អ្នក​រស់នៅ​តាម​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ​បារម្ភ​ខ្លាច​អាជ្ញាធរ​បណ្ដេញ​ចេញ

ប្រជាពលរដ្ឋ​សហគមន៍​ដែល​រស់នៅ​តាម​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​អំពី​ការ​បណ្ដេញ​ចេញ នៅ​ពេល​ឮ​ថា សាលា​រាជធានី​ភ្នំពេញ​មាន​ផែនការ​អភិវឌ្ឍន៍ និង​ស្ដារ​ប្រឡាយ​ទឹក​ស្អុយ​នៅ​រាជ​ធានី​ភ្នំពេញ។

តំណាង​សហគមន៍​សាមគ្គី​មានជ័យ​ថ្មី ដែល​រស់​នៅ​លើ​ប្រឡាយ​ស្ទឹងមានជ័យ លោក ស៊ុំ សារិន ថ្លែង​ថា ពួក​លោក​បារម្ភ​ក្នុង​ពេល​កំពុង​រង់ចាំ​ដំណឹង​ពី​ការ​សុំ​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អំពី​គម្រោង​អភិវឌ្ឍន៍​នៅ​ប្រឡាយ​នោះ៖ «ថា​មិន​អភិវឌ្ឍ​កន្លែង​បាន ឬ​អភិវឌ្ឍ​បាន ឬ​ប្ដូរ​លំនៅឋាន​ទៅ​គោលដៅ​ណា​អី ឲ្យ​គាត់​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​មុន​យ៉ាង​ហោច​ណាស់​ក៏​កន្លះ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អាច​ចរចា​គ្នា​បាន។ អភិវឌ្ឍ​នៅ​នឹង​កន្លែង សហគមន៍​ខ្ញុំ​មាន​ផែនទី​ប្លង់​ពង្រាង​ហើយ​ស្រេច​ហើយ សម្រាប់​បែង​ចែក​ជា​ផ្លូវ​ជា​ប្រឡាយ នៅ​សល់​ដី​សម្រាប់​ចែក​សហគមន៍​នៅ​គ្រប់ ដែល​មាន​ផ្លូវ​ប៉ះពាល់​ប៉ុន្មាន​គ្រួសារ។ ខ្លាច​គេ​ឲ្យ​រុះរើ​ចេញ​ទេ​រឿង​សំខាន់»

លោក ស៊ុំ សារិន មាន​ប្រសាសន៍​ទៀត​ថា ខាង​សហគមន៍​លោក​ចង់​បាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ហើយ​បាន​ដាក់​សំណើ​សុំ​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចរចា​អំពី​បញ្ហា​នេះ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥។ លោក​ឲ្យ​ដឹង​ថា អ្នក​រស់នៅ​តាម​បណ្ដោយ​ប្រឡាយ​ទឹក​ស្អុយ​ចាប់​ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ រហូត​ដល់​ផ្លូវ​សឡា មាន​ចំនួន ៥៤០​គ្រួសារ ហើយ​អ្នក​ប្រឈម​នឹង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ប្រឡាយ​នោះ​មាន​ចំនួន ៤៣៥​គ្រួសារ។

ទាក់ទង​នឹង​ការ​អភិវឌ្ឍ​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មិន​ទាន់​អាច​ឆ្លើយ​តប​បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ ទី​១០ មករា ពីព្រោះ​លោក​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ពី​មន្ត្រី​អភិវឌ្ឍន៍​តំបន់​ក្រីក្រ​ក្នុង​ក្រុង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។