ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ​ទី​១០ មក​រា ម្សិលម្ង៉ៃ កីឡាករ​មាស ច័ន្ទ​មាន ដែល​ជា​ម្ចាស់​ខ្សែក្រវាត់ K-Cement និង​កីឡាករ​សេន កុសល បាន​ឈាន​ឡើង​មួយ​ជំហាន​ព្រម​គ្នា​នៅ​លើ​សង្វៀន បន្ទាប់​ពី​បាន​វាយ​ឈ្នះ​គូប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ប៉ុស្ដិ៍​លេខ​៥ ។ កីឡាករ​មាស ច័ន្ទ​មាន ឈាន​ឡើង​ក្នុង​នាម​ជា​អ្នក​សងសឹក​បាន​សម្រេច​លើ​គូប្រកួត ហើយ​កីឡាករ សេន កុសល ឈាន​ឡើង​ក្នុង​នាម​ជា​អ្នក​ជាន់ពន្លិច​អ្នក​ចាញ់ បន្ត​ទៅ​យក​កៅអី​វគ្គ​១៦​នាក់​ដើម្បី​ប្រកួត​យក​ជើងឯក ។

គ្មាន​អ្នក​ណា​មិន​ចាប់អារម្មណ៍​នោះ​ទេ ចំពោះ​ការ​ប៉ះ​ប្រកួត​រវាង​កីឡាករ​គូ​សងសឹក​ទាំង​ពីរ ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម្ង៉ៃ​រវាង​កីឡាករ​កម្ពុជា មាស ច័ន្ទ​មាន និង​កីឡាករ​ថៃ​ដែល​មានឈ្មោះ​ថា Phach Nam Ek​។ គូ​នេះ កាលពី​ប៉ះ​គ្នា​លើក​មុន គឺ​កីឡាករ​កម្ពុជា​ជា​អ្នក​រង​ការ​អាម៉ាស់ ហើយ​ប្រសិនបើ​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​ជា​លើក​ទី​២​នោះ​ទៀត គឺ​មាន​ន័យ​ថា មាស ច័ន្ទ​មាន មិនដឹង​ជា​យកមុខ​ទៅ​ទុក​នៅឯណា​នោះ​ទេ ក្នុង​នាម​ជា​ម្ចាស់​ខ្សែក្រវាត់​ដែល​មានការ​គាំទ្រ​ខ្ពស់​ផង ហើយ​បែរជា​ត្រូវ​វាយ​ចាញ់​កីឡាករ​ថៃ​ម្ដង​ហើយ​ម្ដងទៀត ។

នៅ​លើ​សង្វៀន​អន្តរជាតិ​កន្លង​មក ជើង​ខ្លាំង​កម្ពុជា​រូប​នេះ​ធ្លាប់​បាន​បំបាក់​កីឡាករ​ថៃ​៤​លើក​រួច​មក​ហើយ ប៉ុន្តែ​បែរជា​ត្រូវ Phach Nam Ek វាយបំបាក់​នៅ​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​កាលពី​លើក​ទី​៥​ថ្មី​ៗ ធ្វើ​ឱ្យ​អ្នក​ស្នេហា​ការ​ប្រដាល់​ស្រងាកចិត្ត​អស់​មួយ​សន្ធឹក ។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​សម្រាប់​ជំនួប​សងសឹក​នោះ មាន​អ្នក​តាមដាន​យ៉ាងច្រើន​កកកុញ​នៅ​ពេញ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ហើយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក៏​មានការ​ប៉ាន់​ស្មានថា​មាន​អ្នក​រង់ចាំ​ទស្សនា​មិន​តិច​ដូច​គ្នា ។ សម្រាប់​ជំនួប​ជាមួយ Phach Nam Ek លើក​នេះ កីឡាករ​មាស ច័ន្ទ​មាន​ប្រកួត​បាន​ល្អ ហើយ​អ្វី​ដែល​អ្នក​ទស្សនា​ពេញចិត្ត​ជាងគេ គឺ​លទ្ធផល​ចុង​ក្រោយ​គេ​ដណ្ដើម​បាន​ជ័យជម្នះ​ដែល​មាន​ន័យ​ថា​សងសឹក​គូប្រកួត​បាន​សម្រេច​។ អ្នកគាំទ្រ​នៅ​នឹង​សង្វៀន​បាន​បង្ហាញ​ទឹកមុខ​សប្បាយ​រីករាយ និង​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង​ចាប់តាំងពី​ទឹក​ទី​២​ពេល​ឃើញ​កីឡាករ​មាស ច័ន្ទ​មាន ពង្រឹង​ជំហរ​បាន​ល្អ​ក្នុង​ការ​វាយបក​ទៅ​លើ​គូប្រកួត​ដែល​ធ្លាប់​ជោគជ័យ​។

ក្នុង​ទឹក​ទី​១ បើ​ទោះជា​ចាញ់​ប្រៀប Phach Nam Ek ប៉ុន្តែ​កីឡាករ​កម្ពុជា​មិន​ចាញ់​ច្រាប​ពី​ការ​វាយលុក​ដ៏​ខ្លាំងក្លា​របស់​កីឡាករ​ថៃ​រូប​នេះ​ទេ ។ លទ្ធផល​ល្អ​ប្រសើរ​បាន​លេចឡើង​ក្នុង​ទឹក​ទី​២ បន្ទាប់​ពី​កីឡាករ​កម្ពុជា​ហ៊ាន​ចូល​ប្រកួត​ដោយ​មិន​ញញើត ហើយ​ទាត់​និង​វ័ធ​កែង​បណ្ដាល​ឱ្យ​កីឡាករ​ថៃ​ទក់​សាច់​។ ឈាន​ដល់​ទឹក​ទី​៣ កីឡាករ​ថៃ​សម្រុក​វាយ​សន្ធាប់ ប៉ុន្តែ​លទ្ធផល​ដែល​បាន​លេចឡើង​ហាក់​មិន​ជួយ​ឱ្យ​កីឡាករ​ជើង​ខ្លាំង​ឆ្លង​ដែន​រូប​នេះ ទទួល​បាន​ផ្លែផ្កា​ទេ​។

ផ្ទុយ​ទៅ​វិញ កីឡាករ​កម្ពុជា​បែរជា​បន្ត​ការ​នាំមុខ​វាយលុក​ដដែល ដោយ​បាន​ទាំង​ទាត់ និង​វ័ធ​កែង​បាន​ល្អ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​កាន់តែ​មិនសូវ​ហ៊ាន​ប្រកួត​ប្ដូរ ។ ក្នុង​ទឹក​ទី​៤ កីឡា​ករ​ទាំង​ពីរ​កាន់តែ​បង្កើន​សាច់ដុំ​ដាក់​គ្នា ហើយ​កម្រិត​នៃ​ឈុត​ឆាកប្រយុទ្ធ គឺ​គេ​អាច​និយាយ​បាន​ថា​ទាំង​ភាគី​កម្ពុជា និង​ភាគី​ថៃ មិន​មាន​អ្នក​ណា​មាន​ប្រៀប​ជាង​អ្នក​ណា​នោះ​ទេ សម្រាប់​ទឹក​នោះ ។ ទោះបី​យ៉ាងណា ឈាន​ដល់​ទឹក​ចុង​ក្រោយ​កីឡាករ​ថៃ​ទទួល​បាន​ប្រៀប​ល្អ​ជាង បើ​ទោះជា​ការ​វាយ​ចេញ​ហាក់​មិនសូវ​ត្រូវ​ចំ​គោលដៅ ដែល​ធ្វើ​ឱ្យ​មាស ច័ន្ទ​មាន ទ្រម​ខ្លួន​តាម​ការ​ចង់បាន​នោះ​ក៏​ដោយ ។

កីឡាករ​មាស ច័ន្ទ​មាន បាន​ក្លាយជា​អ្នក​ឈ្នះ​ពិន្ទុ ហើយ​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​ក្រៅពី​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ខកចិត្ត​វិញ​ម្ដង ក៏​បាន​ធ្វើ​ឲ្យ​ក្រេ​ឌី​តរបស់​គេ​ឈាន​ឡើង​មួយ​កម្រិត​ជា​ថ្មី​នោះ​ដែរ បន្ទាប់​ពី​ការ​ប្រកួត​កន្លង​មក គឺ​មាន​លទ្ធផល​ល្អ​ខ្លះ​មិនល្អ​ខ្លះ ជាមួយនឹង​ការ​ប្រកួត​ប៉ះ​ជើង​ខ្លាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែល​ការ​កត់សម្គាល់​ចុង​ក្រោយ គឺ​ចាញ់​កីឡាករ Phach Nam Ek​យ៉ាង​អាម៉ាស់​នោះ ។ ទាំង​គណៈកម្មការ​រៀបចំ​ការ​ប្រដាល់ និង​អ្នក​ស្នេហា​កីឡាប្រដាល់​បាន​អះអាង​ថា បើ​មាស ច័ន្ទ​មាន មិន​ឈ្នះ​ការ​ប្រកួត​កាលពី​ថ្ងៃ​ម្សិលម្ង៉ៃ​ទេ គឺ​ជោគវាសនា​របស់​គេ​នឹង​ធ្លាក់​ដាំ​ក្បាល​ចុះ​ជា​មិន​ខាន​ក្នុង​នាម​ជា​ម្ចាស់​ខ្សែក្រវាត់​ដែល​មិន​អាច​សងសឹក​បាន​នោះ ។ ម្នាក់​ៗ​សុទ្ធតែ​យល់​ថា មាស ច័ន្ទ​មាន ឈាន​ឡើង​នៅ​លើ​សង្វៀន បន្ទាប់​ពី​ឈ្នះ Phach Nam Ek​តាម​ការ​ចង់បាន​កាលពី​ថ្ងៃអាទិត្យ​។

ដោយឡែក​ការ​ប្រកួត​អន្តរជាតិ​មួយគូ​ទៀត​កីឡាក​រង៉ែ​ត្រ រ​ដ្ឋា ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​បាន​ត្រឹមតែ​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Ra Da បើ​ទោះជា​ការ​ប្រកួត​របស់​គេ​ប្រឹង​ឡើង​អស់ពី​សមត្ថភាព និង​មាន​ជំនឿ​ចិត្ត​បំផុត​ថា ខ្លួន​នឹង​ឈ្នះ​កីឡាករ​ថៃ​ក្ដី ។

ងាក​ទៅ​មើល​ការ​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា​កាលពី​ថ្ងៃអាទិត្យ​ម្សិលម្ង៉ៃ​ដូច​គ្នា​វិញ កីឡាករ​សេន កុសល ក៏​ជា​អ្នក​ឈាន​ឡើង​គួរ​ឱ្យ​ចាប់អារម្មណ៍​ដែរ បន្ទាប់​ពី​គេ​អាច​វាយបំបាក់​គូប្រកួត​ឱ្យ​ធ្លាក់​ហាលអាវ ហើយ​បោះ​ជំហាន​ទៅ​កាន់​វគ្គ​បន្ត​ឆ្ពោះទៅ​ដណ្ដើម​តំណែង​ជើងឯក ។

នេះ​ជា​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​៣២​នាក់​ជម្រុះ​យក​១៦​នាក់ តាម​រយៈ​រូបមន្ត​ប្រកួត​ចាញ់​ធ្លាក់​ៗ ដែល​មាន​កីឡាករ​សរុប​ចំនួន​៣២​រូប​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​Tiffy​ជំនាន់​ទី​២​នៅ​ប៉ុស្ដិ៍​លេខ​៥ ។ កីឡាករ​សេន កុសល មក​ពី​ខេត្តបាត់ដំបង មិនសូវ​មាន​អ្នក​ទុកចិត្ត​ថា​ឈ្នះ ហើយ​អាច​ផ្ដួល​កីឡាករ ឯម សា​រ៉ា​ក់ មក​ពី​រាជធានី​ភ្នំពេញ​ឱ្យ​ធ្លាក់​ហាលអាវ​នោះ​ទេ ទើប​លទ្ធផល​ចុង​ក្រោយ​ដែល​កីឡាករ​រូប​នេះ​សម្រេច​បាន គឺជា​ការ​បោះ​ជំហាន​ឈាន​ឡើង​ទាំង​ឱកាស​បាន​បន្ត​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥ ទាំង​ក្រេ​ឌី​ត​ក្នុង​ពិភព​ប្រដាល់​។ លោក​សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥​បាន​អះអាង​ថា ក្រោយ​ការ​វាយ​ឈ្នះ​កីឡាករ ឯម សា​រ៉ា​ក់ ហើយ​បាន​បន្ត​ជំហាន​ទៅ​វគ្គ​១៦​នាក់ មិនមែន​ត្រឹមតែ​លោក​ប៉ុណ្ណោះ​ទេ គឺ​សូ​ម្បី​តែ​អ្នក​ទស្សនា​ភាគច្រើន ក៏​ចាត់​ទុក​ថ្វីដៃ​ដែល​សេន កុសល សម្រេច​បាន​បាន​ជួយ​ឱ្យ​គេ​ក្លាយជា​កីឡាករ​ល្អ​ម្នាក់​ដែល​ឈាន​ឡើង​ផង​ដែរ ។

លោក​មាន​ប្រសាសន៍​ថា ឱកាស​ឈាន​ឡើង​របស់​កីឡាករ​រូប​នេះ ទទួល​បាន​ដោយ​ការ​តស៊ូ និង​ប្រើ​សមត្ថភាព​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចាប់អារម្មណ៍ ទើប​ការ​ប្រកួត​កាលពី​ម្សិលម្ង៉ៃ​របស់​គេ​ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​ការ​ប្រកួត​ភាគច្រើន​កត់សម្គាល់ ។ លោក​បាន​បញ្ជាក់​ថា ចំពោះ​ការ​ប្រកួត​ទាំងឡាយ​ណា​ដែល​អ្នក​ឈ្នះ​ទទួល​បាន​ដោយ​លំបាក ហើយ​អ្នក​ចាញ់​ក៏​ចាញ់​អស់​លទ្ធភាព គឺ​វា​ច្បាស់​ណាស់​ថា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​សំណាង​ឈាន​ឡើង​ក្លាយជា​កីឡាករ​ល្បី​ម្នាក់​នៅ​ក្នុង​ផ្នត់គំនិត​មហាជន​។ យ៉ាងណា​ក៏​ដោយ​លោក​ថា​កីឡាករ​សេន កុសល ត្រូវ​បង្កើន​ការ​ប្រឹងប្រែង​បន្ថែម​ទៀត​ទើប​មហាជន​ពេញចិត្ត និង​ចង​ចាំ​រូបគេ​កាន់តែ​ច្បាស់​។

នៅ​លើ​សង្វៀន​នោះ​ដែរ​កីឡាករ​ថន វាសនា មក​ពី​ក្លិប​នាគ​មាន​ជ័យ ក៏​បាន​បោះ​ជំហាន​ឡើង​ទៅ​វគ្គ​១៦​នាក់ ដោយសារ​តែ​ឈ្នះ​កីឡាករ​តាំង សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០​ផង​ដែរ ដោយ​គ្រាន់តែ​លទ្ធផល​ទៅ​កាន់​វគ្គ​បន្ត​របស់​កីឡាករ​រូប​នេះ ហាក់​មិនសូវ​លំបាក​ខ្លាំង ហើយ​មិនសូវ​មាន​អ្នក​កត់សម្គាល់​ខ្លាំងក្លា​ដូច​សេន កុសល ដែល​ប្រកួត​ឈ្នះ​ដូច​គ្នា​។ យ៉ាងណា​ក៏​ដោយ​អ្នក​បាន​ឡើង​ទៅ​កាន់​វគ្គ​នីមួយ​ៗ គឺ​ពិតជា​ស្ថិត​ក្នុង​ការ​តាមដាន​របស់​មហាជន​ជាក់​ជា​មិន​ខាន បើ​ទោះជា​ឈ្នះ​ដោយ​ពិបាក និង​មិន​ពិបាក​ក៏​ដោយ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព