ក្រុម Cambodian All Star នឹងធ្វើការហ្វឹកហាត់នៅល្ងាចនេះ

ក្រុមជម្រើសដោយកីឡាករឆ្នើមៗរបស់កម្ពុជា ឬ Cambodian All Stars នឹងត្រូវប្រមូលផ្តុំធ្វើការហ្វឹកហាត់ជាលើកដំបូង នៅពហុកីឡដ្ឋានជាតិ នារសៀល និងល្ងាចថ្ងៃចន្ទនេះ ដើម្បីត្រៀមធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមលីកកំពូលទាំង២របស់ថៃ នាពេលខាងមុខនេះ។
2
លោក ប្រាក់ សុវណ្ណារ៉ា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជ្រើសរើសធ្វើជាគ្រូបង្គោលរបស់ Cambodian All Stars នោះបានកោះហៅកីឡាករឆ្នើមទាំងកម្ពុជា និងបរទេសចំនួន២០នាក់ ដើម្បីឲ្យចូលរួមក្នុងក្រុមនេះ ក្នុងនោះមានអ្នកចាំទី ស៊ូ យ៉ាទី និង សំរិត សីហា ខ្សែការពារ ទូច បញ្ចរ៉ុង Tomohiro Masaki សាយ ពិសិដ្ឋ Odion Anthony Obadin និង ស៊ុន សុវណ្ណារិទ្ធី ខ្សែបម្រើ ប្រាក់ មុន្នីឧត្តម Esoh Omogba គួច សុកុម្ភៈ Yuya Wada ធារី ចន្ថាប៊ីន និង Fukasawa Masahiro ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា Bisan George ទៀប វឌ្ឍនៈ Booyen Shane សួង វីរៈ Booyen Shane កែវ សុខផេង និងកីឡាករជប៉ុន Tatsuta Kazuki។
mm2
កីឡាករទាំង២០នាក់ និងមកជួបជុំគ្នា នៅម៉ោង៣រសៀលនេះ នឹងធ្វើការហ្វឹកហាត់ចាប់ពីម៉ោង៤ ដល់ម៉ោង៦ល្ងាច ហើយនេះក៏ជាពេលវេលាជាអចិន្រ្តៃដែលពួកគេត្រូវធ្វើការហ្វឹកហាត់ជាបន្តបន្ទាប់ នៅពហុកីឡដ្ឋានជាតិ ផងដែរ មុនពេលក្រុមតំណាងឲ្យកម្ពុជាមួយនេះ ត្រូវជួបក្រុម SCG Muangthong United នៅថ្ងៃទី១៦ ខែមករា នៅពហុកីឡដ្ឋានជាតិ និងជួបក្រុមខ្លាំង Buriram United នៅថ្ងៃទី២៣ ខែមករា ខណៈប្រាក់ដែលទទួលបានពីការលក់សំបុត្រ នឹងប្រគល់ជូនដល់មុន្ទីរពេទ្យគន្ធបុប្ផា៕