ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្ដិការ​ណ៏អន្តរជាតិ

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន MSF គូសបញ្ជាក់​ថា មី​ស៊ី​ល​១​គ្រាប់​កាលពី​ថ្ងៃ​ទី​១០ មក​រា បាន​ធ្លាក់​ចំ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​មួយ​ដែល​ប្រើប្រាស់​ដោយ MSF នៅ​យេ​ម៉ែ​ន​បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​របួស​១០​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម ។

ក្នុង​សេចក្តី​ប្រកាស​មួយ MSF អះអាង​ថា មជ្ឈមណ្ឌល​នេះ ស្ថិត​នៅ​ទីក្រុង RAZEH ខេត្ត​សា​អា​ដា​ភាគ​ខាងជើង​ប្រទេស​ជា​តំបន់​មួយ​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​កងទ័ព​រដ្ឋាភិបាល​គាំទ្រ​ដោយ​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

MSF រៀបរាប់​ពី​តុល្យការ​នៃ​ការ​វាយប្រហារ​នេះ​ថា មនុស្ស​៤​នាក់​ស្លាប់ ហើយ​១០​នាក់​ទៀត​រង​របួស ក្នុង​មជ្ឈមណ្ឌល​នេះ ដែល​ខ្លួន​ប្រើប្រាស់​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ មក ។ បុគ្គលិក​២​នាក់​របស់ MSF ស្ថិត​ក្នុង​ចំណោម​អ្នក​របួស ហើយ​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​ជាមួយ​លទ្ធភាព​មាន​មនុស្ស​ទាំងឡាយ​កប់ ក្រោម​គំនរ​បាក់បែក​នៃ​អគារ​ជា​ច្រើន​ដែលរ​លំបាក់ ។

លោកស្រី RAQUEL AYORA ដែល​ដឹកនាំ​ប្រតិបត្តិការ​របស់ MSF នៅ​យេ​ម៉ែ​ន​គូសបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា អង្គការ​របស់​លោកស្រី​តែង​ផ្តល់​ឱ្យ​ពួក​អ្នក​ច្បាំង​គ្នា​នូវ GPS កំណត់​ពី​បណ្តា​ទីតាំង​របស់​ខ្លួន​នៅ​យេ​ម៉ែ​ន​។ បន្ទាប់​ពី​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​នេះ លោកស្រី​បាន​អំពាវនាវ​ជា​ថ្មី​ដល់​បណ្តា​ក្រុម​ដែល​ច្បាំង​គ្នា​ពី​ភាព​ចាំបាច់​គោរព​ដល់​ពួក​អ្នកជំងឺ និង​បណ្តា​ទីតាំង​ពេទ្យ ។

ចំណែក​សហភាព​អឺរ៉ុប​ដែល​ថ្កោលទោស​ការ​វាយប្រហារ​នេះ​ថា មិន​អាច​ទទួលយក​បាន​ក្នុង​សេចក្តី​ប្រកាស​មួយ​អះអាង​ថា ការ​វាយប្រហារ​ប្រឆាំង​ប្រតិបត្តិការ​មនុស្សធម៌ និង​បណ្តាជន​ស៊ី​វិល​ត្រូវ​ហាមឃាត់ ដោយ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព