ឡាន​បុក​ម៉ូតូ​បុរស​ម្នាក់ របួសធ្ងន់​នៅ​ស្រុក​កូន​មុំ​

រតនគីរី: បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ដ​ម៉ាក VIGOបុក​ម៉ូតូ​កែច្នៃ​ពីក្រោយ​ពេញទំហឹង កាល​វេលា​ម៉ោង ជាង ១២​យប់ ឈានចូលថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​សិ​កឃុំ​តា​រង ស្រុក​កូន​មុំ  ខេត្តរតនគិរី​។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​កែច្នៃ រងរបួស​ធ្ងន់ មានឈ្មោះ ហ៊ោ ស្រ៊ាង ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បា​លុង​។ ចំណែក​អ្នកបើកបររថយន្ដ​បង្ក​មានឈ្មោះ ជូន សុខ​គារ ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ មាន​ទីលំនៅភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ និង​រួម​ដំណើរ​ជាមួយ​២​នាក់​ទៀត ម្នាក់ឈ្មោះ សល់ ភេទ​ប្រុស​។ ទី​២ ឈ្មោះ ម៉ាន់ ថា ភេទ​ប្រុស ក្រោយពី​កើតហេតុ អ្នកទាំងពីរ​បាន​រត់​គេចខ្លួន បាត់ស្រមោល​។​

​សាក្សី​នៅ​កន្លែង កើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្តម៉ាក VIGO ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 2A- 1589 ជិះ​គ្នា​៣​នាក់​​បាន​បើក​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ បាន​ច្រុល​ទៅបុក​ម៉ូតូ កែច្នៃ​១​គ្រឿងដែល​ជិះ​ដោយ​បុរស​ម្នាក់​ពីក្រោយ​(​ស្របគ្នា​) ពេញទំហឹង បណ្តាល​​ឲ្យ​រងរបួស​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន ចុះ​ដល់​កន្លែងកើតហេតុ​ជួយ ធ្វើអន្ដរាគមន៍ ដឹក​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​។​​ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​ជាក្រោយ​តាមច្បាប់​៕​