ឈ្មួញ​កាប់​ឈើ​ក្នុង​ខេត្តស្ទឹងត្រែង ត្រូវមាន​ទំនាក់ទំនង​ជាមួយ​លោក ឈាង តុលា

​រឿងអាស្រូវ​របស់លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង កំពុង​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តស្ទឹងត្រែង ពុំមាន​សមត្ថកិច្ច​ណាប​ង្ក្រា​ប​ឡើយ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង បាន​រិះគន់ថា ក្នុងនាម​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ លោក ឈាង តុលា មិនបាន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហើយ​បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​។ ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្តស្ទឹងត្រែង កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​លោក ឈាង តុលា ជា​អ្នកទទួល​ផលប្រយោជន៍​ច្រើនជាងគេ​។

​សកម្មជន​ការពារ​ព្រៃឈើ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដូចជា ឧកញ៉ា លឹម បុ​ណ្ណា ហៅ​ខ្នា​ជាដើម សុទ្ធ​តែមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ឈាង តុលា ទើប​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ដោយ​គ្មាន​ឧបសគ្គ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​ជាប់​ព្រំប្រទល់​ឡាវ ត្រូវ​ឈ្មួញ​កាប់រំលំ​អារច្រៀក​និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​ឡាវ យ៉ាង​គគ្រឹកគគ្រេង​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ផ្ទុយទៅវិញ​នៅពេល​ប្រជាពលរដ្ឋ​ដឹកឈើ​បន្តិចបន្តួច​យកទៅ​ជួសជុលផ្ទះ​ឬ​ដឹកអុស​ជាដើម បែរជា​ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។

តាម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​ក្នុង​ខេត្តស្ទឹងត្រែង បាន​បង្ហើប​ឲ្យ​ដឹងថា ទំនងជា​លោក ឈាង តុលា ចំណាយលុយ​យ៉ាងច្រើន​សម្រាប់​តំណែង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ទើប​កំពុង​ខំ​ស្រង់ដើម​តាម​គ្រប់​វិធី​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក អ៊ុក រ៉ាប៊ុន ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ត្រូវ​ពិនិត្យមើល​សកម្មភាពរ​ប​ស់លោក ឈាង តុលា ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​ខេត្តស្ទឹងត្រែង ស្ទើ​តែ​វិនាស​សាបសូន្យ​អស់​ទៅហើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង​យ៉ាង​រលូន ដោយសារតែ​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​៕

10553584_1650711041862115_7480186319275381534_nលោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង 12512599_1650711018528784_9079874803655471606_n 12508891_1650711008528785_7817398582285396359_n 1935458_1650710995195453_5352358061939816832_n