ចោរលួច​គាស់​តូច​ផ្សារ​អគ្គ​ថ្មី ​ក្រុង​ប៉ោយប៉ែត ​រាល់​យប់សមត្ថ​កិច្ច​ធ្វើ​មិនដឹង​

​ម្ចាស់​តូប​ជាច្រើន នៅ​ផ្សារ​ត្រី​និង​ផ្សារ​អគ្គ​ថ្មី នៅ​ក្រុង​ប៉ោយប៉ែត​បាន​សម្តែង​នូវ ក្តី​ព្រួយ​​បារ​ម្មណ៍ ចំពោះ​សុវត្ថិភាព​ទំនិញ​របស់​ពួកគាត់​នៅក្នុង​តូប​នាពេល​យប់ ព្រោះ​ថ្មីៗ​នេះ មាន​សកម្មភាព​ក្រុម​ចោរលួច បាន​ដើរ​អុកឡុក​លួច​គាល់​តូប​យក​ទ្រព្យសម្បតិ្ត​ស្ទើ​រាល់​យប់​គ្មាន​ការទប់ស្កាត់​ពី​សមត្ថកិច្ច​ឡើយ ។​

អាជីវករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា​នេះ ថា កាលពី​យប់​ថ្ងៃទី​០៧​ ខែមករា ឆ្នាំ​២០១៦​ ក្រុមចោរ​មួយក្រុម​បាន​លួច​ម៉ាស៊ីនបោកខោអាវ របស់គាត់ ប្លុក​ផ្សារ​ត្រី ឃើញ​ដូច្នេះ រូបគាត់​បានចេញ​ទៅ​ឃាត់​ចោរ​នោះ មិន​ប្រ​យ​ត្ន័ ត្រូវ ក្រុមចោរ​កាប់​ត្រូវ​គាត់​ជាច្រើន​កាំបិត និង​ដេរ​ចំនួន​ ៦០​ ថ្នេរ ក្រៅពីនេះ ក៏មាន​ចោរលួច គាស់​តូប​អគ្គ​ថ្មី​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ការទប់ស្កាត់​ទៀតផង ។​

ក្រោយពីកើតហេតុ ពួកគាត់​បានដាក់​ពាក្យ​បណ្តឹង​សមត្ថកិច្ច​នៅ​ទីនោះ ហើយ​ដែរ ប៉ុន្តែ សមត្ថកិច្ច​នៅ​ទីនោះ មិនអាច​ចាប់ខ្លួន​ពួកក្រុម​ចោរ​ដៃ​ឆៅ​នោះ បាន​នៅឡើយ ។​ លើសពីនេះទៅទៀត​នោះ ក្រុមចោរ នៅតែ​បន្ត​ធើ្វ​សកម្មភាព​ដដែល ធើ្វ​ឲ្យ​អ្នកផ្សារ​ដេក ពួន​មិន​ស្ងប់ចិត្ត​ទៀតផង ព្រោះ​ចោរ​មិន​ត្រូវបាន​បង្ក្រាប ។ ប្រជាជន​នៅ​ទី​នោះបាន​និយាយថា ពួកគាត់​អស់ ជំនឿ​លើ​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​ហើយ ព្រោះ​មិនបាន​បោសសំអាត​ក្រុមចោរ​ខាងលើ​ដើម្បី ​រក្សារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋនោះទេ​។

ឆ្លើយតប​ និង​បញ្ហា​ចោរលួច​កក្រើក​ក្រុង​ប៉ោយប៉ែត​នេះ អ្នកភូមិ​ដទៃទៀត បាន​ស្តីបន្ទោស​ដល់​កងកម្លាំង​ប្រដាប់អាវុធក្រុង ​និង ​អាជ្ញាធរ​ថា បាន​បើកដៃ​ឲ្យ​ក្រុម​សង្គម​ង​ងិ​ត បើក​បន​ល្បែងស៊ីសង​ខុសច្បាប់​ច្រើនពេក ទើប​បង្ក​ឲ្យ​កើត​ចោរលួច​ឆក់​ច្រើន​បែបនេះ។​

ពាក់​ព​ន្ធ័​និង​ករណី​នេះដែរ លោក​អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​បែ​ត​មិនបាន​បំភ្លឺ​ជុំ​​វិញ​ករណី​ក្រុមចោរ​បង្កបញ្ហា​ដល់​អ្នកភូមិ​នោះទេ ព្រោះ​គ្រា​ដែល​អ្នកសារព័ត៌មាន​យើង​​ចុច​ទូរ​សព្ទ័​ចូល​ហើយ បែរជា​លោក​ចុច​បិទ​វិញ​ ។​ ទោះជា​យ៉ាងនេះ​ក្តី គេ​សង្ឃឹមថា សមត្ថកិច្ច ​នឹង​មិន​រក្សា​សំបុក​ចោរ​ខាងលើ​ឲ្យ​បន្ត​អុកឡុក​លួច​ទ្រព្យសម្បត្តិ​អ្នកភូមិ​តទៅទៀត​ឡើយ ៕​សុថា​ត់