កម្ពុជា-អូស្រ្តាលី នឹងពិភាក្សា លើបទល្មើស ឧក្រិដ្ឋប្រឆាំងកុមារ

ភ្នំពេញ៖ អាជ្ញាធរយុត្តិធម៌កម្ពុជា និងអាជ្ញាធរយុត្តិធម៌អូស្រ្តាលី នឹងជួបពិភាក្សាពីបទល្មើស ប្រឆាំងនឹងកុមារ នៅកម្ពុជា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ស្អែកនេះ ក្រោមកិច្ចសហការរវាងអង្គភាពការពារកុមារ (CPU) អង្គការមូលនិធិកុមារកម្ពុជា (CCF) និងនគរបាលជាតិកម្ពុជា(CNP)  ។

នេះគឺជារៀបចំឲ្យមានវេទិការលើកទីមួយ នៅកម្ពុជា ដើម្បីដោះស្រាយឲ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទិ្ធ ភាព ចំពោះបទល្មើសប្រឆាំងនឹងកុមារ។

បើតាមសេចក្តីប្រកាសរួម លោកចៅក្រម ផាស់ស្កូ តំណាងឲ្យអូស្រ្តាលី បានថ្លែងថា “គ្រប់ប្រព័ន្ធច្បាប់ទាំងអស់ តែងតែ ជួបប្រទះនូវការប្រឈមពីរបៀបនៃការដោះស្រាយឲ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទិ្ធភាព ចំពោះបទល្មើសប្រឆាំងនឹងកុមារ។ តែទោះជាយ៉ាងណាក៏ដោយ ដោយមានការប្តេជ្ញាចិត្ត ការផ្តោតការយក ចិត្តទុកដាក់ និងការខំប្រឹងប្រែង យើងទាំងអស់គ្នា អាចបង្កើតឲ្យមានភាពខុសប្លែក ប្រកបដោយលក្ខណៈវិជ្ជមាន មួយ។ លើសពីនេះទៅទៀត យើងទាំងអស់គ្នា អាចរៀនសូត្រពីគ្នាទៅវិញទៅមកបាន”។

ចំណែកលោក ជេម ម៉ាក់ខេប នាយប្រតិបត្តិអង្គភាពការពារកុមារ បានលើកឡើងថា “វេទិការនេះ នឹងផ្តល់ ឱកាស សម្រាប់អង្គភាពអនុវត្តច្បាប់ក្នុងស្រុកឲ្យទទួល បាននូវចំណេះដឹងដ៏មានតម្លៃមួយពីសមភាគី អន្តរជាតិទាំងអស់។ “តាមរយៈការកសាងទំនាក់ទំនងការងារដ៏រឹងមាំមួយ និងការយោគយល់គ្នាទៅវិញទៅមក យើងអាចធ្វើការជាមួយគ្នា ហើយអាចជួយដល់អ្នកទាំងឡាយណាដែលមិនអាចជួយខ្លួនឯងបាន។”  

អង្គភាពការពារកុមារ បានធ្វើការស៊ើបអង្កេតលើបទល្មើសចំនួន៥៧៥ករណី ពីបទបំពានលើកុមារ បទរំលោភ សេពសន្ធវៈ និងអំពើមនុស្សឃាត ដែលនាំដល់ការចាប់ខ្លួនបានចំនួន៤៦០នាក់។ ក្នុងឆ្នាំ២០១៥  អង្គភាពការពារ កុមារ បានធ្វើការស៊ើបអង្កេតលើបទល្មើសចំនួន២៩៣ករណី ដែលក្នុងនោះមាន ៣០ករណី គឺជាករណីអំពើមនុស្សឃាតលើកុមារដែលមានអាយុក្រោម ១៥ឆ្នាំ៕