ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ គ្រូបង្វឹក​ថ្មី​របស់​ភ្នំពេញ​ក្រោ​ន​គឺ​លោក Oriol Mohedano ជនជាតិ​អេ​ស្ប៉ា​ញ​ដែល​ទើប​ចូល​កាន់​តំណែង​កាលពី​ស​ប្ដា​ហ៍​មុន​ជាមួយ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទម្រង់​លេង​ដ៏​ល្អ​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន ។

លោក Oriol Mohedano បាន​កោតសរសើរ​ដល់​ទម្រង់​លេង​របស់​កីឡាករ​ក្រុម​ភ្នំពេញ​ក្រាន​ទាំងមូល​ដែល​ចេះ​សហការ​គ្នា​បាន​យ៉ាង​ល្អ តាម​រយៈ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុម​ណា​ហ្គា​វើ​ល នៅ​លើ​ទីលាន​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ឬ​ស្សី​កែវ​កាលពី​ថ្ងៃ​សៅរ៍​ទី​៩ មក​រា កន្លង​មកនេះ បើ​ទោះជា​ទទួល​បាន​លទ្ធផល​ត្រឹម​ស្មើ​១-១ ក៏​ដោយ​។ លោក​បានឱ្យ​ដឹង​ទៀត​ថា ថ្វី​ត្បិត​ពេល​ខ្លះ​ទម្រង់​លេង​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន​នៅ​មាន​ភាព​អសកម្ម​បន្តិច​ក្ដី ប៉ុន្តែ​លោក​នៅ​តែ​ពេញចិត្ត​ព្រោះ​សកម្មភាព​នៃ​ការ​លេង​សុទ្ធតែ​ស្ដែង​ចេញពី​ឆន្ទៈ​របស់​កីឡាករ​ក្នុង​ក្រុម​ទាំងមូល​។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​ចាប់អារម្មណ៍​ទៅ​លើ​អ្នកចាំទី​អាយុ​២០​ឆ្នាំ មក​ពី​អេ​ស្ប៉ា​ញ​គឺ កីឡាករ​Abel Yebenes  ដែល​ទើប​ចុះ​កុងត្រា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន និង​កីឡាករ​មក​ពី​អាហ្វ្រិក ជប៉ុន អូស្ដ្រាលី និង​កីឡាករ​កម្ពុ​ជាមួយ​ចំនួន​ទៀត ។ តាម​រយៈ​នៃ​ការ​ធ្វើតេស្ដ​ជា​ច្រើន​លើក​កន្លង​មក បាន​ធ្វើ​ឱ្យ​គ្រូបង្វឹក​ដ៏​មានបទពិសោធន៍​រូប​នេះ​កាន់តែ​មានការ​ចាប់អារម្មណ៍​ទៅ​លើ​ទម្រង់​លេង​របស់​កីឡាករ​ភ្នំពេញ​ក្រោ​ន​ថែម​ទៀត ។

លោក Oriol Mohedano ចង់ឱ្យ​កីឡាករ​ទាំងអស់​មានការ​អត់ធ្មត់ បង្កើន​សមត្ថភាព​លេង​ឱ្យ​កាន់តែ​ល្អ​ទាំងអស់​គ្នា​ដើម្បី​ត្រៀម​ប្រកួត​នៅ​ក្នុង​រដូវ​កាល​ថ្មី ដូច​ជា​ប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ ខាង​មុខ​នេះ ។ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​ចង់បាន​នោះ គឺ​កីឡាករ​ទាំងអស់​ត្រូវ​យល់​នូវ​អ្វី​ដែល​ត្រូវធ្វើ​នៅ​ក្នុង​ពេល​ប្រកួត​ទើប​ទទួល​បាន​ជោគជ័យ ។

គួរ​បញ្ជាក់​ថា ក្លិប​ភ្នំពេញ​ក្រោ​ន​សម្រេចចិត្ត​ជួល​គ្រូបង្វឹក​ថ្មី​មក​ដឹកនាំ គឺ​ដើម្បី​ត្រៀម​ចូល​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​ក្របខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ ក៏​ដូច​ជា​ជំនួស​គ្រូ​បង្គោល​ជនជាតិ​ស្វី​ស គឺ​លោក Sam Scheweinggruber ដែល​មិន​ទាន់​ជា​សះស្បើយ​ពីរ​បួស​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​មួយ​ខែ​មុន​នេះ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព