រថយន្ត Lexus RX 350 បើក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​

ភ្នំពេញ: មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ រថយន្ត Lexus RX 350​មួយគ្រឿង​ម្ចាស់ស្រវឹង បាន​បើក​ទៅបុក​ក្បាល​ថ្ម ដាក់​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់ នៅ​ម៉ោ​៥​និង​២០នាទី​ព្រឹក​ព្រលឹម ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ ស្ថិតក្នុងសង្កាត់​មនោ​រម្យ​ខណ្ឌ​៧​មករា​។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​បានឃើញ​រថយន្ត Lexus  RX 350 ពណ៌​សស្លាក​លេខ​ភ្នំពេញ 2AW-6667 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទស​​ដៅ​ពី​ជើង​ទៅ​ត្បូង លើផ្លូវ​២១៥ លុះ​បើក​មកដល់​ចំណុចកើតហេតុ ដោយសារ​អ្នកបើកបរ​ស្រវឹង មើលផ្លូវមិនសូវ​ច្បាស់​បាន​បើក​រេ​ចង្កូត ទៅបុក​ចំក្បាល​ថ្ម ដាក់​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យបាក់​អស់​២​កង់ និង​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​។​

​ចំណែកឯ​អ្នកបើកបរ​វិញ មិន​បណ្តាល​ឲ្យ​មាន​រងរបួស​នោះទេ បន្ទាប់ពី​ពុំមាន​រងរបួសអ្នកបើកបរ​រូបនោះ បាន​ទុក​រថយន្ត​ចោល នៅ​កន្លែងកើតហេតុ​រួច​ឡើង​ជិះម៉ូតូឌុប ចេញទៅ​បាត់ស្រមោល​។​

​ដោយឡែក​រថយន្ត​ដែល​បន្សល់ទុក នៅ​កន្លែងកើតហេតុ ត្រូវបាន​កម្លាំង​ជំនាញ​ចុះមកវាស់វែង និង​ស្ទួ​ច​យកទៅ​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ក្រុងភ្នំពេញ ដើម្បីស្រាវជ្រាវ​រក​ម្ចាស់ ដែល​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

រថយន្ត Lexus RX 350 បើក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​