ប្រភេទ ហានិភ័យ និងរបបអាហារ នៃ «ក្រុមឈាម» នីមួយៗ ដែលយើង មិនធ្លាប់បានដឹង!

យល់ដឹង៖ ប្រជាជន​កម្ពុជាភាគច្រើន​មិន​សូវ​ មាន​ចំណាប់​អារម្មណ៍ចង់​ដឹង​ចង់​លឺ ពី​ប្រភេទឈាមនោះឡើយ។ ប៉ុន្តែបើតាម​ការ​ស្រាវជ្រាវរបស់​អ្នក​វេជ្ជសាស្រ្តមួយចំនួន​ ការដឹង​ពីប្រភេទឈាម​ និង​ទទួល​ទាន​អាហារសម្របតាមប្រភេទឈាម​របស់​ខ្លួន មានសារៈសំខាន់​ណាស់ ​ក្នុងការ​ទប់​ស្កាត់ហានិភ័យនៃជំងឺមួយចំនួន។ 

ការបែង​ចែក​ក្រុមឈាម​ អាច​ធ្វើទៅបាន ​ដោយ​កំណត់​លើប្រព័ន្ធ ABO (ABO blood group system) និង​តាម​ប្រព័ន្ធ RH (RH blood group system)។  ការបែង​ចែក​ក្រុម​ឈាមតាម​ប្រព័ន្ធ ABO (ABO blood group system) ពិនិត្យ​មើលសមាសធាតុគីមី​ ក្នុង​គ្រាប់​ឈាម​ក្រហម​ ដែល​ក្រុមឈាម​នីមួយៗ​មាន​ខុសៗគ្នា។

ប្រភេទ ហានិភ័យ និងរបបអាហារ នៃ «ក្រុមឈាម» នីមួយៗ ដែលយើង មិនធ្លាប់បានដឹង!

តារាង​បង្ហាញ​ធាតុគីមី ​ក្នុង​គ្រាប់​ឈាម​ក្រហម ​របស់​ក្រុមឈាម A, B, O, និង​ AB ៖

ប្រភេទ ហានិភ័យ និងរបបអាហារ នៃ «ក្រុមឈាម» នីមួយៗ ដែលយើង មិនធ្លាប់បានដឹង!

ការ​កំណត់​ឈាម​តាម​ប្រព័ន្ធ RH កំណត់​ថា ​ប្រភេទ​ឈាម​របស់​អ្នក (A, B, O, ឬ AB) ជា​ក្រុមឈាមវិជ្ជមាន ឬ​ អវិជ្ជមាន។ ក្នុង​គ្រាប់​ឈាម​ក្រហម ពេល​ខ្លះ​វា​មាន​បង្កប់​នូវ​ប្រ៉ូតេ​អ៊ីនម្យ៉ាងគឺ (RhD antigen) ប្រសិនបើអ្នក​មាន​ ប្រូតេអ៊ីន​នេះ​ក្នុង​ឈាម អ្នកស្ថិតក្នុងប្រភេទឈាម​វិជ្ជមាន (A+, B+, AB+, O+) តែប្រសិនបើ​គ្មាន​ទេ អ្នកស្ថិត​ក្នុង​ប្រភេទឈាម​អវិជ្ជមាន (A-, B-,  AB-, O-)។ ប្រូតេអ៊ីន​ និង​សមាសធាតុដ៏ទៃ ​ដែល​កំណត់​ប្រភេទឈាមរបស់​បុគ្គលម្នាក់ៗ​ ទទួលបាន​ពី​តំណរ​ពូជ។

តារាង​បង្ហាញ​ប្រភេទឈាម ​ដែលអាចស្នងពីឪពុក/ម្តាយ៖

 ប្រភេទ ហានិភ័យ និងរបបអាហារ នៃ «ក្រុមឈាម» នីមួយៗ ដែលយើង មិនធ្លាប់បានដឹង!
ការយល់​ដឹង ​ពី​ប្រភេទឈាម​ មា​នសារៈសំខាន់ ទីមួួយ ដើម្បីការផ្តល់​ឈាម និង​ទទួ​ល​យក​ការ​បរិច្ចាក​ឈា​ម​ ក្នុង​ករណី​មាន​ឧប្បត្តិហេតុ​ផ្សេងៗ ទីពីរ ដើម្បីយល់​ដឹង​ពី​ហានិភ័យ និង​ជំងឺនានា ដែល​ក្រុមឈាមនីមួយៗ ​​ប្រឈមមុខ និង​ចុង​បញ្ចាប់ យល់ដឹង​ពីរបបអាហារ ​ដែល​មាន​សារៈប្រយោជន៍ឲ្យរាង​កាយ​មាន​សុខភាព​ល្អ។

ប្រភេទឈាម ​ដែល​អាច​បរិច្ចាគឲ្យគ្នាបាន​ (Blood Type Compatibility)៖

 ប្រភេទ ហានិភ័យ និងរបបអាហារ នៃ «ក្រុមឈាម» នីមួយៗ ដែលយើង មិនធ្លាប់បានដឹង!

ក្រុមឈាម​និង​ហានិភ័យ​នៃ​ជំងឺ

=> ហានិភ័យក្រុមឈាម A

​ជំងឺ​ស្ត្រេស​ (Stress) ៖ ប្រភេទឈាម​ A មាន​ជាតិស្ករ​ទាប និងមាន​អ័រ​ម៉ូន​ស្រ្តេស​​ (Cortisol)​ ខ្ពស់​។ ​អ័រ​ម៉ូន​ស្រ្តេស​​ (Cortisol)​ ធ្វើ​អោយ​ខួរក្បាល ​មាន​ប្រតិកម្ម​ខ្លាំង ​ក្រោម​សំពាធដូច​ជា​ សំពាធឈាម​ឡើង​ខ្ពស់ បេះដូចលោតញាប់ ​ដូច្នេះ​ហើយ អ្នកមាន​ឈាម​ប្រភេទ​ A​ មាន​ចរិក​ឆេវឆាវ ប្រឈមមុខ​នឹង​ជំងឺ​ស្រ្តេស និង​ជំងឺនានាដែល​ពាក់​ព័ន្ធ​នឹង​សសៃប្រសាទ។

ជំងឺ​មហារីក​ក្រពះ៖ ក្នុងចំណោម អ្នក​ដែល​មាន​ជំងឺ​មហាររីកក្រពះទាំងអស់ ភាគរយនៃអ្នកមានប្រភេទឈាម A មាន​ចំនួន​ខ្ពស់​ជាងគេ។ ​ ក្រុមឈាម A មាន​ចំនួន ៤៤.៩១% ក្រុមឈាម O មាន​ចំនួន ២៧.៦៦%  ក្រុមឈាម B មាន​ចំនួន ២២.៣% ក្រុមឈាម AB មាន​ចំនួន ៨.១៣% ។​ ក្នុងការស្រាវជ្រាវមួយក្នុងប្រទេសចិន នៅមន្ទីពេទ្យ Ruijin ទីក្រុងសៀងហៃ ស្តី​ពីទំនាក់​ទំនងក្រុមឈាម និង​ជំងឺមហារីកក្រពះ បានរកឃើញថា  អ្នក​ដែល​មាន​ឈាមប្រភេទ​ A មាន​ប្រព័ន្ធរំលាយ​អាហារ​ ខ្សោយជាងក្រុមឈាមដទៃ ​ដោយសារអ្នកមាន​ឈាម​ប្រភេទ A  បញ្ចេញអាស៊ីតក្រពះ​តិចតួ​ច ​ពេល​រំលាយអាហារ ដូចនេះអាហារមួយ​ចំនួួន ដូច​ជា​សាច់ អាហារ​មាន​ជាតិប័រ និង​​គ្រាប់​ធញ្ញជាតិជាដើម ដែល​មាន​លក្ខណៈរឹង ស្វិត ពិបាក​រំលាយ នឹង​ធ្វើអោយ​ក្រពះអ្នកមាន​ឈាម A ធ្វើ​ការ​ធ្ងន់​ជាង​ធម្មតា និង​ងាយ​ចុះទន់​ខ្សោយទៀតផង។

=> ហានិភ័យក្រុមឈាម  B

ជំងឺមហារីកលំពែង ៖ ក្នុងការស្រាវជ្រាវឆ្នាំ ២០០៩ របស់មហាវិទ្យាល័យហូវើត សហរដ្ឋអាមេរិក ឲ្យដឹងថា ១៧% នៃអ្នកជំងឺមហារីកលំពែង មាន ៤០,០០០នាក់ ស្នង​ជំងឺនេះ​ដោយស្វ័យប្រវត្តិ ពីឪពុកឬម្តាយដែលមាន​ឈាម​ប្រភេទ​​ B។ ប្រសិន​បើឪពុក ឬម្តាយ មាន​ជំងឺមហារីកលំពែង និង​មាន​ឈាម​ប្រភេទ ​B ​អ្នក​មានឈាម​ប្រភេទ​ ​B ដែរ ឱកាសអាច​កើតមាន​ជំងឺ​មហារីកលំពែង​ នឹង​កើនឡើងដល់​ទៅ ៧២% លើស​ពីប្រភេទ​ឈាាម​ដទៃ។ នេះ​បណ្តាលមក​ពី ប្រភេទឈាម​ B គ្មាន​ប្រព័ន្ធការពារ​រាង្គកាយ Antigen ដូច​ប្រភេទឈាម A និង AB ។​

=> ហានិភ័យក្រុមឈាម  AB

ជំងឺបេះដូង​ ៖ តាមរយៈការស្រាវជ្រាវ ក្នុងឆ្នាំ ២០១២ របស់​ដុកទ័រ លូ គី (Dr. Lu Qi)​​ មក​ពីមហាវិទ្យាល័យហូវើត សហរដ្ឋអាមេរិក​ ដែល​បាន​ពិនិត្យសិក្សា​សុខភាព​របស់​មនុស្សវ័យ៣០ ដល់ ៧៥ឆ្នាំ ​ចំនួួន ៨៩,៥០០នាក់ បាន​ស្វែងរកឃើញ​ថា អ្នក​ដែល​មានប្រភេទ​ឈាម​ AB ប្រឈម​មុខនឹង​ជំងឺគាំងបេះដូង ២៣% ខ្ពស់​ជាងប្រភេទឈាម​ដទៃ។ នេះ​បណ្តាល​មកពីប្រភេទ​ឈាម​ AB មានប្រតេអ៊ីនម្យ៉ាង ដែល​មាន​ឈ្មោះ​ថា Von Willebrand factor ដែល​ជាកាតាលីករ​ធ្វើអោយ​ឈាមងាយ​កក​ ប្រសិន​បើ​កំរិតជាតិខ្លាញ់​ Cholesterol ក្នុង​ឈាម​កើនឡើង។

ជំងឺភ្លេចភ្លាំង (Dementia) ៖ ជំងឺភ្លេចភ្លាំង ជា​ជំងឺបាត់​បង់​ការ​ចងចាំកំរិត​ធ្ងន់ ដែល​បណ្តាល​ឲ្យមនុស្ស ភ្លេចហេតុការណ៍សំខាន់ៗក្នុង​ជិវិត ដូច​ជា​ភ្លេច​ថា​ខ្លួនឯង ​មានកូន មា​នគ្រួសារ​ ធ្លាប់​រៀបការ​ ជាដើម។ ជាទូទៅកម្រមាន​អ្នក​មាន​ជំងឺ​បាត់​បង់​ការ​ចងចាំនេះ​ណាស់។ ទោះបីមាន ក៏មានតែ​ចំពោះ​មនុស្សចាស់​ជរា​ ចាប់​ពី​អាយុ ៦៥ឆ្នាំ​ឡើង​ទៅដែរ ប៉ុន្តែតាមការសិក្សារបស់ ដុក​ទ័រ ម៉ារី ខូសមែន (Dr. Mary Cushman) មក​ពីមហាវិទ្យាល័យឱសថសាស្រ្តនៅទីក្រុងវឺម៉ុន នៃសហរដ្ឋអាមេរិក (University of Medicine, Vermont) អ្នក​ដែល​មាន​ឈាម​ប្រភេទ​ AB ចាប់​ផ្តើម​បង្ហាញពីអាការៈ​បាត់​បង់​ការចងចាំ​កំរិតស្រាល ​ចាប់តាំង​ពីអាយុ ៣០ឆ្នាំមកម្ល៉េះ។​

តាម​រយៈ​ការបន្តការសិក្សា និង​ធ្វើតេស្តលើ​ការចងចាំរបស់​មនុស្ស ៣០,០០០នាក់ រយៈពេល​ ៣ឆ្នាំ ក្នុងនោះ មាន ៦% នៃ​ឈាម​ប្រភេទ​ AB មាន​ការ​ចង​ចាំ​ថយ​ចុះ ខណៈពេល​ដែល​ប្រភេទ​ក្រុម​ឈាម​ដទៃ​ មាន​អត្រា​បាត់​បង់​ការ​ចងចាំមិន​ដល់​ មួយភាគរយផង។ ដុក​ទ័រ ម៉ារី ខូសមែន សង្ស័យ​ថា​កត្តា​ដែល​មនុស្សក្នុង​ក្រុម​ឈាម​ AB មាន​ការចង​ចាំ​ចុះខ្សោយឆាប់រហ័ស ​បណ្តាល​មក​ពី ឈាម AB ងាយកក​មិន​អាច​ផ្តល់​អាហារ​បំប៉ន​ដល់​ខួរក្បាល​បាន​ល្អ ដូច​ក្រុមឈាម​ដទៃ។ ប៉ុន្តែនេះត្រឹម​ជាការអះអាងមួយប៉ុណ្ណោះ ដោយ​សារ​ការ​សិក្សាយល់​ដឹង​ពី​ខួរក្បាល​ និង​ប្រព័ន្ធប្រាសាទរបស់​មនុស្សនៅ​មាន​កំរិត គេ​អាច​ត្រឹម​តែសន្និដ្ឋាន​ថា អ្នកមាន​ប្រភេទឈាម AB អាចនឹងងាយប្រឈម​មុខ​នឹង​ជំងឺ​ភ្លេចភ្លាំង ជាង​ក្រុមឈាម​ដទៃមែន​ ប៉ុន្តែរបបអាហារ​ ការ​ហាត់​ប្រាណ​ និង​សិល្បៈក្នុងការ​រស់នៅ (lifestyle) ក៏ជាកត្តាចំបង​បណ្តាល​ឲ្យ​មាន​ជំងឺនេះដែរ។​

=> ហានិភ័យក្រុមឈាម  O

ជំងឺ​មហារីក​ស្បែក ៖ តាម​រយៈការស្រាវជ្រាវក្នុងឆ្នាំ ២០១១ របស់​ ដុកទ័រ ជេ ហ្សី (Dr. J.Xie) មកពីមហាវិទ្យាល័យ ហូវើត របស់អាមេរិក អ្នក​ដែលមាន​ឈាមប្រភេទ​ O មាន​ឱកាសប្រឈមមុខនឹង​ជំងឺមហារីកស្បែក ១៤%  ច្រើនជាងក្រុមឈាម​ដទៃ។ គួរអោយ​សោកស្តាយ ​ការ​ស្រាវជ្រាវ​នោះ​នៅបន្តសិក្សានៅឡើយ​  គេមិនទាន់អាច​បញ្ជាក់​បាន​ទេ​ថា​មូលហេតុអ្វី បណ្តាលអោយ​ក្រុមឈាម​ O ប្រឈម​នឹង​គ្រោះថ្នាក់មហារីកស្បែក​ខ្លាំងជាង​គេដូច្នេះ។

ជំងឺធាត់ (Obesity) ៖ ជាធម្មតា​កាបូនអីដ្រាត ​បានពីបាយ​អង្ករ ​ដែល​យើងត្រូវ​ទទួល​ទាន​ក្នុងបរិមាណច្រើន ត្រូវ​រាង្គកាយបំប្លែងទៅជា ស្ករ glucose​​ ដើម្បីរាង្គកាយ អាច​យក​វាមកប្រើប្រាស់​ជា​ថាមពល​ប្រចាំថ្ងៃបាន។ ប៉ុន្តែសម្រាប់ អ្នក​មាន​ប្រភេទឈាម  O កាបូនអីដ្រាតទាំងអស់ ​នឹង​បម្លែងទៅជាប្រភេទ​ខ្លាញ់ម៉្យាង ​ដែល​មាន​ឈ្មោះថា Triglycerides​ វាជា​ប្រភេទ​ខ្លាញ់​ក្នុង​គ្រាប់​ឈាម​ ដែល​រាង្គកាយ ​អាច​ប្រើប្រាស់​ជា​ថាមពល​ដូចស្ករ Glucose តែ Triglycerides ក្នុង​បរិមាណ​ច្រើន ធ្វើឲ្យ​រាង្គកាយ​ធាត់​ មិន​ងាយ​ស្រក​ទំងន់​មកវិញ។

យល់ដឹងអំពី របប​អាហារ​

ការទទួលទាន​របបអាហារ​ស្រប​ទៅតាម ​ប្រភេទឈាម​ ជារបកគំហើញ​ថ្មី ដែល​ទើប​នឹងមាន​គេសិក្សា​ក្នុងកំឡុង​១០​ឆ្នាំចុងក្រោយនេះ​ប៉ុណ្ណោះ។ ក្រុមឈាម​នីមួយៗ ​មាន​អង្គការ​ពារ​ខ្លួន​ពីជំងឺ​ផ្សេងៗគ្នា​ និង​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ខុសគ្នា។

=> របបអាហារក្រុមឈាម A

ដូច​បាន​រៀបរាប់​ជាសង្ខេប​ ក្នុងអត្ថបទ​ខាងលើ​ហើយ​ថា​ ក្រុមឈាម ​A មិនមាន​សមត្ថភាព បញ្ចេញ​អាស៊ីត​រំលាយ​អាហារ​បាន​ច្រើនទេ ដូច​នេះហើយ​តាម​យោបល់​របស់ ដុក​ទ័រ ម៉ាយខល លាំ (Micheal Lam) ជា​អ្នកឯកទេសត្រួតពិនិត្យ​របបអាហារ (nutritionist) មកពីសហរដ្ឋអាមេរិក​​​​ អ្នក​មាន​ឈាម​ប្រភេទ​ A គួរ​តែទទួល​ទាន​អាហារ​បួស ដោយសារ​​ឈាម​ប្រភេទ​ A មិន​អាច​រំលាយ​សាច់​បាន​ល្អទេ។ ក្រៅពីនេះ ដើម្បី​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់ ​ដោយ​មិន​បាច់​ញ៉ាំសាច់ ​ឈាម​ប្រភេទ​ A ត្រូវ​ទទួល​ទានបន្លែ ដែល​មាន​ប្រូតេអ៊ីនច្រើន ដូចជា តៅហ៊ូ សន្តែកសៀង និងប្រេងអូលីវ​ជាដើម។

=> របបអាហារក្រុមឈាម B

ផ្ទុយពីឈាមប្រភេទ A ដែល​ត្រូវ​ជាស​វាងការញ៉ាំសាច់  អ្នក​ដែល​មាន​ឈាមប្រភេទ B អាច​ទទួល​ទាន​សាច់​គ្រប់​ប្រភេទបាន​ លើកលែងតែ សាច់មាន់​ប៉ុណ្ណោះ។ សាច់មាន់​មាន​ប្រូតេអ៊ីន លេចទីន (lectin)  ដែល​ជាកំនរ ពេល​ជួបប្រទះនឹង​ antigen B​ ដែល​មាន​ក្នុងឈាម​ប្រភេទ ​B ។ ប្រូតេអ៊ីនលេចទីន (lectin) នេះ ​ជាប្រចាំ​អាច​ប្រឈមមុខនឹង​បញ្ហារំលាយ​អាហារ​នានា ​ដូច​ជា​ ក្រពះ និង លំពែង​ជាដើម។

សម្រាប់​បន្លែ​ ផ្លែឈើ​វិញ ក្រុមឈាម B អាច​ទទួល​បាន ​ដោយ​មិន​មាន​បញ្ហាអ្វីឡើយ លើក​លែងប៉េងប៉ោះ សណ្តែក​គួរ និង​​ពោត ដែល​សុទ្ធតែមាន​​ ប្រូតេអ៊ីនលេចទីន (lectin) ក្នុងនោះ។

អាហារ​ដែល​ល្អបំផុត សម្រាប់​ឈាម​ប្រភេទ B មានដូចជា សាច់​ពពែ ចៀម​ ទឹក​ដោះគោ ស៊ុត និង​គ្រាប់​ធុញ្ញជាតិ​គ្រាប់​ប្រភេទ។

=> របបអាហារក្រុមឈាម AB

ឈាមប្រភេទ AB ជាលទ្ធផល​នៃការបន្សំ បង្កាត់​ពូជរវាង ឈាម​ប្រភេទ A និង B​​អស់​រយៈកាល​រាប់​រយ​ឆ្នាំមក ដោយ​ហេតុនេះហើយ ឈាម​ប្រភេទ AB ជាកូនកាត់​ (mutant blood cell) ដែល​កម្រជាង​គេ​និង​មាន​ធាតុស៊ាំច្រើនជាង​គេបង្អស់។ ក្រុមឈាម​ AB អាចទទួល​ទាន​អាហារ​គ្រប់ប្រភេទ​បាន មិន​ប៉ះពាល់​ដល់​សុខភាព​ ។​ អាហារ​មួយ​ចំនួន​ដូច​ជា​​​ ពោត​ គ្រាប់​​ធុញ្ញជាតិ សាច់​គោ ជាដើម គួរទទួលទាន​ក្នុងបរិមាណតិច ប៉ុន្តែក៏មិន​ចាំបាច់​ជៀសវាង​ទាំងស្រុងដែរ។

=> របបអាហារក្រុមឈាម O

ក្រុមឈាម​ O ជាក្រុមឈាម​ មាន​អាយុកាល​យូរ​ជាង​គេបង្អស់ DNA របស់​ក្រុមឈាម O ទម្លាប់​ក្នុងការបម្លែង អាហារ​ទាំងអស់​ ដែល​ខ្លួន​ទទួល​ទា​នទៅជា​ខ្លាញ់​ សម្រាប់​ផ្តល់​ថាមពល​ដល់​រាង្គកាយ។​ អ្នក​ដែល​មាន​ឈាមប្រភេទ​ O គួរ​ទទួល​ទានសាច់ ​ឲ្យ​បាន​ច្រើន​ ដើម្បីទទួល​បាន​ថាមពល​ច្រើន ឆាប់​ឆ្អែត​ និ​ង​កាត់​បន្ថយ ការទទួលទានកាបូនអីដ្រាត ដូច​ជាបាយ ស្រូវសាលី​ ជាដើម ព្រោះ​អាហារទាំងនោះ ត្រូវញ៉ាំក្នុងបរិមាណច្រើន ដែល​ឈាម​​O នឹងប​ម្លែង​ជា​ខ្លាញ់​លើសលប់៕

ក្រោយ​ពីយល់ដឹង​ ពីប្រភេទ​ឈាម​នីមួួយៗហើយ ប្រិយមិត្តអ្នកអាន ចង់​ដឹង​ឬអត់ ​ថា​ខ្លួន​អ្នក មាន​ឈាម​ប្រភេទ​ណាមួយ?

 

ប្រភពស្រាវជ្រាវ៖ , , , , , , , , , , , , ,

ដោយ៖ លីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត