ពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា​មិន​ទប់ស្កាត់​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​នៅ​កាស៊ីណូ​ក្រុង​ប៉ោយប៉ែត

ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ រិះគន់​អាជ្ញាធរ​ខេត្ត​នេះ ថា​បណ្ដោយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ស៊ី​សង​ក្នុង​កាស៊ីណូ នៅ​ក្រុង​ប៉ោយប៉ែត ដោយ​សេរី​ពុំ​មាន​ការ​ទប់ស្កាត់​នោះ​ទេ។ សង្គម​ស៊ីវិល និង​ពលរដ្ឋ ព្រួយ​ខ្លាច​ការ​បណ្ដោយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​នៅ​កាស៊ីណូ​ដោយ​សេរី​បែប​នេះ នឹង​បង្ក​អសន្តិសុខ​ក្នុង​សង្គម។

ពលរដ្ឋ និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ អំពាវនាវ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ស៊ី​សង​ក្នុង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ជា​បន្ទាន់។

ពលរដ្ឋ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ មករា ថា ពលរដ្ឋ​ខ្មែរ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ នាំ​គ្នា​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​នៅ​ជាយ​ដែន​ខ្មែរ-ថៃ នៃ​ក្រុង​ប៉ោយប៉ែត ដោយ​សេរី​ជា​រៀង​រាល់​ថ្ងៃ និង​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ទប់ស្កាត់​នោះ​ទេ។ ពលរដ្ឋ​រូប​នេះ ព្រួយ​បារម្ភ​ខ្លាច​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​នៅ​កាស៊ីណូ​យូរ​ទៅ នឹង​កើត​មាន​ចោរកម្ម បង្ក​អសន្តិសុខ​ក្នុង​សង្គម​ជាតិ៖ «ខ្ញុំ​ព្រួយ​បារម្ភ​រឿង​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​នេះ​ខ្លាំង​ណាស់ ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា បើ​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់​សោះ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា កន្លង​មក អាជ្ញាធរ​ខេត្ត​តែង​ទប់ស្កាត់​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ចូល​ទៅ​លេង​ល្បែង​ស៊ី​សង​ក្នុង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត នោះ​ទេ៖ «អាជ្ញាធរ​យើង​បាន​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ណាស់​ចំពោះ​រឿង​ពលរដ្ឋ​ចូល​ល្បែង​ស៊ី​សង​នេះ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​ឆ្លើយ​បដិសេធ​ឆាប់​រហ័ស​ពេក ដោយ​ខ្វះ​ការ​ចុះ​ស្រាវជ្រាវ​ដល់​ទី​កន្លែង​ឲ្យ​បាន​ច្បាស់លាស់។ លោក​ពន្យល់​ថា ការ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ ពុំ​បាន​ផល​ចំណេញ​ដល់​សង្គម​ជាតិ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​សង្គម ពីព្រោះ​បង្ក​ឲ្យ​កើត​ហិង្សា​ក្នុង​គ្រួសារ ដោយសារ​ចាញ់​ល្បែង​អស់​ប្រាក់ និង​កើត​មាន​ករណី​ចោរកម្ម ជាដើម៖ «អ៊ីចឹង​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្រុង​ប៉ោយប៉ែត នោះ កើត​មាន​មែន ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ឆ្លើយ​ដោះសា ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ប៉ុណ្ណោះ»

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ កន្លង​ទៅ មាន​កុមារ​អាយុ ១៣​ឆ្នាំ​ម្នាក់ ម្ដាយ​មាន​របរ​ដើរ​សុំ​ទាន​រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ចង​ក​សម្លាប់​ខ្លួន​ឯង ដោយសារ​តែ​ពុំ​បាន​ទៅ​សុំ​បាយ​ក្នុង​ពិធី​មង្គលការ​អ្នក​ស្រុក​ឲ្យ​ម្ដាយ​ហូប​បាន។ លោក ស៊ុំ ច័ន្ទគា ស៊ើប​អង្កេត​រក​ឃើញ​ថា ម្ដាយ​កុមារ​រូប​នោះ​មាន​ជីវភាព​ខ្វះខាត ដោយសារ​ចូល​លេង​ក្នុង​បន​ល្បែង​កាស៊ីណូ​ប៉ោយប៉ែត ញឹកញាប់។ បច្ចុប្បន្ន នៅ​ក្រុង​ប៉ោយប៉ែត មាន​បន​ល្បែង​កាស៊ីណូ​ទាំងអស់ ១៤​កន្លែង ដោយ​ភាគ​ច្រើន​មាន​ម្ចាស់​ជា​ជន​បរទេស ហ៊ុន​ជាមួយ​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។