ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវបាន​​​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ឃាត់ខ្លួន​ ខណៈ​​កំពុង​​ជិះ​ម៉ូតូមួយ​គ្រឿង​តាម​ផ្លូវ​ប្រដាប់​ដោយ​​ដាវ​សា​មូរ៉ៃ​ ​ពណ៌​ស ដង​ពណ៌​ខ្មៅ ​​​​ប្រវែង​ជាង​៣​តឹក​មួយ​ដើម​ ​កាលពី​វេលាម៉ោង​១​​រំលង​អធ្រាត្រ​​ឈាន​​ចូលថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៦​ ស្ថិតនៅ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

​​មន្ត្រី​នគរបាល​បាន​​ឱ្យ​ដឹង​ថា ​​ជន​សង្ស័យ​ទាំង​២​នាក់​​ខាង​លើ​ ​​​ម្នាក់​​ឈ្មោះ ចាន់ រតនា អាយុ​២១ឆ្នាំ ​​និង​ម្នាក់​ទៀត​​ឈ្មោះ​សុខ ​ចិ​ត្ត្រា អាយុ​១៨​ឆ្នាំ ​ទាំង​២នាក់​មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ​ជិះ​​ម៉ូតូ​​​ម៉ាក​ឡែ​ត ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AD-3410 មួយ​គ្រឿង ។ ​​លោក​បាន​បន្ត​​​ថា មុន​ពេល​​​ឈានដល់​ការ​ឃាត់ខ្លួន​​ ​ខណៈ​នគរបាល​ប៉ុស្តិ៍​ល្បាត​​ឃើញ​ពួក​គេជិះ​ម៉ូតូ​​ឌុ​ប​គ្នា​៣​នាក់ ដោយ​មានការ​សង្ស័យក៏​​ជិះ​ម៉ូតូ​ដេញ​តាម និងហៅ​ឱ្យ​ឈប់​ដើម្បី​សួរនាំ ​ប៉ុន្តែមិន​ព្រម​ឈប់​ម៉ូតូ​​​និង​​ព្យាយាម​ជិះ​គេច​​ខ្លួន ហើយ​កម្លាំង​នគរបាល​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​​ដល់​​ក្រោយស្ថាន​ទូតចិន​ឃើញ​មាន​​​​ដាវ​សាមូរ៉ៃស្ពាយ​​ជាប់​នឹង​ខ្លួន​ផងនោះ ទើប​ឈាន​ទៅ​​​ឃាត់ខ្លួន​បាន​២នាក់​ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​​ស្រមោល​ ។

​ជន​សង្ស័យ​ទាំង២​នាក់ រួម​នឹង​​វត្ថុ​តាង​​ ត្រូវ​បាន​​នគរបាល​​នាំ​ខ្លួន​មក​ប៉ុស្តិ៍​​នគរ​បាល​រដ្ឋបាល​ទំនប់​ទឹក ដើម្បី​ធ្វើ​កំណត់ហេតុ ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌចំការមន​ជា​បន្ត​​ដើម្បី​ចាត់​ការ​​តាម​ផ្លូវច្បាប់ ​៕​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព