ទិត្យ វិច្ឆិកា ប្រាប់​ដំណើរ​រឿង​​ទាំង​អស់​នាំ​ឱ្យ វណ្ណ មករា ស្លាប់

ទិត្យ វិច្ឆិកា ប្រាប់​ដំណើរ​រឿង​​ទាំង​អស់​នាំ​ឱ្យ វណ្ណ មករា ស្លាប់

តារា​ចម្រៀង ទិត្យ វិច្ឆិកា បាន​ប្រាប់​ថា វណ្ណ មករា ស្លាប់​ក៏​ព្រោះ​តែ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ពីរ​លើក​ផ្ទួនៗ​គ្នា ហើយ​ដូច​ជា​មាន​អ្វី​មក​រារាំង​រូប​លោក​មិន​ឱ្យ​ជួយ​ប្អូន​ធម៌​រូប​នេះ​បាន។

 

ទិត្យ វិច្ឆិកា ប្រាប់​ដំណើរ​រឿង​​ទាំង​អស់​នាំ​ឱ្យ វណ្ណ មករា ស្លាប់

 

“ខ្ញុំ​ព្យាយាម​ជួយ​ប្អូន​ណាស់​បង តែ​ដូច​មាន​អ្វី​មក​រាំង​មិន​ឱ្យ​ជួយ​ទាន់​តែ​ម្ដង ទៅ​យឺត​បន្តិច​រហូត​ទាំង​ពីរ​លើក”។ ទិត្យ វិច្ឆិកា ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា ករណី​ក្រឡាប់​រថយន្ត​នៅ​ស្រុក​ព្រៃនប់ ​បាន​បណ្ដាល​ឱ្យ វណ្ណ មករា រង​របួស​ស្រាល​ប៉ុណ្ណោះ ដោយ​គ្រាន់​តែ​មាន​អាការៈ​ចុក​ទ្រូង ប៉ុន្តែ​នៅ​ដឹង​ខ្លួន​ធម្មតា ហើយ​លោក​បាន​បញ្ជូន​មក​រាជធានី​ភ្នំពេញ​ភ្លាមៗ។

 

ពេល​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​អ្នក​របួស​មក​ដល់​តំបន់​ពេជ្រនិល ក៏​ស្រាប់​តែ​ផ្ទុះ​កង់​ក្រឡាប់​ទៀត ធ្វើ​ឱ្យ​ប្អូន​ធម៌​​របស់​លោក​រង​គ្រោះ​ជា​ថ្មី ហើយ​ស្លាប់​ភ្លាមៗ​តែ​ម្ដង។ ប្រភព​ដដែល​អះអាង​ថា លោក​ជាមួយ​អ្នក​រួម​ដំណើរ​ទាំង​អស់ បាន​ចំណាយ​ពេល​ជាង ២០ នាទី ទើប​អាច​គាស់​យក​សព​ចេញ​ពី​រថយន្ត​សង្គ្រោះ​បាន។

 

ជាមួយ​គ្នា​នោះ ប្រភព​ដដែល​បញ្ជាក់​ថា ដូច​ជា​មាន​ភាព​ចៃដន្យ​ពេកហើយ​ចំពោះ​ករណី​ក្រឡាប់​រថយន្ត​ទាំង​ពីរ​លើក​ ដែល​កើត​មាន​ចំពោះ​ វណ្ណ មករា ។ ហើយ​សូម្បី​តែ​រថយន្ត​ដែល​លោក​ជិះ​តាម​ក្រោយ​ ក៏​មាន​ភាព​រអាក់រអួល​តាំង​ពី​ចេញ​ដំណើរ​ទៅ​ដែរ។ លោក​​​សោកស្ដាយ​ ដែល​មិន​អាច​ជួយ​សង្គ្រោះ​ប្អូន​ធម៌​បាន។ ទិត្យ វិច្ឆិកា ​សូម​ឧទ្ទិស​បុណ្យ​កុសល ដែល​បាន​ធ្វើ​ជាមួយ​ប្រជាពលរដ្ឋ​តាម​តំបន់​ដាច់​ស្រយាល ជួយ​បំភ្លឺ​ផ្លូវ វណ្ណ មករា ទៅ​កាន់​ឋានសួគ៌៕

 

អត្ថបទ៖ សំ ជំនាញ