នៅ​កម្ពុជា អ្នកប្រឆាំង​អំពើពុករលួយ អ្នក​ស្រឡាញ់​ជាតិ គឺ​ឲ្យ​ឈ្មោះថា សម រង្ស៊ី ពីព្រោះ​អ្នក​ទាំងនោះ​មាន​ឧ​ត្ត​ម​គតិ មនសិការ​ស្នេហា​ជាតិ ដូច​សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ  ។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា យើង​ត្រូវតែ​តស៊ូ​ជាមួយគ្នា ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា​។​

ពាក់ព័ន្ធ​បញ្ហា​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​បង្ហាញ​ពី​ផែនការ​ច្បាស់លាស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៦​។ លោក កឹម សុខា បាន​ពន្យល់ថា ទាក់ទង​នឹង​យុទ្ធសាស្ត្រ និង​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៦  គឺ​ឆ្នាំ​ថ្មី យុទ្ធសាស្ត្រ​ថ្មី គោលដៅ​ចាស់​។  លោក កឹម សុខា បាន​បញ្ជាក់ថា គោលដៅ​ចាស់ គឺ​គោលដៅ​អត់​ងាករេ រឹងមាំ អត់​ប្រែប្រួល​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​។​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា លោក​មិន​ឆ្លើយ  និង​មិន​ឈ្លោះ រឿង​បុគ្គល​ជាមួយ​អ្នកណា​ឡើយ គេ​ឈ្លោះ​អី​ឈ្លោះ​ទៅ គេ​ថា​អី ថា​ទៅ ប៉ុន្តែ​លោក​នឹងចូលរួម​ប្រកួត​តែ​លើ​ទស្សនៈ​នយោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ និង​បញ្ហា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ក្នុងការ​កែទម្រង់​ដែល​ពលរដ្ឋ​ខ្មែរ​ចង់បាន​។ គួរ​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បាននិងកំពុង​ចាប់ផ្តើម​យុទ្ធនា​ការជួប​ជាមួយ​សកម្មជន​មូលដ្ឋាន តាំងពី​ថ្ងៃទី​១០ ខែមករា តទៅ ដោយ​ផ្តើម​ពី​ខេត្តព្រៃវែង ហើយ​បន្តទៅ​កំពង់ចាម ត្បូងឃ្មុំ និង​សៀមរាប​៕

1909937_1263697953647501_3184134532049773316_n