លោក Donald Trump៖ ការដឹកនាំ​របស់លោក គីម ជុង​អ៊ុន ពិតជា​អស្ចារ្យ

​ខណៈ​សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស និង​កំពុង​ស្វែងរក​ចំណាត់ការ​ប្រឆាំង​ទៅនឹង​ការសាកល្បង អាវុធ​បរមាណូ​អ៊ីដ្រូសែន​របប​ក្រុង​ព្យុងយ៉ាង​ដែល​កំពុងស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​លោក គីម ជុង​អ៊ុន លោក Donald Trump បែរជា​លើកសរសើរ​ពី​ការដឹកនាំ​របស់លោក​គីម ជុង​អ៊ុន​ទៅវិញ​។ លោក ថា​ការដឹកនាំ​របស់លោក​គីម ជុង​អ៊ុន​ពិតជា​អស្ចារ្យ​។

​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ដ៏​ល្បី​និង​ជា​មហាសេដ្ឋី​លោក Donald Trump បាន​សរសើរ ចំពោះ​ការដឹកនាំ​របស់​មេដឹកនាំ​វ័យក្មេង​លោក គីម ជុង​អ៊ុន ក្នុង​ការដឹកនាំ​ប្រទេសមួយ​ទាំង​ស្ថាន​ភាពលំបាក​។ ការអះអាង​បែបនេះ ធ្វើឡើង​ក្នុង​វិ​ទិ​កា​នៃ​ការជជែក​មួយ​នៅ​មជ្ឈមណ្ឌល Bridge View Center ក្នុង​រដ្ឋ​អ៊ី​អូ​វ៉ា (Iowa)​កាលពី​ថ្ងៃទី​០៩ ខែមករា​ម្សិលមិញ​។

​សូមបញ្ជាក់​ផងដែរ​ថា លោក គីម ជុង​អ៊ុន បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១១ ពោលគឺ​បន្ទាប់ពី​អតីត មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ីល ដែលជា​ឪពុក​របស់លោក បានទទួល​មរណៈភាព​។ មិន​ខុសពី​មេដឹកនាំ​ត្រកូល​គីម​ទាំងពីរ​ជំនាន់ (​លោក គីម​អ៊ី​ល​ស៊ុ​ង និង​លោក គីម ជុងអ៊ីល​) មេដឹកនាំ   វ័យក្មេង​ដ៏​មាន​ឥទ្ធិពល​លោក គីម ជុង​អ៊ុន បាន​ដឹកនាំ​កូរ៉េខាងជើង ជា​រដ្ឋ​ឯកោ ដោយ​មិន​ពឹង​ផ្អែកលើ ណាមួយ​។ ជាពិសេស​នោះ លោក គីម បាន​បន្ត​កម្មវិធី​គោលនយោបាយ​នៃ​ការផលិត​អាវុធ​បរមាណូ ដែល​កូរ៉េខាងជើង​ចាត់ទុកជា​យុទ្ធសាស្ត្រ​ការពារ​ខ្លួន និង​ប្រឆាំង​ដាច់ខាត​ចំពោះ​វត្តមាន​អាមេរិក​នៅក្នុង ឧបទ្វីប​កូរ៉េ​។​

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០៦ មករា កន្លងទៅ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដោយ​ជោគជ័យ​។ គ្រាប់បែក​អ៊ីដ្រូសែន គឺជា​ប្រភេទ​អាវុធ​ដ៏​ទំនើប និង​មាន​ឥទ្ធិពល​របស់​កូរ៉េខាងជើង ដែល​ទើបតែ​រកឃើញ​។ កូរ៉េខាងជើង បានចាត់ទុក​សមិទ្ធផល​នៃ​ការផលិត​គ្រាប់បែក​នេះ​ថា​នឹងធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ប្រទេស​ដ៏​មានអំណាច​របស់​ពិភពលោក​ផងដែរ​។​

​ជុំវិញ​នៃ​ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង​នេះដែរ បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ដែល​រួមទាំង​អាមេរិក​ផងដែរ​នោះ ដ្បិត​សកម្មភាព​នេះ បាន​បំពាន​ទៅនឹង​បំរាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​បាន​គំរាមកំហែង​ដល់​សន្តិសុខ​នៅក្នុង​តំបន់​ទៀតផង​។​

​តែ​សម្រាប់​លោក Donald Trump ដែល​តែងតែ​មានគំនិត​ប្លែកៗ​គួរ​ចាប់អារម្មណ៍​នោះ បែរជា​គិត​ខុស ពី​សហគមន៍​អន្តរជាតិ​វិញ​។ បើតាម​សារព័ត៌មាន Toronto Star លោក Donald Trump  បាន​និយាយថា « ជា​រឿង​ធម្មតា បើ​យើង​ក្រឡេកមើល​កូរ៉េ​ខា​ជើង លោក គីម ជុង​អ៊ុន គឹ​ដូច​ទៅនឹង​មនុស្ស​ឆ្កួត​នឹង​អំណាច​»​។ តែ​លោក បន្ថែមទៀតថា « អ្នក​គ្រប់គ្នា គួរតែ​ផ្តល់​ការសរសើរ​ទៅកាន់ លោក គីម ជុង​អ៊ុន​។ លោក​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ស្ថិតនៅក្នុង​វ័យ ២៦ ឬ​២៥ ឆ្នាំ អាច​គ្រប់គ្រង​កិច្ចការ​ទូទៅ​ដ៏​លំបាក និង ភ្លាមៗ បន្ទាប់ពី​ឪពុក​លោក​ស្លាប់​នោះ​។​« លោក Donald Trump សង្កត់ធ្ងន់ថា ការដឹកនាំ​របស់លោក គីម ជុង​អ៊ុន ពិតជា​អស្ចារ្យ​៕


ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​