​​​ចោរ​​​​​​ប្រ​​ដាប់​​​អាវុធ​​​​​​​​​​​​ប្លន់​​​ផ្ទះ​​​វេរ​​​ប្រាក់​​​វីង​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែង​​​​​​

នគរ​​​បាល​​​ខេត្ត​​​ព្រៃ​​​វែង​​​​​​បាន​​​​​​​​​​​​និយាយ​​​​​​ថ្ងៃ​​​នេះថា ចោរមួយក្រុម​​​មាន​​​​​​​​​គ្នា​​​ប្រហែល​​​៦​​​នាក់ ប្រដាប់​​​ដោយ​​​កំាំភ្លើង​​​​​​វែង​​​ និង​​​ខ្លី​​​បាន​​​​​​ភ្ជង់ វាយ​​​​​​ម្ចាស់​​​ផ្ទះ​​​វេរ​​​ប្រាក់​​​វីង​​​ ហើយ​​​ប្លន់យក​​​​​​មាស​​​ប្រាក់​​​​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​​​​ជាង​​​៥​​​ពាន់​​​ដុល្លារ​​​​​​កាល​​​ពី​​​យប់​​​ម្សិល​​​មិញ ក្នុងឃុំស៊ាងឃ្វាង ស្រុកកំចាយមារ។​​​

លោក សាន សំអាន មេ​​​ប៉ុស្តិ៍​​​ឃុំ​​​​​​ស៊ាង​​​ឃ្វាង បាន​​​និយាយ​​​ថា ​​​មាន​​​ចោរ​​​ប្រ​​​ដាប់​​​អាវុធ​​​មួយ​​​ក្រុម​​​​​​​​​ប្រដាប់​​​​​​ដោយ​​​​​​កាំភ្លើង​​​​​​អាកា​​​៤៧ បី​​​ដើម និង​​​កាំភ្លើង​​​ខ្លី​​​មួយ​​​ដើម​​​​​​បាន​​​ចូល​​​ទៅ​​​​​​ចាប់​​​ចង​​​អ្នក​​​ជិតខាង​​​ម្ចាស់​​​ផ្ទះ​​​វីង​​​បី​​​នាក់ ដើម្បី​​​បង្ខំ​​​ឲ្យ​​​ពួក​​​គេ​​​​​​ហៅ​​​ម្ចាស់​​​ផ្ទះវីង​​​​​​ឲ្យ​​​បើក​​​ទ្វារ។

​​​​​​លោក សន សាន មេ​​​ឃុំ​​​​​​ស៊ាង​​​ឃ្វាង បាន​​​និយាយ​​​ថា មាន​​​បុរស​​​ម្នាក់​​​បាន​​​រត់​​​រួច​​​ និង​​​បាន​​​រាយ​​​ការណ៍​​​​​​ដល់​​​សមត្ថ​​​កិច្ច​​​ ហើយ​​​​​​ក្រុម​​​ចោរ​​​ក៏​​​បាន​​​វាយ​​​បុរស​​​ម្នាក់​​​ឲ្យ​​​សន្លប់​​​ នៅ​​​ពេល​​​ដែល​​​គាត់​​​មិន​​​ព្រម​​​​​​ហៅ​​​ម្ចាស់​​​ផ្ទះ​​​វីង​​​ឲ្យ​​​បើក​​​ទ្វារ។​​​

មេ​​​ប៉ុស្តិ៍​​​ឃុំ​​​​​​ស៊ាង​​​ឃ្វាង​​​បាន​​​និយាយ​​​ថា ចោរ​​​៥​​​នាក់​​​បាន​​​ធាក់​​​ទ្វារ​​​ចូលទៅ​​​ក្នុង​​​​​​ផ្ទះ​​​វីង​​​របស់​​​លោក សៅ យុក ​​​បាន​​​វាយ​​​គាត់​​​នឹង​​​កាំភ្លើង​​​ខ្លី​​​ឲ្យ​​​របួស​​​ចិញ្ចើម​​​ឆ្វេង​​​ ហើយ​​​ក៏​​​ចាប់​​​ប្រពន្ធ និង​​​កូន​​​ប្រុស​​​គាត់​​​ចង​​​ស្លាប​​​សេក ចំណែក​​​ឯ​​​​​​ចោរ​​​ម្នាក់​​​ទៀត​​​​​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​អាកា​​​៤៧​​​​​​ឈរ​​​នៅ​​​​​​ខាង​​​ក្រៅ​​​ផ្ទះ។

​​​លោក សាន សំអាន​​​ បាន​​​និយាយ​​​ថា​​​ នគរ​​​បាល​​​ពីរ​​​នាក់​​​​​​បាន​​​ជិះ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​​​​មក​​​កាន់​​​​​​​​​ផ្ទះ​​​លោក សៅ យុក ក៏​​​ត្រូវ​​​ចោរ​​​បាញ់​​​សំដៅ​​​​​​មក​​​លើ ប៉ុន្តែ​​​មិន​​​​​​រង​​​របួស​​​ទេ។

សួរ​​​ថា​​​តើ​​​នគរ​​​បាល​​​មាន​​​​​​តម្រុយ​​​​​​ក្នុង​​​ករណី​​​ប្លន់​​​ប្រដាប់​​​អាវុធ លោក សាន សំអាន បាន​​​និយាយ​​​ថា “យើង​​​កំពុង​​​តែ​​​ស្រាវ​​​ជ្រាវ​​​នៅ​​​ឡើយ”។​​​

​​​​​​កាល​​​ពី​​​ដើម​​​ខែ​​​មុន​​​ លោក​​​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បាន​​​បញ្ជា​​​ឲ្យ​​​អាជ្ញាធរ​​​​​​បង្ក្រាប​​​​​​ក្រុម​​​ចោរ​​​ប្រដាប់​​​អាវុធ​​​ដែល​​​បាន​​​បង្ក​​​ហិង្សា និង​​​ក្នុង​​​ករណី​​​ខ្លះ​​​បាន​​​​​​បាញ់​​​សម្លាប់​​​ជន​​​រងគ្រោះ​​​ ជា​​​ពិសេស​​​​​​​​​ក​​​រណី​​​ទាំង​​​នោះ​​​បាន​​​ចាប់​​​ផ្តើម​​​​​​កើត​​​ឡើង​​​ក្នុង​​​ពាក់​​​កណ្តាល​​​ខែ​​​វិច្ឆិកា៕​​​​​​

 

 

The post ​​​ចោរ​​​​​​ប្រ​​ដាប់​​​អាវុធ​​​​​​​​​​​​ប្លន់​​​ផ្ទះ​​​វេរ​​​ប្រាក់​​​វីង​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែង​​​​​​ appeared first on ខេមបូឌា ដេលី.