សន្និបាត គណបក្សប្រជាជន កម្ពុជាពីរថ្ងៃ បង្ហាញពី ប្រជាធិបតេយ្យ ផ្ទៃក្នុង បក្ស និងកាលានុវឌ្ឍភាពថ្មី

ភ្នំពេញ៖ សន្និបាតគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជន កម្ពុជា លើកទី៣៩ រយៈពេលពីរថ្ងៃ (ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១០មករាឆ្នាំ២០១៦) បានបិទបញ្ចប់ទៅ ជាមួយនឹងការផ្តល់នូវ កាលានុវឌ្ឍភាពថ្មីឆ្ពោះទៅ កាន់ភាពរីកចំរើនទៅមុខ។ ហើយអ្វីដែលជាការកត់សំគាល់ និងប្លែក នៅក្នុងសន្និបាតគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៣៩ អាណត្តិទី៥នេះ គឺការបង្ហាញនូវ ប្រជាធិបតេយ្យផ្ទៃក្នុង បក្ស និងភាពចាស់ទុំនៃគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សគ្រប់គ្រង ប្រទេសរយៈពេល ជាង៣០ឆ្នាំមកនេះ។

បើផ្អែកតាមសេក្តីរាយការណ៍នានា និងតាមការឲ្យដឹងពី មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា មួយចំនួន ដែលបានចូលរួមនៅក្នុងសន្និបាតរយៈពេល២ថ្ងៃនេះ បានធ្វើការកើតសរសើរចំពោះ ការ រៀបចំសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រជាធិបតេយ្យ ផ្ទៃក្នុងបក្ស។ ពោលគឺ សន្និបាតលើកនេះ បានផ្តល់ឱកាសជាច្រើន ទៅដល់សមាជិក-សមាជិការរបស់គណបក្ស ដែលបានចូលរួម ក្នុងការបញ្ចេញមតិ និងផ្តល់យោបល់ ដោយត្រង់ៗ និងចំៗ ទៅលើបញ្ហាមួយចំនួន ដែលបានធ្វើឲ្យសន្និបាត គណបក្ស ប្រជាជនកម្ពុជា លើកទី៣៩ អាណត្តិទី៥ រយៈពេល២ថ្ងៃមកនេះ  បានបញ្ចប់ទៅប្រកប ដោយភាពជោគជ័យ គួរជាទីមោទនៈ។

បើផ្អែកលើសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៣៩ អាណត្តិទី៥ មានចំនួន៩ចំណុចសំខាន់ៗ។ ជាពិសេសសន្និបាតនេះ បានពិនិត្យ និង វាយតម្លៃយ៉ាងល្អិតល្អន់ទំាងចំណុចខ្លាំង និងចំណុចខ្សោយ និងចំណុចខ្វះខាតនៃការងារ កសាង ពង្រឹងគណបក្សលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវទិសដៅភារកិច្ចសំខាន់ៗ សំដៅបន្ត អនុវត្ត ដោយជោគជ័យ នូវសេចក្តីសម្រេចចិត្ត នៃ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស នាដើម ឆ្នាំ២០១៥ ដើម្បីត្រៀមរាល់លក្ខណៈសម្បត្តិ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាឆ្នាំ២០១៧ និងបន្តឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨។ ជាមួយគ្នានេះ អង្គសន្និបាត ក៏បានណែនាំទៅដល់គណបក្សគ្រប់ថ្នាក់ និង មន្រ្តីគណបក្សគ្រប់រូប ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ បន្តចូលរួមអនុវត្ត នូវកំណែរទម្រង់ ដ៏ ទូលំទូលាយ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធិភាព មានលក្ខណៈពេញលេញ ស្មោះ ត្រង់ និងការតាំងចិត្តខ្ពស់ តាមអភិក្រម «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល» ដែលជាការងារដ៏ មានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា។

អង្គសន្និបាតក៏សម្រេចបន្តជំរុញការអនុវត្ត «កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ ថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៥» និង «វប្បធម៌សន្ទនា» ដូចបានលើកក្នុងសេចក្តីថ្លែងការណ៍រួមរវាងគណបក្ស ទាំងពីរ ដែលមានអាសនៈក្នុងការរដ្ឋសភា នាថ្ងៃទី៨ខែឧសភា និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ដោយឈរ លើភាពស្មោះត្រង់ និងប្រឆាំងដាច់ខាតនូវទង្វើចាប់ដៃជាន់ជើងដូចអ្នកនយោបាយទុច្ចរិតខ្លះ បាន ប្រព្រឹត្តកន្លងមក។ ព្រមជាមួយគ្នានេះ សន្និបាតក៏បានជំរុញ បង្កើន កិច្ចសហប្រតិបត្តិការ ជាមួយ គណបក្ស នយោបាយនានា អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដើម្បីពង្រឹងការ បង្រួបបង្រួមជាតិ និងរួមកម្លាំងគ្នា ការពារសមិទ្ធផលសង្គម អភិវឌ្ឍនប្រទេស បម្រើប្រយោជន៍ ប្រជាជន ជាដើម។

ជុំវិញបញ្ហាសេដ្ឋកិច្ចវិញ។ សន្និបាតក៏បានជំរុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ឲ្យសម្រេចបាន ទិសដៅ កំណើនក្នុងរង្វង់ ៧% ក្នុងឆ្នាំ២០១៦នេះ ជាមួយនឹងការលើកកម្ពស់សមធម៌ ក្នុងការទទួល បានផ្លែផ្កា នៃ កំណើនសេដ្ឋកិច្ច សម្រាប់ប្រជាជនគ្រប់ៗរូប ទាំងនៅទីជនបទ ទាំងនៅទីប្រជុំជន និងទីក្រុង ហើយ ខិតខំបន្តកាត់បន្ថយភាពក្រីក្រ ជាង១% ក្នុងមួយឆ្នាំ។ ក្នុងទិសដៅនេះដែរ គណបក្សប្រជាជន កម្ពុជា នឹងបន្តជំរុញការដំឡើងបៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ឲ្យសម្រេចគោលដៅ ជាង ១លានរៀល នៅឆ្នាំ២០១៨ និងការដំឡើងរបបប្រាក់សោធននិវត្តន៍។ បន្ថែមលើនេះ សន្និបាតក៏បាន ជំរុញការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត តាមរោងចក្រកាត់ដេរ និង វាយនភណ្ឌ ឲ្យសម្រេចគោលដៅយ៉ាងតិច១៦០ដុល្លានៅឆ្នាំ២០១៨។

ជារួមមក សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៣៩ អាណត្តិទី ៥ នេះ បានបញ្ចប់ទៅជាមួយនឹងការផ្តល់ដំណោះស្រាយផង និងការព្រមានផងដែរ។ ព្រោះថា នៅ ថ្ងៃទី ១នៃសន្និបាតនេះ សម្តេចតេជោ ហ៊ុន  សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និង ក្នុង ឋានៈជាគណបក្សដឹកនាំប្រទេសផង សម្តេចតេជោ បានផ្តល់នូវដំណោះស្រាយជាបន្តបន្ទាប់ ជូនដល់ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ នោះគឺសេចក្តីសម្រេច ស្តីពី ការទទួលស្គាល់ការកាន់កាប់ជាក់ ស្ដែង ដោយមិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ដើម។ ជាសេចក្តីសម្រេច ដែលប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ជាការកាត់ដំបៅមហារីកដូច្នោះដែរ។ បន្ទាប់មក នៅថ្ងៃទី២ នៃសន្និបាតគណបក្សនេះទៀតសោត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេច លើក លែង ពន្ឋប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ឋិ ឬ សិទ្ឋិកាន់កាប់ អចលនទ្រព្យពីជីដូន ជីតាទៅចៅ, ពីឳពុកម្តាយទៅកូន, ពីប្តីទៅប្រពន្ធ ឬពីប្រពន្ធទៅប្តីជាដើម។ សេចក្តីសម្រេចនេះ ដែលប្រមុខរដ្ឋាភិ បាល កម្ពុជា បានចាត់ទុកថា នឹងផ្តល់ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋគ្រប់រូប។

ទន្ទឹមនឹងសេចក្តីសម្រេចនេះ សម្តេច តេជោ ហ៊ុន សែន ក៏បានប្រកាសពីការបន្តជួយសម្រួលលើថ្លៃ អគ្គីសនីជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយចាប់ពីខែមេសា ឆ្នាំ២០១៧ តទៅ ចំពោះប្រជាពលរដ្ឋ ដែលប្រើប្រាស់បណ្តាញអគ្គីសនីរដ្ឋ ក្នុងបរិមាណពី ៥០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែចុះក្រោម គឺបង់ថ្លៃ ត្រឹមតែ ៦១០ រៀល តែប៉ុណ្ណោះ។

ក្រៅពីសេចក្តីសម្រេចគួរជាទីអបអរសាទរនៃប្រជាពលរដ្ឋកម្ពុជានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានព្រមានដកតំណែងមន្រ្តី ឯកអគ្គរាជទូតខ្មែរប្រចាំនៅក្រៅប្រទេសណា ដែលមិនសកម្មក្នុងការផ្តល់សេវាដល់ពលរដ្ឋខ្មែរផងដែរ។ ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានខ្លាំងៗនិងចំៗ ទៅដល់រដ្ឋមន្ត្រីណាដែលមានប្រពន្ធ មានកូន មានបងប្អូន ចូលមកលូកលាន់ដល់ការងាររបស់ក្រសួង ត្រូវតែដកខ្លួនចេញជាបន្ទាន់។

ជាសរុបមក សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៣៩ អាណត្តិទី៥ ឆ្នាំ២០១៦នេះ ពិតជាបានបញ្ចប់ទៅជាមួយនឹងការផ្តល់នូវដំណោះស្រាយជាច្រើនជូនដល់ ប្រជាពលរដ្ឋ និងចំទិសដៅ បន្ថែមលើការព្រមានទៅដល់មន្រ្តីគណបក្សណា ដែលអសកម្មនៅក្នុងកិច្ច ការងារ បំរើប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ សន្និបាតគណបក្សប្រជាជនកម្ពុជាលើកទី៣៩ អាណត្តិទី៥ ក៏បានផ្តល់នូវកាលានុវឌ្ឍភាពថ្មីរបស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅកាន់ការបោះ ឆ្នោត ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ ក្នុងនាមជាគណបក្សគ្រប់គ្រងប្រទេស និងជាគណបក្សចាស់ទុំជាងគេ នៅក្នុងប្រវត្តិសាស្រ្ត របស់ប្រទេសកម្ពុជា៕

សន្និបាត គណបក្សប្រជាជន កម្ពុជាពីរថ្ងៃ បង្ហាញពី ប្រជាធិបតេយ្យ ផ្ទៃក្នុង បក្ស និងកាលានុវឌ្ឍភាពថ្មី