អំពើចោរកម្ម​រាលដាល​កាន់តែខ្លាំង​នៅក្នុង​ក្រុង​ប៉ោយប៉ែត សមត្ថកិច្ច​គ្មាន​សមត្ថភាព​បង្ក្រាប​

បទល្មើស​ផ្សេងៗ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ដូចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ ល្បែងស៊ីសង និង​គ្រឿងញៀន ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា កើតឡើង​កាន់តែច្រើន ហើយ​លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត និង​លោក ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ពុំមាន​សមត្ថភាព​ក្នុងការ​បង្ក្រាប​នោះទេ​។ ចំណែក​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះឡើយ​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ប្លុក​ផ្សារ​ត្រី​និង​ផ្សារ​អគ្គ​ថ្មី បាន​ឲ្យ​ដឹងថា អំពើចោរកម្ម​លួច​ទ្រព្យសម្បត្តិ​កើតឡើង​ស្ទើរ​រាល់​យប់ ធ្វើ​ឲ្យ​ពួកគាត់​ភ័យខ្លាច​យ៉ាងខ្លាំង​។

​ប្រជាពលរដ្ឋ​រស់នៅ​ប្លុក​ផ្សារ​ត្រី​និង​ផ្សារ​អគ្គ បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​០៧ ខែមករា កន្លងមក​ថ្មីៗ​នេះ មាន​ពលរដ្ឋ​ម្នាក់​បានឃើញ​ចោរ​មួយក្រុម​លួច​ម៉ាស៊ីនបោកខោអាវ​របស់​អ្នកជិតខាង ហើយក៏រ​ត់ទៅ​ឃាត់​ក្រុមចោរ​ទាំងនោះ ប៉ុន្តែ​ត្រូវ​ក្រុមចោរ​កាប់​ជាច្រើន​កាំបិត​រងរបួស​ដេរ​៦០​ថ្នេរ​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​បានដាក់​ពាក្យ​ប្ដឹងទៅ​សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​ឲ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​មកដល់​ថ្ងៃនេះ សមត្ថកិច្ច​មិនអាច​វែកមុខ​ក្រុមចោរ​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​បាន​នៅឡើយ​ទេ​។ ប្រការនេះ​ធ្វើ​ឲ្យ​ក្រុមចោរ​នៅតែ​បន្តសកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ប្លុក​ផ្សារ​ត្រី​និង​ប្លុក​ផ្សារ​អគ្គ​ថ្មី​យ៉ាង​ពេញបន្ទុក ដោយសារតែ​សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​គ្មាន​សមត្ថភាព​បង្ក្រាប​ក្រុមចោរ​។

កន្លងមក​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ធ្លាប់បាន​បើក​កិច្ចប្រជុំ​ជា​ញឹកញាប់​ដើម្បី​ដាក់បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ពង្រឹង​សន្តិសុខ​សង្គម​។ ប៉ុន្តែ​ជាក់ស្តែង​លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក អាត់ ខែម ទេ​ហើយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា បញ្ជល់មាន់ បៀ​អាប៉ោង កន្ទុយលេខ និង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ ព្រមទាំង​អំពើចោរកម្ម លួច​ឆក់​ប្លន់ នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល​។ ហេតុនេះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គួរ​ពិនិត្យឡើងវិញ​ចំពោះ​ភាព​អសកម្ម​របស់​នគរបាល​ក្រុង​ប៉ោយប៉ែត ព្រោះ​សព្វថ្ងៃនេះ​អំពើចោរកម្ម​រាលដាល​កាន់តែខ្លាំង ហើយ​សមត្ថកិច្ច​គ្មាន​សមត្ថភាព​បង្ក្រាប​ឡើយ​៕

106លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ a-n-pet-500x281 a-nak3-500x333