ជម្លោះ​រឿង​មិន​ដួស​បាយ​ឲ្យ​ស៊ី ប្តី​កាប់​ក្បាល​ប្រពន្ធ​ស្លាប់

ពោធិ៍សាត់:  បុរស​ម្នាក់​ត្រូវ​នគរបាល​មូលដ្ឋាន​ចាប់ខ្លួន​បញ្ជូនទៅ​សាលាដំបូង ក្រោយពី​ប្រើអំពើហិង្សា​កាប់​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់ ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យគ្រាន់តែ​ជម្លោះ​រឿង​មិន​ដួស​បាយ​ឲ្យ​ស៊ី​ប៉ុណ្ណោះ​។​

​ហឹ​ង្សា​កាប់​ប្រពន្ធ​ស្លាប់​នោះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង​៣ រសៀល ថ្ងៃទី​៩ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​អា​រ៉ែ​ន ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ។​

​មន្ត្រីនគរបាល​ស្រុក​បាន​ឲ្យ​ដឹងថា ជនដៃដល់​មានឈ្មោះ ចែម សុខុម អាយុ​៤៩​ឆ្នាំត្រូវជា​ប្តី បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ឈ្មោះ សិទ្ធ លី អាយុ​៣៤​ឆ្នាំ នៅ​គ្រា​ដែលប្រពន្ធ​ទាញ​កាំបិតផ្គាក់​មក​គំរាម​ប្តី តែ​ត្រូវ​ប្តី​ដណ្តើមបាន​កាប់​ទៅលើ​ប្រពន្ធ​១កាំបិត ត្រូវ​ក្បាល​លើ​ត្រចៀក​ខាងឆ្វេង​រងរបួស​ធ្ងន់ និង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យខេត្តពោធិ៍សាត់ ។​

​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅ​ម៉ោង​ប្រមាណ​ជា​៣​និង​៣០​នាទីរសៀល គេ​ឃើញ​ឈ្មោះ សិទ្ធ លី ត្រូវ​ប្តី អូស​ចេញពីផ្ទះ​មក​ដាក់​នៅ​ផ្លូវថ្នល់ដោយមាន​ឈាម​ហូរ​ជោក​ខ្លួន ។ ពេលនោះ ប្រជាពលរដ្ឋ​បាន​យក​ក្រមាម​ករុំក្បាល​ឲ្យ​ស្ត្រី​រងគ្រោះ ហើយ​កូន​ស្ត្រី​រងគ្រោះ​ក៏បាន​រក​មេភូមិ​ឲ្យ​រក​ម៉ូតូ​ដឹក​ម្តាយ​ទៅមន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ ។​

​បើតាម​ស្ត្រី ឈុំ ថា​ន់ ជា​ម្តាយ​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​កូនប្រសា​ឈ្មោះចែម សុខុម មក​រស់នៅក្នុង​ក្រុមគ្រួសារ​គឺ​តែងតែ​ស្រវឹង​ជេ​បញ្ចោរ​ប្រពន្ធ និងពេលខ្លះ​ជេ​គាត់​ដែលជា​ម្តាយក្មេក​នោះ​ទៀត ។ នៅ​ថ្ងៃកើតហេតុ គាត់​ជា​ម្តាយក្មេកបាន​អង្គុយ​នៅលើ​ផ្ទះបាយ រីឯ​កូនស្រី​អង្គុយ​នៅលើ​អង្រឹង​ក្រោមផ្ទះ ។ពេលនោះ​មិនដឹង​ជា​កូនប្រសា​មកពី​ផឹក​នៅឯណា​នោះទេ ពេលមកដល់​ផ្ទះ បាន​ទៅអង្គុយ​លើ​អង្រឹង​ជាមួយ​ប្រពន្ធ ហើយ​ដេញ​ប្រពន្ធ​ទៅ​ដួស​បាយ​ឲ្យ​ស៊ី ។

​ពេលនោះ​ប្រពន្ធ​ឆ្លើយថា ទៅ​ហូប​ទៅ បាយ​ដូ​ស​គ្រប​ទុក​នៅលើផ្ទះ​រួចហើយ ពេលនោះ​ជនសង្ស័យ​ខឹង​ប្រពន្ធ ក៏​ជេរ ហើយក៏​មានការ​ជេរ​ត​គ្នា​ចុះឡើង ។ គ្រានោះ​ប្តីក៏បាន​វាយ​ប្រពន្ធ​១​ដៃ ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង​ក៏​ទាញយក​កាំបិតផ្គាក់​មកកាន់​នឹង​ដៃ ហើយ​ប្តីក៏​ដណ្តើម​យកចេញ​ជាមួយនឹង​ការ​ពោលថា «​អញ​កាប់​ឥឡូវ​ហ្នឹង​» ជាមួយនឹង​ការតមាត់​គ្នា​មួយ​ពីរៗ ពេលនោះ​ប្តី​ក៏​កាប់​ប្រពន្ធ​១​កាំបិត​ចំក្បាល​លើ​ត្រចៀក​ខាងឆ្វេងដួល​ក្បែរ​ពាងទឹក ។ ពេលនោះ​ប្តី​ក៏​បី​ប្រពន្ធ​ដាក់​លើ​​ចិញ្ចើមថ្នល់ ហើយ​អង្គុយ​ឱប​ប្រពន្ធ ។ ពេលនោះ​កូនស្រី ក៏បានរ​ត់ទៅ​ហៅ​មេភូមិ និង​មាន​រ៉ឺម៉ក​ដឹក​ជនរងគ្រោះទៅ​មន្ទីរពេទ្យ ។ តែ​ជា​អកុសល់ បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួនបុរស​ជា​ប្តី យកទៅ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​
កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕

ជម្លោះ​រឿង​មិន​ដួស​បាយ​ឲ្យ​ស៊ី ប្តី​កាប់​ក្បាល​ប្រពន្ធ​ស្លាប់

ជម្លោះ​រឿង​មិន​ដួស​បាយ​ឲ្យ​ស៊ី ប្តី​កាប់​ក្បាល​ប្រពន្ធ​ស្លាប់