ពលរដ្ឋ​ជិត​២០០​គ្រួសារ​នៅ​ខេត្ត​ព្រះវិហារ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​សហគមន៍​និង​ដី​ស្រែ​ចម្ការ

អ្នក​ភូមិ​ក្រឡោត ឃុំ​សង្កែ២ និង​អ្នក​ភូមិ​បុស្ស ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ កើត​មាន​វិបត្តិ​ដីធ្លី​តាំង​តែ​ពី​ឆ្នាំ​២០១២ ដោយសារ​តែ​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ​ហ្វេង (Ruoy Feng) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ពាន់​ហិកតារ​នៅ​ទីនោះ។

ក្រុមហ៊ុន​ចិន តែង​ប្រើ​គ្រឿងចក្រ​ឈូស​ពង្រីក​ផ្ទៃ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​គេ ដោយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍ និង​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជុំវិញ​បញ្ហា​ប៉ះពាល់​ទេ។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​ម្លូព្រៃ២ បាន​លើក​គ្នា​ទៅ​ស្នើ​សុំ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ ជួយ​ដោះស្រាយ​ជុំវិញ​បញ្ហា​ដែល​ក្រុមហ៊ុន​ចិន ឈូស​រំលោភ​យក​ដី​នេះ។

អ្នក​ភូមិ​បុស្ស ឃុំ​ម្លូព្រៃ២ និង​ភូមិ​ក្រឡោត ឃុំ​សង្កែ២ ស្រុក​ឆែប ជិត ២០០​គ្រួសារ កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​សហគមន៍ និង​ដី​ស្រែ​ចម្ការ​ជាង ១.២០០​ហិកតារ ប្រសិន​បើ​អាជ្ញាធរ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ។

ការ​ព្រួយ​បារម្ភ​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ​ហ្វេង បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ពង្រីក​ផ្ទៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ដី​ស្រែ​ចម្ការ និង​ដី​ព្រៃ​សហគមន៍ ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ដោះស្រាយ​នៅ​ឡើយ។

តំណាង​សហគមន៍​ភូមិ​បុស្ស ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប ដែល​ជា​ស្រុក​ជាប់​ព្រំដែន​គ្នា​ជាមួយ​ប្រទេស​ឡាវ គឺ​លោក ខាំ សុភក្តិ។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​មករា ថា រូប​លោក​ក៏ដូចជា​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ទៀត កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ស្រែ​ចម្ការ និង​ដី​ព្រៃ​សហគមន៍​ទំហំ​ជាង ១.២០០​ហិកតារ។ បុរស​ដដែល​បញ្ជាក់​ថា តាំង​តែ​ពី​ថ្ងៃ​ទី​៩ រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែ​មករា គឺ​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ​ហ្វេង បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ដី​សម្បទាន​សេដ្ឋកិច្ច ដោយ​រំលោភ​លើ​ដី​ព្រៃ​បម្រុង​ទុក និង​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ​អស់​ជាច្រើន​ហិកតារ៖ «ខ្ញុំ​កំពុង​តែ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ថ្ងៃ​នោះ​ចុះ​ទៅ​ប្រហែល​ជា ៨០​នាក់​ជិះ​គោយន្ត​ប្រហែល ៦-៧​គ្រឿង ទៅ​ហាម​ឃាត់​ក្រុមហ៊ុន គេ​ថា​ធ្វើ​នេះ​វា​ខុស​នឹង​ច្បាប់»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ឆែប លោក សុខ សានតារា ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​នេះ​បាន​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​អាទិត្យ ទី​១០ មករា។

ចំណែក​មន្ត្រី​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ ដែល​ជា​អង្គការ​ជួយ​ជ្រោមជ្រែង​សហគមន៍ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា មាន​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ភូមិ​បុស្ស នៃ​ឃុំ​ម្លូព្រៃ២ បាន​មក​ប្ដឹង​ឲ្យ​អង្គការ​របស់​លោក​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​រំលោភ​លើ​ដី​ស្រែ​ចម្ការ​នេះ៖ «តាំង​ពី​ស្នាម​ចាស់​ប៉ុន្មាន​ឆ្នាំ​មុន ក្រុមហ៊ុន​នៅ​តែ​ឈូស​នៅ​តែ​រំលោភ​យក​ដដែល គ្រាន់​តែ​ថា ពួក​គាត់​តវ៉ា​មិន​ឈ្នះ​គេ អ៊ីចឹង​ទៅ​ចេះ​តែ​បណ្ដែតបណ្ដោយ»

អ្នក​ភូមិ​បុស្ស ឃុំ​ម្លូព្រៃ២ និង​ភូមិ​ក្រឡោត ឃុំ​សង្កែ២ ស្រុក​ឆែប កើត​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ​ហ្វេង ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០១២។

តំណាង​សហគមន៍​សង្កែ២ លោក ដារី មាន​ប្រសាសន៍​ថា រូប​លោក និង​អ្នក​ភូមិ​ក្រឡោត ជាង ៤០​គ្រួសារ ក៏​កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ស្រែ​ចម្ការ​ជាង ១០០​ហិកតារ ពីព្រោះ​តែ​អ្នក​គូរ​ផែនទី​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន នោះ បាន​គូរ​គ្រប​ដណ្ដប់​យក​ដី​ស្រែ និង​ចម្ការ​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។