សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម លើសំនួរ ប្រជាពលរដ្ឋ ជាលើកចុងក្រោយ លើការផ្ទេរឈ្មោះ យានយន្ត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រ ហ្វេសប៊ុក របស់សម្តេច នៅប៉ុន្មាន នាទីមុន (ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦) ថា « ថ្មីៗនេះបងប្អូនជនរួមជាតិ នៅមានចំងល់ខ្លះៗ អំពីការផ្ទេរឈ្មោះយានយន្ត។ ខ្ញុំសូមឆ្លើយបញ្ជាក់ បន្ថែមលើសំនួរបងប្អូន ជាលើកចុងក្រោយលើ ការផ្ទេរឈ្មោះយានយន្ត»។

ប្រមុខរដ្ឋាភិបាល បានសរសេរបន្តថា «ក្នុងសេចក្តីប្រកាសរបស់ សម្តេចក្រឡាហោម ស ខេង គឺបានបញ្ជាក់ច្បាស់ហើយ គឺទទួលស្គាល់ការកាន់កាប់ ជាក់ស្ដែងដោយមិនតម្រូវឱ្យ មានការបញ្ជាក់ពីម្ចាស់ដើម នោះឡើយ។ ពាក្យនេះមានន័យថា បងប្អូនដែលបាននិង កំពុងប្រើប្រាស់យានយន្តទិញ ត ពីគេមិនបាច់កាត់ឈ្មោះ និងមិនត្រូវបង់សេវាអ្វីទាំងអស់។ បងប្អូនបន្តប្រើឯកសារ និងផ្លាកលេខយានយន្ត ដែលកំពង់មានស្រាប់ជាបន្តទៅទៀត» ។

ក្នុងនោះដែរ សម្តេចសម្តេច ហ៊ុន សែន ក៏អំពាវនាវឲ្យប្រជាជន ចូលរួមគោរពច្បាប់ចរាចរណ៍  និងបង់ថ្លៃពន្ធផ្លូវដែលបានកំណត់ប្រចាំឆ្នាំ ដោយសម្តេចបានសរសេរថា «កិច្ចការដែលនៅសេសសល់ គឺបងប្អូនត្រូវទៅបង់ពន្ធផ្លូវ ប្រចាំឆ្នាំតាមច្បាប់កំណត់ និងបើកបរត្រូវតែ ត្រូវគោរពច្បាប់ចរាចរណ៍។ សំរាប់យានយន្តដែល មិនទាន់បង់ពន្ធ និងមិនទាន់មានផ្លាកលេខ គឺត្រូវទៅបង់ពន្ឋនិង ត្រូវធ្វើផ្លាកលេខឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានសិទ្ឋិស្របច្បាប់ក្នុងការធ្វើចរាចរ។ ខ្ញុំសង្ឃឹមថាការបំភ្លឺ លើកនេះរបស់ខ្ញុំ គឺនឹងបានជាប្រយោជន៍ ដល់ការយល់ដឹងកាន់តែច្បាស់ចំពោះបងប្អូន ម្ចាស់យានយន្តទាំងអស់គ្នា ចាប់ពីថ្ងៃនេះតទៅ»៕

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម លើសំនួរ ប្រជាពលរដ្ឋ ជាលើកចុងក្រោយ លើការផ្ទេរឈ្មោះ យានយន្ត