សម្តេច ស ខេង បង្កើតក្រុមការងារ ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ជាសាធារណៈ

ភ្នំពេញ៖ ក្រោយមានប្រតិកម្មខ្លំាង ចំពោះច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ពីសំណាក់មហាជនថា មិនទាន់យល់ដឹងច្បាស់នៅឡើយ ពីច្បាប់ចរាចរណ៍ ដែលរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តនោះ សម្តេច ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងារដើម្បីរៀបចំ វេទិកាផ្សាព្វផ្សាយ អំពីច្បាប់ថ្មីមួយនេះ។

យោងតាមសេចក្តីសម្រេច ដែលចុះសហត្ថលេខា ដោយសម្តេច  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក បានកំណត់ឲ្យក្រុមការងា ត្រូវចាត់ចែងបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងបង្រៀនច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ឲ្យបានទូលំទូលាយ ជូនដល់សាធារណៈជន គ្រប់មធ្យោបាយរួមតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និងផ្ទំាងប៉ាណូរូបភាព នៅទីសាធារណៈដើម្បីបង្កើនការយល់ដឹងអំពីច្បាប់នេះ សំដៅធានារក្សាសណ្តាប់ធ្នាប់ និងលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សម្តេចថា ក្រុមការងាវេទិកាអប់រំ ផ្សព្វផ្សាយស្តីពី ចរាចរណ៍ផ្លូវគោក មានសមាសភាពដូចជា  លោក អ៊ីវ ផល្លី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានជាប្រធាន,  លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន និងមានមន្រ្តីសំខាន់ៗ មួយចំនួនទៀតជាអនុប្រធាន និងសមាជិក៕