ថៅកែរមណីយដ្ឋាន សួនសុបិន្ត ជាប់ឃុំ ៣ឆ្នាំ ពិន័យ ៦លានរៀល រឿងចេញសែក គ្មានសាច់ប្រាក់ ៣០ម៉ឺនដុល្លារ

ភ្នំពេញ៖ ក្រោយពីត្រូវបាន ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ ប្រកាសផ្តន្ទាទោស និងបង្គាប់ឲ្យតាមចាប់ខ្លួន មិនអនុវត្តទោស ពីបទឆបោកប្រាក់ ប្រមាណ ៣០ម៉ឺន ដុល្លារ ទីបំផុតរយៈពេល មិនដល់១ឆ្នាំ ផង ជនជាប់ចោទ ដែលជាថៅកែរមណីដ្ឋាន សួនសុបិន្ត ក៏ត្រូវបានកម្លាំងនគរបាល ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នេះ ដើម្បីដើម្បី អនុវត្តសាលក្រមផ្តន្ទាទោស រយៈពេល ៣ឆ្នាំ ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកគ្មានប្រាក់ជាង ៣០ម៉ឺនដុល្លារ។

ជនជាប់ចោទ ដែលត្រូវចាប់ខ្លួន យកទៅអនុវត្តទោសនេះ ឈ្មោះ ឃួន សារុំ អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥០E0 ផ្លូវសុកហុក សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា ត្រូវបានកម្លាំង នគរបាល នៃនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦។

សូមរំលឹកថា លោក វ៉េង ហ៊ត់ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ បានសម្រេចផ្តន្ទាទោស ពិរុទ្ធជន ឈ្មោះ ឃួន សារុំ ដាក់ពន្ធនាគារ កំណត់ ៣ឆ្នាំ និងពិន័យជាប្រាក់៦.០០០.០០០រៀល ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន. ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២១៣ នៃច្បាប់ស្តីពី ឧបរណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងបទឆបោក. តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១១៕

ថៅកែរមណីយដ្ឋាន សួនសុបិន្ត ជាប់ឃុំ ៣ឆ្នាំ ពិន័យ ៦លានរៀល រឿងចេញសែក គ្មានសាច់ប្រាក់ ៣០ម៉ឺនដុល្លារ