ចាន់ វឌ្ឍនាកា នឹង​ក្លាយ​ជា​ទូតសុច្ឆន្ទៈ ខណៈ វី ស្រីខួច បង្កើត​កំណត់​ត្រា​ថ្មី​នៅ​​ថៃ

ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ប្រជា​ប្រិយ ចាន់ វឌ្ឍនាកា នឹង​ក្លាយ​ជា​ទូតសុច្ឆន្ទៈ (Brand Ambassador) ​ឲ្យ​ក្រុម​ហ៊ុន​ទូរសព្ទ​ Seatel ចាប់​ពី​ថ្ងៃ​នេះ​ទៅ ខណៈ​អ្នក​ប្រដាល់​នារី វី ស្រីខួច បាន​ផ្តួល​អ្នក​ប្រយុទ្ធ​របស់​បារាំង ដើម្បី​បង្កើត​កំណត់​ត្រាថ្មី ក្នុង​ការ​វាយ​ដាក់ទ្រុង​នៅ​លើ​ទឹក​ដី​ថៃ។

vattankaបើ​តាម​ប្រភព​ច្បាស់​ការ បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​បឹង​កេតអង្គរ ចាន់ វឌ្ឍនាកា ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេងកាន់​តែ​ខ្លាំង បន្ទាប់​ពី​បាន​ជួយ​ឲ្យ​ក្លិប​បឹង​កេត ឈ្នះ​ជើង​ឯក​រង ស្រប​ពេល​រូប​គេ បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម ក្នុង​ការ​ប្រកួតពាន​រង្វាន់ Toyota Mekong Club Championship 2015នោះ នឹង​ត្រូវ​​​ចុះ​កុង​ត្រា​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​ ​ឲ្យ​ក្រុម​ហ៊ុន​ទូរសព្ទ​ Seatel នៅ​ការិយាល័យ​​របស់​ក្រុម​ហ៊ុន​ផ្ទាល់ ​ជិត​ភ្លើង​ស្តុប​បូកគោ។
មិន​ទាន់​មាន​ការ​​ព័ត៌​មាន​លម្អិត ទាក់​ទង​ទៅ​នឹង​ផល​ប្រយោជន៍ ឬ​ប្រាក់ ដែល​ម្ចាស់​ស្បែក​​ជើង​មាន​​ក្របខ័ណ្ឌ​មិត្ត​ហ្វូនខេមបូឌាន​លីក ឆ្នាំ​២០១៥ ចាន់ វឌ្ឍនាកា ទទួល​បាន​ពី​ការ​ចុះ​កុង​ត្រា​ធ្វើ​ជា​ទូតសុច្ឆន្ទៈ​នេះនៅ​ឡើយ​ទេ។ ប៉ុន្តែ​បាន​តាម​ព័ត៌​មាន​ក្រៅ​ផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា វឌ្ឍនាកា អាចនឹង​ទទួល​បាន​ផល​ប្រយោជ​ន៍​ច្រើន​ជាង​កីឡាករ​កម្ពុជា​ផ្សេង​ទៀត ពិសេស​កីឡាករ ប្រាក់ មុន្នីឧត្តម គួច សុកុម្ភៈ និង ឃួន ឡាបូរ៉ាវី ដែល​បាន​ចុះ​កុត្រា​ធ្វើ​ជា​ទូតសុច្ឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន​ចំនួន​២ នា​ពេល​កន្លង​មក។

srey-koch
ដោយ​ឡែក កីឡា​ការិនី​ប្រដាល់​​សាកល​ជម្រើស​ជាតិ​កម្ពុជា វី ស្រីខួច ដែល​មាន​ទាំង​ជំនាញ​​ប្រដាល់​សេរី​នោះ បាន​​ផ្ដួល​កីឡា​ការិនី​រូប​ស្រស់​របស់​ប្រទេស​បារាំង Aiyada Verpoest ឲ្យ​ចុះ​ចាញ់​នៅ​ត្រឹម​ទឹក​ទី​២ ក្នុង​​ការ​ប្រកួត​​​ប្រដាល់​គុន​ចម្រុះ​​លើ​សង្វៀន​ដាក់​ទ្រុង Full Metal Dojo នៅ​ខេត្ត​ភូកេត ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ ហើយ​នេះ​ជា​កំណត់​ត្រាដ៏​ល្អ​បំផុត ដែល ស្រីខួច ធ្វើ​បាន​សម្រេច ក្នុង​នាម​ជា​អ្នក​ប្រយុទ្ធរបស់​កម្ពុជា៕