កម្មករ​រោងចក្រ​អ៊ែដ្យាយល៍​ស្វេតថឺ​គ្រោង​ហែ​ក្បួន​ទៅ​ផ្ទះ​នាយក​រដ្ឋមន្ត្រី​សុំ​ឲ្យ​ជួយ​ដោះស្រាយ

សហជីព និង​កម្មករ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ខេមបូឌា (Agile Sweater Cambodia) នៅ​ខេត្ត​កំពង់ស្ពឺ លើក​ឡើង​ថា ពួក​គេ​នឹង​លើក​គ្នា​ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១១ ខែ​មករា ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ជុំវិញ​ករណី​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ ពីព្រោះ​ថា ពួក​គាត់​បាន​ធ្វើ​កូដកម្ម​ទាមទារ​ជាច្រើន​លើក​មក​ហើយ តែ​មក​ទល់​ពេល​នេះ នៅ​តែ​គ្មាន​ដំណោះស្រាយ​ពី​ថៅកែ​នៅ​ឡើយ។

ក្រុម​កម្មករ និង​សហជីព​ចោទ​ប្រកាន់​ថា ក្រសួង​ការងារ មិន​បាន​គោរព​ការ​សន្យា​របស់​ខ្លួន ដែល​ថា​នឹង​ជួយ​អន្តរាគមន៍​ជុំវិញ​ករណី​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ខេមបូឌា នៅ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ផ្ទុះ​ការ​តវ៉ា​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ មក​នោះ។

ការ​លើក​ឡើង​របស់​ក្រុម​កម្មករ និង​សហជីព​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​គ្រប់​មុខ​សញ្ញា នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ពេល​ដោះស្រាយ​ករណី​នេះ ដោយ​កាល​ពី​ដំបូង ក្រសួង​អះអាង​ថា​នឹង​ត្រូវ​ប្រជុំ​ដោះស្រាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មករា នេះ តែ​បែរ​ជា​លើក​ពេល​ទៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​មករា វិញ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​មករា ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ សហជីព និង​កម្មករ បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ ជាច្រើន​លើក​ច្រើន​សា ស្នើសុំ​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ជូន​កម្មករ ដើម្បី​បញ្ចប់​វិវាទ និង​ការ​រំលោភ​សិទ្ធិ​កម្មករ ដែល​រោងចក្រ​បាន​ធ្វើ​កន្លង​មក។

លោក ប៉ាវ ស៊ីណា បន្ត​ថា បើ​ទោះ​ជា​ក្រសួង​ការងារ បាន​ទទួល​លិខិត និង​សន្យា​បើក​កិច្ច​ប្រជុំ​ជាមួយ​តំណាង​កម្មករ តំណាង​សហជីព និង​ភាគី​រោងចក្រ​ក្តី ផ្ទុយ​ទៅ​វិញ​ក្រសួង​បែរ​ជា​លើក​ពេល​ដោះស្រាយ​ទៅ​វិញ៖ «នេះ​ជា​ចេតនា​របស់​មន្ត្រី​មួយ​ចំនួន​ដែល​ជា​រូបភាព​មួយ ដែល​គាត់​ចេះ​តែ​ពន្យារ​ទៅៗ ដើម្បី​ឲ្យ​កម្មករ​គាត់​អស់​ខ្យល់ គាត់​បាក់​ទឹក​ចិត្ត ថា​អ្វី​ដែល​គាត់​ខំ​ប្រឹង មិន​ត្រូវ​បាន​ដោះស្រាយ ធ្វើ​ឲ្យ​គាត់​បាក់​ទឹក​ចិត្ត ហើយ​ធ្វើ​ឲ្យ​អ្វី​ដែល​គាត់​តាំង​ចិត្ត​ត្រូវ​រសាយ​ដោយ​ឯងៗ»

បន្ថែម​ពី​នេះ លោក ប៉ាវ ស៊ីណា ឲ្យ​ដឹង​ទៀត​ថា មិន​ត្រឹម​តែ​ក្រសួង​ការងារ បាន​លើក​ពេល​ដោះស្រាយ​ប៉ុណ្ណោះ​ទេ ករណី​មួយ​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៩ ខែ​មករា សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ ដោយ​បង្គាប់​ឲ្យ​កម្មករ​និយោជិត​ទាំងអស់​បម្រើ​ការងារ​នៅ​រោងចក្រ​នេះ ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​វិញ​តាម​វេន និង​តាម​ម៉ោង​ក្នុង​រយៈពេល ៤៨​ម៉ោង។ ជាង​នេះ​ទៀត តុលាការ​ជំរុញ​ឲ្យ​កម្មករ​ត្រូវ​តែ​អនុវត្ត​តាម​ដីកា​សម្រេច​នេះ​ជា​កំហិត។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​រូប​នេះ បាន​ដាក់​ការ​សង្ស័យ​ថា ការ​លើក​ពេល​ដោះស្រាយ​របស់​ក្រសួង​ការងារ ខណៈ​តុលាការ​បាន​ចេញ​ដីកា​សម្រេច អាច​ជា​លេស​ចង់​គេចវេះ​មិន​ចង់​ដោះស្រាយ​ជូន​កម្មករ។ ហេតុ​នេះ ទើប​កម្មករ និង​ក្រុម​សហជីព​ជាង ៣០០​នាក់ គ្រោង​នឹង​លើក​គ្នា​ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​១១ មករា៖ «ចឹង​បាន​ចំណុច​ហ្នឹង​ហើយ​ដែល​យើង​ចេះ​តែ​គាត់​ថា តាំង​ពី​ក្រសួង​ពន្យារ​ពេល​តាំង​ពី​ថ្ងៃ​ទី​៥ មក តែ​គាត់​ថា​ដោះស្រាយ ហើយ​បែរ​ជា​មិន​ដោះស្រាយ​វិញ ដូច្នេះ​ហើយ​បាន​យើង​ឡើង​ទៅ​តវ៉ា​រឿង​នេះ»

ចំណែក​ឯ​តំណាង​កម្មករ​រោងចក្រ អ៊ែដ្យាយល៍ ស្វែតថឺ ស្ថិត​នៅ​ភូមិ​បូរីកម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ លោក ឃិន ឧត្តម ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រុម​កម្មករ​នៅ​តែ​បន្ត​តវ៉ា គឺ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ៩​ចំណុច ក្នុង​នោះ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​គិត​តម្លៃ​ឡូ​តាម​ស្តង់ដារ បន្ថែម​លុយ​បាយ​ថែម​ម៉ោង​ចំនួន ២.០០០​រៀល ដក​រដ្ឋបាល​រោងចក្រ​ឈ្មោះ សេន ឌី ស្នើ​ឲ្យ​ក្រុមហ៊ុន​កុំ​បញ្ឈប់​កម្មករ និង​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​តំណាង​កម្មករ ព្រម​ទាំង​ស្នើ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ផ្សេង​ទៀត។

បញ្ហា​នេះ លោក​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​ការងារ និង​លោក​នាយក​រដ្ឋមន្ត្រី ត្រូវ​តែ​ចាត់​វិធានការ​ជួយ​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​ចម្រូងចម្រាស​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​គ្រោង​របស់​កម្មករ លើក​គ្នា​ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​មករា។

ទន្ទឹម​នឹង​នេះ វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​តំណាង​ភាគី​រោងចក្រ អ៊ែដ្យាយល៍ ស្វែតថឺ ដើម្បី​សុំ​ការ​បកស្រាយ​ចំពោះ​ការ​ទាមទារ​របស់​កម្មករ​បាន​នៅ​ឡើយ​ដែរ។

កម្មករ​កម្មការិនី​រោងចក្រ​ដេរ អ៊ែដ្យាយស៍ ស្វេតថឺ នៅ​តែ​អះអាង​ថា ការ​គ្រោង​លើក​គ្នា​ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​ព្យាយាម​សុំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត ហើយ​មិន​ត្រូវ​បាន​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ដោះស្រាយ​ជូន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។