ក្រសួងសុខាភិបាល ចាប់ផ្តើមយុទ្ធនាការ ប្រឆាំងការ គំរាមគំហែង ភាពស៊ាំទៅនឹង ឱសថប្រឆាំងមេរោគ

ភ្នំពេញ៖ក្រសួង សុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ បានចាប់ផ្តើមយុទ្ធនាការ ប្រឆាំងការគំរាម គំហែង នៃភាពស៊ាំទៅនឹងឱសថប្រឆាំងមេរោគនៅកម្ពុជា ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ យល់ដឹងអំពី សារៈសំខាន់ការប្រើប្រាស់ថ្នាំផ្សះត្រឹមត្រូវ និងគ្រោះថ្នាក់ នៃការកើនឡើងនៃភាពស៊ាំទៅនឹងថ្នាំផ្សះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដែលមជ្ឈ មណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃ១១ មករា  នេះ បានឲ្យដឹងថា បច្ចុប្បន្ន ភាពស៊ាំទៅនឹងថ្នាំផ្សះ នេះ កំពុងជាបញ្ហាគំរាមគំហែងដ៏ធំមួយចំពោះសុខភាពសារធារណៈ ដែលត្រូវធ្វើសកម្មភាពជាបន្ទាន់ ។  ភាព ស៊ាំទៅនឹងថ្នាំផ្សះ បានកើនឡើងនៅគ្រប់ទិសទីក្នុងពិភពលោករួមទាំងកម្ពុជា និងប្រទេសអាស៊ានផ្សេងទៀត ។

លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា “ ភាពស៊ាំនិងថ្នាំផ្សះ ពាក់ព័ន្ធនិងវិស័យសុខភាពមនុស្សនិងវិស័យសុខភាពសត្វ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូសុខាភិបាល គ្រឹះស្ថានបណ្តុះបណ្តាល ផ្នែកសិក្សាស្រាវជ្រាវ វិស័យឯកជន និងសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ផ្សេងទៀតដូចជា អ្នកផ្តល់ឱសថ គិលាននុបដ្ឋាយិកា និងមនុស្សគ្រប់រូបត្រូវមានចំណែកទទួលខុសត្រូវមួយចំនួន បើយើងមិនធ្វើការរួមគ្នា យើងនឹងមិនអាចប្រយុទ្ធប្រឆាំង និងភាពស៊ាំថ្នាំផ្សះប្រកប ដោយប្រសិទ្ធភាព បានឡើយ”។ 

ភាពស៊ាំថ្នាំផ្សះបណ្តាលមកពីការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ហើយភាពស៊ាំថ្នាំផ្សះបណ្តាល ឲ្យបាក់តេរីជាច្រើន ក្លាយ ទៅជាមានភាពធន់ទៅនិងថ្នាំផ្សះដែលប្រើទូទៅ មានន័យថាថ្នាំផ្សះជាច្រើនគឺ មិនមានប្រសិទ្ធយូរទៀត ទេក្នុងការព្យាបាលជំងឺឆ្លងធម្មតា ។

អង្គការសុខភាពពិភពលោក បានប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងភាពស៊ាំនិងថ្នាំផ្សះនេះ ៕