ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តកំពង់ឆ្នាំង ៖ កុមារ​៤​នាក់​បងប្អូន​បង្កើត​បាន​ក្លាយជា​ក្មេង​កំព្រា ព្រោះតែ​ឪពុក​បោះបង់​ចោល​ទៅ​មាន​ប្រ​ព​ន្ឋចុង ចំណែក​ម្តាយ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃបាត់​ដំណឹង​ឈឹង សព្វថ្ងៃ​រស់នៅ​ជាមួយ​ជីដូន​អាយុ​៧៥ឆ្នាំ មិន​អាច​រកស៊ី​ចិ​ញ្ចឹម​ចៅ​បានក្រៅពី​ចៅប្រុស​ច្បង​អាយុ​១៤​ឆ្នាំ និង​១២​ឆ្នាំ ​ឆ្លៀត​ពី​ការ​រៀនសូត្រស៊ីឈ្នូ​ល​ច្រូត​ស្រូវ​ និង​លី​សែង​ឈើ​ឱ្យ​គេ ​។ រស់​ក្នុង​ក្តី​វេទនា​ប៉ុណ្ណឹង​ហើយ ​មាន​បងប្រុស​ជីដូនមួយម្នាក់​​អាយុ​៣៤​ឆ្នាំ លួច​ចាប់រំលោភប្អូនស្រី​ទី​៣ អាយុ​១១​ឆ្នាំ ​ជា​ច្រើន​ដង ​រួច​រត់​​គេចខ្លួន​បាត់ ក្នុង​អំ​ឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លង​មក​ថែម​ទៀត ។

​នៅ​លើ​កាំជណ្តើរមុខ​ផ្ទះ​តូច​មួយអម​ដោយ​ចៅ​ទាំង​៤​នាក់ លោកយាយ តៃ អាយុ​៧៥​ឆ្នាំ រស់នៅ​ស្រុក​ទឹកផុស បាន​ឱ្យ​ដឹង​ថា ចៅ​គាត់​ទាំង​៤​នាក់ ចៅ​បង​បង្អស់​ ​អាយុ១៤​ឆ្នាំ និង​ចៅស្រី​ពៅ​មាន​អាយុ​៩​ឆ្នាំ ។ ម្តាយ​ពួក​គេ​​ទាំង​៤​នាក់​ បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃយូ​រឆ្នាំហើយ ទៅ​មុន​ដំបូង​ធ្លាប់​បាន​ផ្ញើ​ប្រាក់​មក​ជួយ​ច​ញ្ចឹ​ម​កូន​ខ្លះៗ​ដែរ តែ​ក្រោយ​មក ស្រាប់​តែ​​បាត់​ដំណឹង​ឈឹង​តែ​ម្តង ។ ​ចំណែកឪពុក​ពួក​គេ​វិញ ​ចុះ​ចោល​កូន​​ទៅ​មាន​ប្រ​ព​ន្ឋ​ថ្មី​បាត់​ទៅ ​។ ពួក​​គេ​ទាំង​៤​នាក់ ត្រូវ​ធ្លាក់​បន្ទុកមក​លើ​គាត់ តែ​គាត់​មិន​អាច​ទៅ​រកស៊ី​​ចិញ្ចឹម​ចៅ​បាន​ឡើយ ។ សព្វថ្ងៃ​បាន​ចៅប្រុស​ច្បង​​អាយុ​១៤​ឆ្នាំ និង​ចៅប្រុស​បន្ទាប់​អាយុ​១២​ឆ្នាំ ​ទៅ​ស៊ីឈ្នួល​ដឹក​កណ្តាប់ ច្រូតស្រូវ និង​លី​សែង​ឈើ​ឱ្យ​​គេ​​បាន​ប្រាក់​បន្តិចបន្តួច យក​មកឱ្យ​​គាត់ទិញ​អង្ករ និង​ម្ហូប ។

​លោកយាយបាន​បន្ត​ថា ក្រុម​គ្រួសារ​គាត់​ជួប​​ទុក្ខ​វេទនា​ប៉ុណ្ណឹង​ហើយ​ មាន​អា ឈិ​ន ខុ​ម អាយុ​៣៤​ឆ្នាំ ជា​បងប្អូន​ជីដូន​មួយពួក​​គេ​ទាំង​៤នាក់​ នៅ​ភូមិ​ជាមួយ​គ្នា បាន​ចាប់​​ចៅ​ស្រី​ទី​៣​ អាយុ​១១​ឆ្នាំ​ រំលោភ​ជា​ច្រើន​ដង​ទម្រាំ​​តែ​ដឹង​ ឥឡូវ​វា​រត់ចោលស្រុក​បាត់​​ហើយ​ ។

លោកយាយ​និង​ចៅ​ៗ​ទាំង​៤​នាក់​ បាន​លើកដៃ​​សំពះ​សុំសប្បុរសជនជិត​ឆ្ងាយ ​​មេត្តា​ជួយ​ដល់​​ជីវិត​ពួក​គាត់​ផង​ព្រោះ​​កំពុង​​ជួប​កង្វះខាត​ខ្លាំង​ណាស់ ។ ចំណែក​កុមារ​ទាំង​៤​នាក់ ក៏​បាន​អំពាវនាវសប្បុរសជន ​សូម​មេត្តា​ជួយ​ឧ​ប​ត្ថ​ម្ភកង់​១​គ្រឿង សម្រាប់​ជិះទៅ​រៀន​ផង ព្រោះ​សព្វថ្ងៃ​ពេល​ទៅ​រៀនជិះកង់មួយ​៤​នាក់ ។

​ពាក់​ព័​ន្ឋ​នឹង​បទល្មើស​ខាងលើ លោក ខែ​ម វិបុល អធិការ​នគរបាលស្រុក​ទឹកផុស ​បានឱ្យ​​ដឹងថា សំណុំរឿង​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ការ​ចាប់រំលោភ​នេះ ​បាន​​មក​ដល់​ដៃ នគរបាល​ខេត្ត និង​ដល់​​សាលា​ដំបូង​ខេត្ត​ហើយ​ដែរ តែ​ជនល្មើស​បាន​គេចខ្លួន​បាត់ សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួនជនល្មើស​​មក​ផ្តន្ទាទោស​តាម​ច្បាប់​​ ។​

​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ កោះសន្តិភាព​​​ក៏​សូម​អំពាវ​ដល់​សប្បុរសជន​​នានាទាំង​ជិត​ឆ្ងាយ ​មេត្តា​​ជួយ​គ្រួសារ​ក្រីក្រ​ខាងលើ​នេះ​​​​ផង​ដែរ​  ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព