សហជីព ស្នើឲ្យ ពលរដ្ឋផ្អាក ជិះរថយន្ដ ក្រុមហ៊ុនកាពីតូល រហូតមាន ដំណោះស្រាយ

ភ្នំពេញ៖ សហភាពការងារកម្ពុជា (CLC) ដែលមានភារកិច្ច ការពារកម្មករ និងបុគ្គលិកទូទៅ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នេះ បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ផ្អាកជិះរថយន្ដ ក្រុមហ៊ុនកាពីតូល ជាបណ្តោះអាសន្ន រហូតមានដំណោះស្រាយ ក្រោយពីបុគ្គលិក ផ្នែកបើករថយន្តជាង ១០០នាក់ បានធ្វើកូដកម្មអស់រយៈពេល ជាង១០ថ្ងៃកន្លងមក ដើម្បីឲ្យពួកខ្លួនចូលធ្វើការវិញ។

យោងតាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក CLC  បានឲ្យដឹងថា ការស្នើបញ្ឈប់ជិះរថយន្តនេះ ដើម្បីកុំឲ្យក្រុមហ៊ុនបន្តការកេងប្រវ័ញ រំលោភសិទ្ធិសេរីភាព បំភ្លៃការពិត ធ្វើបាបកម្មករខ្មែរ។

ប្រភពបានបញ្ជាក់ថា “យើងខ្ញុំសំណូមពរ អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋបន្ត ផ្អាកជិះរថយន្ដ ក្រុមហ៊ុនកាពីតូលទាំងអស់គ្នា រហូតមានដំណោះស្រាយ”។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ព្រឹកថ្ងៃទី១១ មករា បុគ្គលិកបានបន្តកូដកម្ម នៅមុខក្រុមហ៊ុនកាពីតូលដដែល ក្នុងគោលបំណងទាមទារ រកដំណោះស្រាយ។

សូមបញ្ជក់ថា ចលនាតវ៉ាអហិង្សា របស់អ្នកបើកឡានក្រុមហ៊ុនកាពីតូល ជាង១០០នាក់ បានផ្ទុះកាលពី ថ្ងៃទី៣០ ធ្នូ   ត្រង់ចំណុចផ្លូវបំបែកលេខ១៨២ ខាងត្បូងផ្សារអូរឫស្សី កែងផ្លូវ លេខ១១១ ផ្លូវលេខ១០៥ រួមទាំង ផ្លូវលេខ១១៣ ដើម្បីឲ្យក្រសួងការងារ ជួយអន្តរាគមន៍ទៅលើឈ្មោះ ផាន់ ស៊ីផុន នាយកក្រុមហ៊ុនដឹកជញ្ជូន អ្នក ដំណើរ កាពីតូល បញ្ឈប់ការធ្វើ ទុក្ខបុកម្នេញទៅលើបុគ្គលិក កម្មករ តំណាងសហជីព ដោយអនុញ្ញាតឲ្យពួកគេចូល ធ្វើការវិញ ព្រមទាំងគិតប្រាក់រំលឹកទាំងអស់ ហើយបញ្ឈប់ការ រំលោភច្បាប់ជាតិនិងអន្តរជាតិ៕

សហជីព ស្នើឲ្យ ពលរដ្ឋផ្អាក ជិះរថយន្ដ ក្រុមហ៊ុនកាពីតូល រហូតមាន ដំណោះស្រាយ

សហជីព ស្នើឲ្យ ពលរដ្ឋផ្អាក ជិះរថយន្ដ ក្រុមហ៊ុនកាពីតូល រហូតមាន ដំណោះស្រាយ

សហជីព ស្នើឲ្យ ពលរដ្ឋផ្អាក ជិះរថយន្ដ ក្រុមហ៊ុនកាពីតូល រហូតមាន ដំណោះស្រាយ