ពលរដ្ឋ​៩៣​គ្រួសារ​នៅ​ស្រុក​ថាឡាបរិវ៉ាត់​ស្នើ​រដ្ឋាភិបាល​ស៊ើប​អង្កេត​នៃ​ការ​ផ្តល់​ដី​សង្គមកិច្ច

ពលរដ្ឋ​រស់នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ចោទ​ប្រកាន់​ឈ្មួញ​ម្នាក់​ថា​បាន​បោះ​ស្លាក​សញ្ញា​ហ៊ុមព័ទ្ធ​ដី​សហគមន៍ ក្រោម​រូបភាព​យក​ដី​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​របស់​អ្នក​ភូមិ។ អ្នក​ភូមិ​អះអាង​ថា គម្រោង​ហ៊ុមព័ទ្ធ​យក​ដី​នេះ មិន​មាន​លិខិត​បទដ្ឋាន​ស្រប​ច្បាប់ ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​នៅ​ឡើយ​ទេ។

អ្នក​ភូមិ ៩៣​គ្រួសារ​រស់នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ពី​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី អ្នកស្រី ងិន សារី បាន​បោះ​ស្លាក​សម្គាល់​កំណត់​ព្រំ​ដី​សម្បទាន​សង្គមកិច្ច នៅ​ចំណុច​អូរ​ស៊ីម៉ល់ ទល់​នឹង​អូរ​សៀមបូក ឋិត​នៅ​ភូមិ​រំដេង ឃុំ​ចម្ការលើ បង្ក​ផល​ប៉ះពាល់​ដីធ្លី​អាស្រ័យ​ផល​របស់​អ្នក​ភូមិ​ជាច្រើន​គ្រួសារ និង​ប៉ះពាល់​ព្រៃ​ស្រោង​ជា​តំបន់​ជម្រក​សត្វ​ព្រៃ។

តំណាង​ពលរដ្ឋ លោក សៀក សែន ចោទ​ប្រកាន់​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នេះ ថា​បំពាន​ដល់​ដីធ្លី​អាស្រ័យ​ផល​របស់​អ្នក​ភូមិ ដូចជា​ដី​ចម្ការ​វិល​ជុំ ព្រៃ​ស្រោង ដើម​ឈើ​ផលិត​ជ័រ​ទឹក ឬ​ដើម​ច្បោះ និង​បំពាន​ដី​សហគមន៍​ជាង ២​គីឡូម៉ែត្រ នៅ​ចំណុច​អូរ​សៀមបូក។ លោក​ថា អ្នកស្រី ងិន សារី បាន​បោះ​ស្លាក​សញ្ញា​កំណត់​ព្រំ​ដី​សម្បទាន​សង្គមកិច្ច បន្ទាប់​ពី​រដ្ឋាភិបាល​ពុំ​ទាន់​ជូន​ដំណឹង ស.ជ.ណ ឬ​អនុក្រឹត្យ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពន្យារ​ពេល​ដោះស្រាយ​បញ្ហា​នេះ នឹង​បង្ក​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ បន្ទាប់​ពី​ឈ្មួញ​បាន​សម្រុក​កាប់​ឆ្ការ​ព្រៃ​ស្រោង​នៅ​មូលដ្ឋាន​អស់​ជាច្រើន​ហិកតារ៖ «ប្រជាពលរដ្ឋ​ចង់​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ឲ្យ​ពលរដ្ឋ​បង្កបង្កើត​ផល ព្រោះ​ត្រង់​ណា​ក៏​ដី​សម្បទាន ពលរដ្ឋ​អត់​មាន​កន្លែង​រស់នៅ​ផង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នកស្រី ងិន សារី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ មករា។

កាល​ពី​ឆ្នាំ​២០១៣ អ្នកស្រី ងិន សារី បាន​ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ចំនួន ១១៧​គ្រួសារ​មក​ពី​ខេត្ត​ត្បូងឃ្មុំ ចំនួន ១.៥០០​ហិកតារ។ ក្នុង​សំណើ​នោះ ពលរដ្ឋ​មួយ​គ្រួសារ​ទទួល​បាន​ដី ៥​ហិកតារ ទទឹង​ទំហំ ៥០​ម៉ែត្រ និង​បណ្តោយ ១.០០០​ម៉ែត្រ។

មេ​ឃុំ​ចម្ការលើ លោក ព្រះ ហែម លើក​ឡើង​ថា អាជ្ញាធរ​ស្រុក និង​ខេត្ត​ធ្លាប់​ចុះ​កំណត់​ព្រំ​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​នោះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​ហត្ថលេខា​យល់ព្រម បន្ទាប់​ពី​មាន​លិខិត​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​របស់​ពលរដ្ឋ ១១៧​គ្រួសារ រស់នៅ​តាម​ច្រាំង​ទន្លេ​នៅ​ខេត្ត​ត្បូងឃ្មុំ៖ «គេ​រត់​ការ​នៅ​តាម​លំដាប់​ថ្នាក់​តាម​ខ្សែ​បណ្តោយ​អស់​ហើយ រដ្ឋាភិបាល​អស់​ហើយ ប៉ុន្តែ​ដល់​ថ្ងៃ​ក្រោយ​ទៅ ស្រាប់​តែ​ពួក​នោះ​មក​រក​រឿង​ក្រោយ​គេ​ទៀត»

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ ហាក់​លាក់​បាំង​ព័ត៌មាន​ស្ដីពី​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន ដូចជា​ប៉ះពាល់​តំបន់​ព្រៃ​ស្រោង ប៉ះពាល់​ដី​ចម្ការ​វិល​ជុំ និង​ដីធ្លី​អាស្រ័យ​ផល​របស់​អ្នក​ភូមិ ជាដើម។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល រក​ឃើញ​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ ១១៧​គ្រួសារ ពុំ​ទាន់​គ្រប់​លក្ខខណ្ឌ​បទដ្ឋាន ដើម្បី​អនុលោម​តាម​ច្បាប់​នៅ​ឡើយ​ទេ។ ដូច្នេះ គម្រោង​ហ៊ុមព័ទ្ធ​យក​ដី និង​កាប់​ឆ្ការ​ព្រៃ​ដើម្បី​បែង​ចែក​ដីធ្លី​ជូន​ពលរដ្ឋ​របស់​ឈ្មួញ អាច​ខុស​នីតិវិធី។ លោក​ថា បើ​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ត្រូវ​គោរព​កាតព្វកិច្ច ឬ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល តម្រូវ​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ អណ្ដូង​ទឹក និង​វត្ត​អារាម​ជាដើម ដល់​ពលរដ្ឋ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​នោះ៖ «យើង​ឲ្យ​ផ្តល់​ចុះ ១.៥០០​ហិកតារ ប៉ុន្តែ​យើង​ចុះ​វាស់វែង​កំណត់​ព្រំ​សិន ចាំ​យើង​ចូល​ទៅ​ធ្វើ។ ឥឡូវ​ប៉ាតណាប៉ាតណី»

កាល​ពី​ចុង​ឆ្នាំ​២០១៥ ពលរដ្ឋ​ចំនួន ៩៣​គ្រួសារ បាន​ផ្ដិត​មេដៃ​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អាដហុក ករណី អ្នកស្រី ងិន សារី បាន​ជួល​កម្មករ​កាប់​ឆ្ការ​ព្រៃ និង​ដើម​ផលិត​ជ័រ​ទឹក​របស់​សហគមន៍។ អាជ្ញាធរ​ឃុំ​ចម្ការលើ អះអាង​ថា រហូត​ដល់​បច្ចុប្បន្ន ពលរដ្ឋ​បាន​មក​រស់នៅ​ជា​បណ្ដើរៗ​នៅ​តំបន់​នោះ​ជាង ៥០​ភារ​យ ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១១៧​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។