ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​​​មួយ​​កាល​ពី​វេលា​ម៉ោង១និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​១១ ខែមករា​ ឆ្នាំ​២០១៦ ​នេះ​ ​នៅ​ចំណុច​​មុខ​​ភោជ​នីយដ្ឋាន​ «សួន​សុ​បិន» ស្ថិត​តាម​បណ្តោយ​ផ្លូវ​​ចូល​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គ័​រ ក្នុងភូមិ​ចុង​ព្រែក ​សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារ​អំពៅ​ ​។

​​សាក្សី​​​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​ឱ្យ​​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​​​ឃើញ​ស្ត្រី​វ័យ​៥០​ឆ្នាំ​​ម្នាក់ បើករថយន្ត​ម៉ាក Mazda ​ពណ៌​ស ពាក់​ស្លាក​លេខ1AD-9055 មួយ​គ្រឿង​​ ​​តែ​ម្នាក់ឯង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​ក៏​​​រេ​ចង្កូត​ជ្រុល​ធ្លាក់​ផ្លូវ​ទៅ​បុក​ផ្ទប់​នឹង​បង្គោលព្រុំផ្លូវ​​​បាក់មួយ​ដើម​​​ ​​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​មួយ​ដើម​ទៀត​ទាំង​កំរោល​បណ្តាល​ឱ្យ​​រថយន្ត​ក្រ​ឡាប់​ផ្ញា​រជើង​​ច្រងាង​តែ​ម្តង ​។ ​ភ្លាមនោះ ​គេ​ឃើញ​ស្ត្រី​​​​រូប​នេះបើកទ្វារ​រថយន្ត​​លូន​ចេញ​មក​​ក្រៅ​ទាំង​សភាព​រាង​កាយ​មាន​របួស​ស្រាល​ រួច​ទាក់​​ទៅ​​បងប្អូនឱ្យ​មក​ទទួលយក​ទៅ​ព្យាបាល ​។ ដោយឡែក រថយន្ត​វិញ​ត្រូវ​ផ្ទុះ​ពោង​សុវត្ថិភាព ​និង​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​​​សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង រួច​​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់​​ចាំ​​​ដោះស្រាយ​តាម​ច្បាប់ ​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព