ក្រុមហ៊ុន​ចិន​បង្កើត​រោងចក្រ​ស្ករស​ធំជាងគេ​លើ​លោក នៅ​កម្ពុជា​

ក្រុមហ៊ុន​វិនិយោគ​របស់​ចិន ដែលជា​ក្រុមហ៊ុន​ផលិត​ស្ករស​ដ៏​ធំជាងគេ នៅលើ​ពិភពលោក បានមក​បង្កើត​រោងចក្រ​ផលិត​ស្កស​សាកល្បង​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ដោយ​រោងចក្រ​នេះ អាចមាន​សមត្ថភាព​ផលិត​ស្ករស​បាន​ជាង ១ ពាន់​តោន​ក្នុង​មួយថ្ងៃ ជាមួយនឹង​ចម្ការ​អំពៅ ដែល​បាន​ដាំ​ដុះ​រួចរាល់ ទំហំ ១៣ ០០០​ហិកតា ដោយ​ចំណាយ​ទុន​ជាង ១ ពាន់​លាន​ដុល្លារ ។

ក្រុមហ៊ុន​ចិន​បង្កើត​រោងចក្រ​ស្ករស​ធំជាងគេ​លើ​លោក នៅ​កម្ពុជា​

ឯកឧត្តម​ស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មានប្រសាសន៍​នាពេល​កន្លងមក​ថា រោងចក្រ​ផលិត​ស្ករស និង​ចម្ការ​អំពៅ​របស់​ក្រុម ហ៊ុន​រ៉ូ​យ​ហ្វេ​ង​គឺ​បង្កើតឡើង នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ ជា​រោងចក្រ​ផលិត​ស្ករស​ធំជាងគេ នៅលើ​ពិភពលោក​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ផលិត​ស្ករស​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ហើយ​កសិករ​កម្ពុជា​គួរតែ​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងការ​ជំរុញ​ដំណើរការ​នេះ » ។

លោក លាវ ចុង​ស៊ែ​ង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ៊ឹង​ហ៊ូ ស៊ូ​ហ្កឺ​គ្រុប បាន​ឲ្យ​ដឹង ថា « គោលបំណង​នៃ​ការអភិវឌ្ឍ​ដំណាំ​អំពៅ​នៅ​ប្រទេស​កម្ពុជា គឺ​ដើម្បី​រួមចំណែក​អូសទាញ​សង្វាក់​សេដ្ឋកិច្ច ដោយសារ​ឧស្សាហ​កម្មនេះ នាំមក​នូវ​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ និង​បង្កើត​តម្លៃ​ផលិតកម្ម ព្រមទាំង​ចំណូល​ប្រាក់​ពន្ធ​បន្ថែមទៀត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ។

ក្រុមហ៊ុន​ចិន​បង្កើត​រោងចក្រ​ស្ករស​ធំជាងគេ​លើ​លោក នៅ​កម្ពុជា​

ក្នុង​មួយថ្ងៃ ក្រុមហ៊ុន​ត្រូវការ​អំពៅ​ចូលក្នុង​រោងចក្រ​ចំនួន​២​ម៉ឺន​តោន​ដើម្បី​កិន និង​ចម្រាញ់​យក​ស្ករស ហើយ​ក្នុង​មួយថ្ងៃ​រោងចក្រ​របស់​យើង​អាច​ផលិត​បាន​ស្ករស​រហូតដល់​ជាង​  ១ ​ពាន់​តោន ឯណោះ សម្រាប់​ចែកចាយ​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ » ។ ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល ខេត្តព្រះវិហារ មាន​ប្រសា​សាន៍​ថា «​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​អំពៅ​កន្លងទៅ បាន​ជួប​ផលប៉ះពាល់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​មួយចំនួន តែដោយសារ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត​ព្រះវិហារ​ក៏បាន​សម្របសម្រួល ព្រមទាំង​ខ្វៀ​ល​ដី​ដែល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ចេញ​ដើម្បី​ផ្ទេរសិទ្ធិ​ឱ្យ​ពលរដ្ឋ​វិញ​ផងដែរ » ។

សព្វថ្ងៃ​ចម្ការ​អំពៅ​ទំហំ​ជាង ​៤២.០០០​ ហិកតា ស្ថិតនៅ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ក្រុង​ជ័យ​សែន ខេត្តព្រះវិហារ ត្រូវបាន​ក្រុមហ៊ុន​ចំនួន ៥ ចំណុះ​ឲ្យ​ក្រុមហ៊ុន​ហ៊ឹង​ហ៊ូ ស៊ូ​ហ្កឺ​គ្រុប ដាំ​ដុះ​រួមគ្នា រួមមាន​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង ក្រុមហ៊ុន​ឡាន​ហ្វេ​ង ក្រុមហ៊ុន​ហេង​រ៉ូ​យ ក្រុមហ៊ុន ហេង​យូ និង​ក្រុមហ៊ុន​ហេង​ណុង ហើយ​ដាំ​លើ​ផ្ទៃដី​ទំហំ​១៣.០០០​ ហិកតា ព្រមទាំង​មាន​គម្រោង​ដាំ​ជាង​១​ម៉ឺន​ហិកតា បន្ថែមទៀត​នៅក្នុង​ឆ្នាំ ២០១៦ នេះ » ។​

ការអភិវឌ្ឍ​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​ចិន​ហ៊ឹង​ហ៊ូ ស៊ូ​ហ្កឺ​គ្រុប បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ ចំណែក​រោងចក្រ​ផលិត​ស្ករស​ដ៏​ធំ​នេះ​បានចាប់ផ្ដើម​សាងសង់​ចាប់ពី​ខែមិថុនា ២០១៤ ដែល​រហូតដល់​ពេលនេះ ការសាងសង់​រោងចក្រ​សម្រេចបាន​ប្រមាណ ​៥០​ ភាគរយ​ហើយ ហើយ​គ្រោង​នឹង​ដំណើរ​ការផលិត​ស្ករស​សាកល្បង​ជំហាន​ដំបូង​នៅ​ខែកុម្ភៈ ឆ្នាំនេះ ៕ សុថា​ត់​