ទុក្ខជាន់លើកទុក្ខ ជីដូនវ័យ៧៥ឆ្នាំ ម្នាក់ប្រឹងថែចៅៗ ៤នាក់ ដែលម្តាយឳពុកទុកចោល ហើយចៅស្រីអាយុ១១ឆ្នាំ ម្នាក់ ត្រូវចៅប្រុសចិត្តតិរិច្ឆានម្នាក់ទៀត ចាប់រំលោភ

កំពង់ឆ្នាំ៖ លោកយាយវ័យ ៧៥ឆ្នាំ ម្នាក់ កំពុងសុំកិច្ចអន្តរាគមន៍ និងធ្វើការអំពាវនាវ ដល់សប្បុរសជន ដែលមានចិត្តមេត្តា ជួយសម្រួលដល់ការលំបាក របស់គាត់ ខណៈដែលបច្ចុប្បន្ននេះ មានវ័យជរាណាស់ទៅហើយ ខ្វះលទ្ធភាពក្នុងការមើលថែទំាចៅប្រុសស្រី ចំនួន៤នាក់ ដែលត្រូវឳពុកបោះបង់ចោល ហើយម្តាយរត់ទៅធ្វើការនៅប្រទេសថៃបាត់ដំណឹងឈឹង ហើយមួយវិញទៀត ចៅស្រីដែលទើបតែមានអាយុ១១ឆ្នាំ ក្នុងបន្ទុកដូនចាស់ម្នាក់នេះ ត្រូវបានចៅប្រុស ផ្សេងម្នាក់ទៀត មកចាប់រំលោភជាច្រើនដង រួចរត់គេចខ្លួនបាត់ ដែលធ្វើឲ្យដូនចាស់ម្នាក់នេះ កាន់តែឈើចាប់ ដែលនេះជាទុក្ខជាន់លើទុក្ខ។

ដូនចាស់ដែលកំពុងអំពាវនាវស្វែងរកកិច្ចអន្តរាគមន៍ រូបនេះ ឈ្មោះ យាយ តៃ អាយុ៧៥ឆ្នាំ រស់នៅភូមិដំណាក់អំពិល ឃុំក្រំាងស្តារ ស្រុកទឹកផុស កំពុងតែប្រឹងរស់ទំាងវេទ្ទនា ដើម្បីបីបាច់ថែរក្សាចៅប្រុសស្រីរបស់គាត់ប៤នាក់ ដែលត្រូវឪពុកបោះបង់ចោល ទៅមានប្រពន្ឋចុង ចំណែកម្តាយបានទៅធ្វើការនៅប្រទេសថៃ បាត់ដំណឹងសូន្យ។ ហើយសព្វថ្ងៃនេះ ចៅប្រុសច្បងរបស់ដូនចាស់ដែលមានអាយុ១៤ឆ្នាំ និង១២ឆ្នាំ បានធ្វើការស៊ីឈ្នូលច្រូតកាត់ និងលីសែងឈើឲ្យគេ ដើម្បីដោះស្រាយជីវភាពរស់នៅយ៉ាងលំបាក ទុក្ខលំបាកវេទ្ទនាយ៉ាងនេះហើយ នៅមានបងប្រុសជីដូនមួយ អាយុ៣៤ឆ្នាំ ម្នាក់ មានចិត្តតិរឆ្ឆានមកចាប់រំលោភប្អូនស្រីទី៣ អាយុ១១ឆ្នាំ បានសម្រេចជាច្រើនដងហើយគេចខ្លួនបាត់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥។

លោក យាយ តៃ អាយុ៧៥ឆ្នាំ បានឲ្យដឹងថា គាត់កំពុងបីបាច់ចៅ៤នាក់ ចៅបងបង្អស់មាន អាយុ ១៤ឆ្នាំ ចៅប្រុសទី២ មានអាយុ១២ឆ្នាំ ចៅស្រីទី៣ មានអាយុ១១ឆ្នាំ និងចៅស្រីពៅមានអាយុ៩ឆ្នាំ។ ម្តាយពួកគេទាំង ៤នាក់ បានទៅធ្វើកម្មករនៅប្រទេសថៃ យូរឆ្នាំហើយ មុនដំបូងធ្លាប់បាន ផ្ញើប្រាក់មកជួយចិញ្ចឹមកូនខ្លះដែរ តែក្រោយមកបាត់ដំណឹងឈឹង។ ចំណែកឪពុកពួកគេវិញចុះចោលកូន បែកទៅមានប្រពន្ឋថ្មីបាត់ទៅ បន្សល់នៅពួកគេទាំង៤នាក់ ត្រូវធ្លាក់បន្ទុក មកលើគាត់ ដែលមានសុខភាពទ្រុតទ្រោម ចាស់ជរាមិនអាចរកស៊ីចិញ្ចឹមចៅៗបានឡើយ។

លោកយាយ តៃ បន្តទៀតថា សព្វថ្ងៃបានចៅប្រុសច្បងឈ្មោះ សាយ សុភ័ត្រា អាយុ១៤ឆ្នាំ និងចៅប្រុសបន្ទាប់ ឈ្មោះ សាយ ស៊ីម អាយុ១២ឆ្នាំ ឈ្លាតពីរៀនសូត្រ បានទៅស៊ីឈ្នួលដឹកកណ្តាប់ ច្រូតស្រូវ និងលីសែងឈើឲ្យគេ បានប្រាក់បន្តិចបន្តួច យកមកឲ្យគាត់ទិញអង្ករ និងម្ហូប។

លោក យាយ ថា ចៅៗវេទ្ទនាប៉ុណ្ណឹងហើយ មានឈ្មោះ ឈិន ខុម អាយុ៣៤ឆ្នាំ ជាបងប្អូនជីដូនចៅៗ នៅភូមិជាមួយគ្នា បានចាប់ចៅទី៣ អាយុ១១ឆ្នាំ រំលោភ ជាច្រើនដង ទម្រាំបែកការណ៏ ឥឡូវគេរត់ចោលស្រុកបាត់ទៅទៀត។

លោកយាយនិងចៅៗទាំង៤នាក់បានលើកដៃសំពះ ស្នើសុំដល់សប្បុរសជនរស់នៅទីជិតឆ្ងាយទាំងអស់ សូមមេត្តាជួយដល់ពួកគាត់ផង ដែលពួកគាត់កុំពុងមានការខ្វះខាតខ្លាំងណាស់។ ចំណែកកុមារទាំង៤នាក់ ក៏បានសំពូមពរដល់សប្បុរសជន សូមមេត្តាជួយឧបត្ថមកង់បាន១គ្រឿង សម្រាប់ជិះទៅរៀនផង ព្រោះសព្វថ្ងៃពេលទៅរៀន ជិះកង់តែមួយ ៤នាក់។ នគរបាលស្រុកទឹកផុសបានអោយដឹងថា៖ ពាក់ព័ន្ឋនឹងបទល្មើសខាងលើចាប់រំលោភ សំណុំរឿងនេះសមត្ថកិច្ចលោកបានដល់ស្នងការនគរបាលខេត្ត និងដល់តុលាការខេត្តហើយដែរ តែជនល្មើសបានគេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏សូមប្រកាសអំពាវនាវ ដល់សាធារណជន និងសប្បុរសជន ផងដែរ សូមមេត្តាជួយដល់លោកយាយ តៃ និងចៅៗគាត់ទំាង៤នាក់ ដែលកំពុងមានការលំបាកក្នុងការរស់នៅ៕

អាចទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមរយៈលេខទូរស័ព្ទ ០៨៨ ៥៥៥ ៥៥៧៣ ឬ ០៩៣ ៥៥៥ ៥៧៣

ទុក្ខជាន់លើកទុក្ខ ជីដូនវ័យ៧៥ឆ្នាំ ម្នាក់ប្រឹងថែចៅៗ ៤នាក់ ដែលម្តាយឳពុកទុកចោល  ហើយចៅស្រីអាយុ១១ឆ្នាំ ម្នាក់ ត្រូវចៅប្រុសចិត្តតិរិច្ឆានម្នាក់ទៀត ចាប់រំលោភ