CNRPដាក់យុទ្ធ សាស្ត្រពង្រឹង កិច្ចការមូលដ្ឋាន ប្រកួតប្រជែង សន្លឹកឆ្នោតជាមួយCPP

ភ្នំពេញ៖ គណបក្សសង្គោះជាតិ ដែលជាគណបក្ស ប្រឆំាងដ៏ធំនៅកម្ពុជា បានដាក់ចេញ យុទ្ធសាស្ត្ររបស់ខ្លួន ៧ចំណុច ដើម្បីដណ្តើមសន្លឹកឆ្នោតពីគូប្រកួត គឺគណបក្សប្រជាជនកម្ពុជា ដែលជាបក្ស កាន់អំណាចអស់រយៈ ពេលជិត៤០ឆ្នាំ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ -សង្កាត់  និងការបោះឆ្នោតជ្រើសរើស អ្នកតំណាងរាស្ត្រ។

លោក កឹម សុខា  ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ក្នុងវេទិកាជួបជាមួយអ្នកគាំទ្រ នៅខេត្តព្រៃវែង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ថា យុទ្ធសាស្រ្ដរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ថ្នាក់មូលដ្ឋាន គឺ ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីសិទ្ធិមនុស្ស និងការផ្លាស់ប្ដូរ។

លោកបន្តថា ដើម្បីសម្រេចកិច្ចការនេះ ថ្នាក់ដឹកនាំមូលដ្ឋានត្រូវបំពេញសកម្មភាពទាំង៧ចំណុចនេះ៖ ១.រៀបចំគោលនយោបាយ , ២.រៀបចំនិងពង្រឹងរចនាសម្ព័ន្ធ , ៣.រៀបចំនិងពង្រឹង ធនធានមនុស្ស សម្រាប់ឈរឈ្មោះ និងអ្នកសង្កេតការណ៍ , ៤.សកម្មភាពសកម្ម , ៥.ទំនាក់ទំនងជាប្រចាំ , ៦.រៀបចំការ ផ្សព្វផ្សាយឲ្យបានល្អមានគ្រប់បណ្ដាញ និង៧.ប្រជុំវាយតម្លៃសកម្មភាពរបស់ខ្លួនឲ្យទៀងទាត់។

លោកបញ្ជាក់ថា «ខ្ញុំ សុំឲ្យសកម្មជនថ្នាក់ដឹកនាំមូលដ្ឋាន ផ្ដោតទៅលើផែនការសកម្មភាពដែលខ្ញុំដាក់ជូននេះ ហើយ ចៀសវាងកុំចំណាយពេល ទៅឆ្លើយឆ្លង ឬ ឈ្លោះជាមួយនរណា»។

ជាមួយគ្នានោះដែរលោក កឹម សុខា បានស្នើឲ្យសកម្មជនរបស់ខ្លួនរៀបចំគោលរនយោបាយតាមឃុំ-សង្កាត់ឲ្យបានគ្រប់ជ្រុងជ្រោយ ។ លោកគូសបញ្ជាក់ថា « សរសេរឲ្យចេញ មក  តើចង់ឲ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាអ្វីអាទិភាព បញ្ហាមានអ្វីខ្លះ ?  យើង ត្រូវរៀបចំគោល នយោបាយច្បាស់លាស់ ។ ផ្ទុយទៅវិញនៅពេលយើងឈ្នះឆ្នោតយើងដឹកនាំភូមិឃុំវិញ ធ្វើយ៉ាងណាខុសពីគេ អាស្អីដែលគេកំពុងធ្វើហើយ ធ្វើមិនកើត  ធ្វើខុសហើយមិនចង់ធ្វើ ហើយ ប៉ះពាល់ប្រជាធិបតេយ្យ  ពេលយើងឈ្នះហើយយើងធ្វើយ៉ាងណា?  រៀបចំរចនា សម្ព័ន្ធឲ្យរឹងមាំ  និងរៀបចំធនធានអ្នកដឹកនំា »។

ទាក់ទងការដណ្តើមសន្លឹកឆ្នោតដែលនឹងឈានមកដល់ក្នុងឆ្នាំ២០១៧(ក្រុមប្រឹក្សាឃុំ-សង្កាត់) និងឆ្នាំ២០១៨ (ថ្នាក់ជាតិ) ខាងមុខ គណបក្សប្រជាជនកម្ពុជាវិញ បានធ្វើសន្និបាតរបស់ខ្លួនពីរថ្ងៃ ។ សន្និបាតរបស់បក្សកាន់ អំណាចបានដាក់ទិសដៅសំខាន់ច្រើនដើម្បីរក្សា  សន្លឹកឆ្នោត ក៏ដូចជាបន្ថែមការគំាទ្រ។

យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានណែនំាដល់គណបក្សគ្រប់ថ្នាក់ និងមន្ត្រីគណបក្សគ្រប់រូបត្រូវលើកម្ពស់ ស្មារតីទទួលខុសត្រូវ បន្តចូលរួមនូវកំណែទម្រង់ ដ៏ទូលំទូលាយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ  ប្រកបដោយ ប្រសិទ្ធភាព  មានលក្ខណៈពេលលេញ  ស្មោះត្រង់និងការតំាងចិត្តខ្ពស់តាមអភិក្រម  ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែលនិងព្យាបាល ដែលជាការងារដ៏សំខាន់ បំផុតសម្រាប់ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា ។

ជាងនេះ សន្និបាត បានធ្វើការកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ចំពោះសភាពការណ៍ពិភពលោក  ដែលកំពុងវិវត្តន៍ដ៏ស្មុគស្មាញទំាងសេដ្ឋកិច្ច  យោធា  នយោបាយ  និងការទូត ព្រមទំាងមានបញ្ហាប្រឈម រួមធំៗជាច្រើន សម្រាប់គ្រប់ប្រជាជាតិ។

គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ខ្ចាប់នយោបាយអព្យាក្រឹត្យ  មិនចួលបក្សសម្ព័ន្ធ  និងសន្តិសហវិជ្ជមាន  ជំរុញការដោះស្រាយរាល់ជម្លោះតាមរយៈដំណោះស្រាយនយោបាយ និងកិច្ចចរចាដោយសន្តិវិធីស្របតាមច្បាប់ អន្តរជាតិនិង គោលកាណ៍អធិបតេយ្យ ៕