មូលហេតុចម្បង ៤ចំណុច ធ្វើឲ្យកម្ពុជា បរាជ័យ នាំចេញអង្ក ១លានតោន ទៅលក់នៅបរទេស

ភ្នំពេញ៖ កត្តា ៤យ៉ាង បាននាំឲ្យកម្ពុជាបរាជ័យ និងមិនឆ្លើយតប ទៅនឹងការរំពឹងទុករបស់ រាជរដ្ឋាភិបាល ដែលបានសង្ឃឹមថា កម្ពុជានឹងអាចនាំចេញអង្ករ ទៅលក់នៅក្រៅប្រទេស បានចំនួន ១លានតោន នៅឆ្នាំ២០១៥។

បើយោងតាម លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុ រាយស៍ (ខេមបូឌា) បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០១៦ថា មូលហេតុ ទាំង៤ចំណុចនោះ រួមមាន ទី១. ការវិនិយោគបន្ថែមទៅលើឃ្លាំង(ពុំមានគ្រប់គ្រាន់), ទី២. ការវិនិយោគទៅលើម៉ាស៊ីន ឬឡសម្ងួត(មិនសូវមាន), ទី៣. ការវិនិយោគរបស់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ត្រូវឲ្យមានសមត្ថភាពនាំចេញបាន ដើម្បីមានលទ្ធភាពពង្រីក ដើមទុនក្នុងការទិញស្រូវចូល និងទី៤. កាត់បន្ថយការចំណាយ ទៅលើអគ្គិសនី ដែលបញ្ហាទាំង៤នេះ ត្រូវដោះស្រាយជាបន្ទាន់។

លោកថា នៅតាមបណ្តារោង ម៉ាស៊ីនកិនស្រូវ គឺប្រើប្រាស់ថាមពលច្រើន ទៅលើចង្វាក់ផលិត កម្មជាង ១៥ដុល្លារ ក្នុង១តោន ហើយបើកាត់បន្ថយបាន ៥ដុល្លារ ឬបញ្ចុះតម្លៃពិសេស នៅលើអគ្គិសនី នឹង អាចកាត់បន្ថយថ្លៃដើម ដោយបង្វែរទិសដៅ ទៅកាន់ប្រទេសដែលមិនរំពឹងថា ឲ្យរួចពន្ធនោះទេ។

លោក សុង សារ៉ន បានបន្តទៀតថា រាល់ថ្ងៃកម្ពុជាបាន នាំអង្ករចេញច្រើន ទៅកាន់ប្រទេសចិន ចំណែកទីផ្សារអឺរ៉ុបមានស្រាប់ហើយ ប៉ុន្តែ បច្ចុប្បន្ននេះ មិនអាចពង្រីកទៀតបាននោះទេ នេះជាបញ្ហានាំឲ្យកម្ពុជាគាំងមិនអាចកើនបាន ១លានតោន ព្រោះអឺរ៉ុបទទួលត្រឹមតែជាង ២០ម៉ឺនតោន។ បើក្រុមហ៊ុននាំអង្ករ និងរោងម៉ាស៊ីនកិនស្រូវអាច កាត់បន្ថយថ្លៃដើមបន្តិចទៀត អាចនាំទៅកាន់ប្រទេសដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី និងចិនបានច្រើនថែមទៀត ហើយវានឹងអាចឲ្យកម្ពុជាខិតជិត ១លានតោនបាន។

លោកបញ្ជាក់ថា  “ខ្ញុំគិតថាអាច។ យើងអាចធ្វើបាន ប៉ុន្តែមិនទាន់បានឆាប់ៗ ខាងមុខយើងនឹងអាចធ្វើកើតហើយ”។

 អគ្គនាយកក្រុមហ៊ុន ដែលបាននាំអង្ករចេញ នាំមុខគេទៅក្រៅប្រទេសរូបនេះ បានបន្ថែមថា ប្រទេសដែលទិញអង្ករកម្ពុជាច្រើនជាងគេ មានចិន , បារាំង, ម៉ាឡេស៊ី, ប៉ូឡូញ, ឆេក, អ៊ីតាលី, អេស្បាញ ដែលប្រទេសទាំងអស់នេះ គឺបានទិញចំនួន ៧០ភាគរយ នៃចំនួនសរុបទាំងអស់។ ចំពោះអង្ករដែលនាំ ទៅលក់នោះមានពីរប្រភេទ គឺប្រភេទអង្ករក្រអូប (អង្ករម្លិះ, ចាសស្មិន, សែនក្រអូប...) និងប្រភេទអង្ករស (អង្ករអ៊ីអ៊ា...)។

 សូមបញ្ជាក់ថា ឆ្នាំ២០១៥ កម្ពុជាបាននាំអង្ករ ទៅក្រៅប្រទេស ជាង ៥៣ ម៉ឺនតោន មានជាង ៧០ក្រុមហ៊ុន បាននាំចេញទៅលក់ ក្នុងនោះមានក្រុមហ៊ុន អេមរុ រាយស៍, ខ្មែរហ្វូត, ហ្គូលឌិន រាយស៍ជាដើម៕

មូលហេតុចម្បង ៤ចំណុច ធ្វើឲ្យកម្ពុជា បរាជ័យ នាំចេញអង្ក ១លានតោន ទៅលក់នៅបរទេស