គ្រូបង្រៀន​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​ចោទ​អាជ្ញាធរ​ថា​រឹតត្បិត​សេរីភាព

គ្រូបង្រៀន​ម្នាក់​នៅ​វិទ្យាល័យ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចោទ​មេ​ឃុំ និង​អាជ្ញាធរ​ពាក់ព័ន្ធ ថា​បាន​រំលោភ​យក​ដី​ពលរដ្ឋ ហើយ​ថែម​ទាំង​ធ្វើ​ទុក្ខបុកម្នេញ​គាត់​ដែល​ជា​តំណាង​ពលរដ្ឋ និង​ជា​គ្រូបង្រៀន​ក្រីក្រ​ទៀត ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

គ្រូបង្រៀន​មួយ​រូប និង​ជា​តំណាង​ពលរដ្ឋ​ចំនួន ២១​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ គឺ​លោក សោម សារាវុត។ លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ថា ស្ថាប័ន​អប់រំ​បាន​បញ្ឈប់​តួនាទី​គាត់​ជា​គ្រូបង្រៀន ចំណែក​អាជ្ញាធរ​មូលដ្ឋាន​វិញ​មិន​ឲ្យ​គាត់​ជួប​ជុំ​មនុស្ស​ចាប់​ពី ៥​នាក់​ឡើង​ទៅ​ទេ។

ការ​ហាម​ឃាត់​នេះ គឺ​បន្ទាប់​ពី​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ កាត់​ទោស​លោក​ឲ្យ​ជាប់​គុក ៥​ឆ្នាំ ទាក់ទង​នឹង​ការ​កាប់​រាន​ព្រៃ​លើ​ដី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​តាំង​ពី​ដូនតា ប៉ុន្តែ​អាជ្ញាធរ​បាន​យក​ដី​របស់​ពួក​គាត កាត់​ធ្វើ​ជា​ដី​ព្រៃ​សហគមន៍​កាល​ពី​ឆ្នាំ​២០១២។ ការ​ចោទ​ប្រកាន់​នេះ កើត​ឡើង​នៅ​ឆ្នាំ​២០១៣ ក្រោយ​ពី​រូប​លោក និង​ពលរដ្ឋ​ផ្សេង​ទៀត ព្យាយាម​ចូល​ទៅ​ព្រោះ​ស្រូវ និង​សណ្ដែកបាយ​លើ​ដី​ដែល​បាន​កំណត់​នោះ។

លោក សោម សារាវុត មាន​ប្រសាសន៍​ថា សព្វថ្ងៃ គ្រួសារ​គាត់​កំពុង​ជួប​នឹង​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ ដោយសារ​កូន​ដើរ​រើស​កួរ​ស្រូវ និង​រក​ត្រី​លក់​ចិញ្ចឹម​ជីវិត ខណៈ​បៀវត្សរ៍​ខែ​១២ របស់​គាត់​ត្រូវ​បាន​បង្កក។ លោក​ចោទ​មេ​ឃុំ​ស្នាអន្សា ថា​ជា​អ្នក​បង្កើត​បញ្ហា​ឲ្យ​រូប​លោក និង​ពលរដ្ឋ​ផ្សេង​ទៀត ដោយ​រំលោភ​យក​ដី​ពលរដ្ឋ ហើយ​រក​រឿង​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ និង​ចាប់​រូប​លោក​ដាក់​គុក​ថែម​ទៀត៖ «ខ្ញុំ​ឮ​ចេញ​ពី​មាត់ លោក កែ សុខ ថា​លោក​ប្រាប់​កូន​ផង កុំ​ឲ្យ​ជួប​ជុំ​ជាមួយ​លោកគ្រូ វុត ចាប់​ពី​ប្រាំ​នាក់​ឡើង​ទៅ។ គេ​ឃាត់​ខ្លួន​ហើយ។ ខ្ញុំ​សំណូមពរ​តាំង​ពី​ដើម​រហូត​មក រឿងរ៉ាវ​របស់​ខ្ញុំ​នេះ​កើត​ឡើង​អាស្រ័យ​លើ​អាជ្ញាធរ​ប្រព្រឹត្ត​អំពើ​អាក្រក់។ បើ​គាត់​ងាក​មក​រក​ផ្លូវ​ត្រូវ ប្រជាពលរដ្ឋ​រស់​នៅ​បាន​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់។ ខ្ញុំ​គិត​ថា ខ្ញុំ​ក៏​ពុំ​មាន​បញ្ហា​អ្វី​ជំទាស់​ជាមួយ​ពួក​គាត់​ដែរ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ស្នាអន្សា លោក មោក កោ បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា រូប​លោក​មិន​សាង​បញ្ហា​ឲ្យ លោក សោម សារាវុត ឬ​ពលរដ្ឋ​ក្នុង​ឃុំ​របស់​ខ្លួន​ដែល​ចាត់​ទុក​ជា​កូន​ចៅ​លោក​នោះ​ទេ ហើយ​លោក​ក៏​មិន​ដែល​ទៅ​និយាយ​ហាម​ឃាត់ លោក សារាវុត មិន​ឲ្យ​ជួប​ជុំ​មនុស្ស​ចាប់​ពី ៥​នាក់​ឡើង​ទៅ​ដែរ។ លោក​ថា ទោស​ដែល លោក សារាវុត ទទួល​គឺ​កើត​ចេញ​ពី​អំពើ​ល្មើស​ច្បាប់​ខ្លួន​ឯង៖ «ខ្ញុំ​ឯង​យក​ដី​ទៅ​លក់​ឲ្យ​គេ ហើយ​ចោទ​ថា​ខ្ញុំ​លក់។ បើ​ខ្ញុំ​ធ្វើ​អាក្រក់ គេ​មិន​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​ទេ»

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា បើ​ទោះ​បី លោក សោម សារាវុត មាន​សាលក្រម​ផ្ដន្ទាទោស​ពី​សាលា​ដំបូង ប៉ុន្តែ​គាត់​មិន​ទាន់​ជា​ទណ្ឌិត​ទេ ព្រោះ​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ​ពី​តុលាការ​កំពូល។ ដូច្នេះ​ការ​បង្កក​ប្រាក់​ខែ ឬ​បញ្ចប់​ការងារ​ជា​គ្រូបង្រៀន គឺ​មិន​ត្រឹមត្រូវ​ឡើយ។ លោក​ថា បើ លោក សារាវុត ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ជួប​ជុំ​មនុស្ស​ចាប់​ពី ៥​នាក់​ឡើង​ទៅ​មែន​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ៖ «បើ​ថា​មិន​ឲ្យ​ជួប​ពី​ពីរ​នាក់ ឬ​ប្រាំ​នាក់ អ៊ីចឹង​គ្រួសារ​គាត់​មាន​តែ​ម្នាក់​ឯង ឬ​មាន​គ្នា​ច្រើន​អ៊ីចឹង បើ​គាត់​នៅ​ជួប​ជុំ​គ្រួសារ​ត្រូវ​ចាប់​ដែរ។ ការ​ជួប​ជុំ ការ​ពិភាក្សា និង​ការ​ស្វែងរក​ដំណោះស្រាយ​អី គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ»

លោក សោម សារាវុត ត្រូវ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ពោធិ៍សាត់ ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កាល​ពី​ឆ្នាំ​២០១៣ ដោយ​ចោទ​ពី​បទ​កាប់​រុក​រាន​ដី​ព្រៃ​បម្រុង​ទុក។ បណ្ដឹង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ចេញ​សេចក្ដី​ជូន​ដំណឹង​កំណត់​ដី​ទំហំ ៥០០​ហិកតារ នៅ​ចំណុច​អន្សក្ដាម ធ្វើ​ជា​ព្រៃ​សហគមន៍​កាល​ពី​ឆ្នាំ​២០១១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។