មនុស្ស​ជាង​២០​នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក ក្នុងនោះ​យប់​៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ (​ស្រី​១​នាក់​) រងរបួស​ធ្ងន់​១៣​នាក់ (​ស្រី​៤​នាក់​) និង​រងរបួស​ស្រាល​៥​នាក់ (​ស្រី​២​នាក់​)​។​នេះ​បើ​យោង​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត យានយន្ត​សរុប​ចំនួន​១៧​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង និង​យាន​ផ្សេងៗ​១​គ្រឿង ។​ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​២​លើក​, ស្រវឹង​២​លើក​, មិន​គោរព​សិទ្ធិ​២​លើក​, ប្រជែង​គ្រោះថ្នាក់ ២​លើក និង​បត់​គ្រោះថ្នាក់​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៩​នាក់ (​យប់​៩​នាក់​)​។​

​ជាមួយគ្នានេះដែរ​នគរ​បាល​ចរាចរណ៍​បាន​រកឃើញ​យានយន្ត​ដែល​ល្មើស សរុប​ទូទាំងប្រទេស​មាន​ចំនួន​៤៧៤៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១៩៨២​គ្រឿង ពិន័យ​សរុប​២៧៦៣​គ្រឿង និង​បាន​ឃាត់​យាន​ទុក​មាន​ចំនួន​៤២​គ្រឿង​៕

មនុស្ស​ជាង​២០​នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​