កម្មកររោងចក្រ មកពីខេត្ត កំពង់ស្ពឺ ស្នើសុំអន្តរាគមន៍ ពីប្រធានរដ្ឋសភា

ភ្នំពេញ៖ តំណាងកម្មករ រោងចក្រកាត់ដេរ អ៊ែជ្យាយល៍ស្វេតថឺ (ខេមបូឌា) ខូអិលធីឌី ដែលមាន ទីតំាងស្ថិតនៅភូមិតាអោង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វើដំណើរ មកកាន់វិមានរដ្ឋសភា នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីដាក់លិខិត សុំកិច្ចអន្តរាគមន៍ ពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជួយដោះស្រាយបញ្ហា៩ចំណុច។

ក្នុងលិខិតសុំអន្តរាគមន៍ ចុះថ្ងៃទី១១ មករា នេះដែលមានហត្ថលេខា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា និង ប្រធានសហព័ន្ធសហជីព ស្ថាបនាសិទ្ធិកម្មករ លោក ម៉ាន់ សាបាន បានសរសេរថា កម្មករនិយោជិតប្រចំាក្រុមហ៊ុន អ៊ែជ្យាយល៍ ស្វេតថឺ បានផ្ទុះការតវ៉ា ចាប់ពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៥ រហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងកំឡុងពេល ធ្វើកូដកម្មនោះ ក៏មានការចូលរួមសម្របសម្រួល ពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ប៉ុន្តែនៅមិនទាន់ទទួលបានដំណោះស្រាយ។

ជាងនេះទៅទៀត ក្រុមហ៊ុនខាងលើ បានជួលក្រុមជើងកាង មកវាយសម្ភារៈ និងគំរាមកំហែង មកលើកម្មករនិយោជិត ទៀតផង។ លិខិតបញ្ជាក់់ថា "យើងខ្ញុំទំាងអស់គ្នា សុំស្នើ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មេត្តាជួយអន្តរាគមន៍ ដោះស្រាយ នូវសំណើ របស់កម្មករនិយោជិត មានចំនួន០៩ ចំណុច"។

ចំណុចទំាង០៩ ដែលកម្មករនិយោជិត ស្នើសុំសម្តេចប្រធានរដ្ឋសភា ជួយអន្តរាគមន៍រួមមាន៖ ទី១ សូមឲ្យក្រុមហ៊ុន ដករដ្ឋបាលចេញ , ទី២ សូមឲ្យក្រុមហ៊ុន អនុញ្ញាតច្បាប់ជូនកម្មករ ពេលមានធុរៈចំាបាច់, ទី៣ សូមឲ្យក្រុមហ៊ុន ផ្តល់ប្រាក់ធ្វើដំណើរ បន្ថែម៣ដុល្លារទៀត, ទី៤ សូមឲ្យក្រុមហ៊ុនដកពាក្យ បណ្តឹងដែលប្តឹងមកលើកម្មករ និងតំណាងកម្មករ, ទី៥ ក្រុមហ៊ុនមិនត្រូវបញ្ឈប់កម្មករ ក្នុងកំឡុងពេល ធ្វើកូដកម្មករឡើយ, ទី៦សូមឲ្យក្រុមហ៊ុនប្តូរកិច្ចសន្យាពី៣ ខែទៅ១ឆ្នាំវិញ , ទី៧ សូមឲ្យក្រុមហ៊ុនដំឡើងតម្លៃឡូតាមកម្រិតនៃអាវដែលដេរ, ទី៨ សូមឲ្យក្រុមហ៊ុន បន្ថែមលុយបាយពេលល្ងាយចំនួន ២០០០រៀល ទៀតនិងទី៩ ក្រុមហ៊ុនត្រូវគិតប្រាក់ឈ្នួល ជូនកម្មករធ្វើការងារ នៅក្នុងថ្ងៃបុណ្យ (គុណនឹង២)។

គួរបញ្ជាក់ថា តំណាងកម្មករ ដែលបានយកលិខិត មកដល់វិមានរដ្ឋសភា នាថ្ងៃទី១១ មករានេះ ត្រូវបានអនុញ្ញាត យកលិខិតសុំអន្តរាគមន៍ ដាក់ជូន គណៈកម្មការជំនាញរបស់រដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា៕

កម្មកររោងចក្រ មកពីខេត្ត កំពង់ស្ពឺ ស្នើសុំអន្តរាគមន៍ ពីប្រធានរដ្ឋសភា

កម្មកររោងចក្រ មកពីខេត្ត កំពង់ស្ពឺ ស្នើសុំអន្តរាគមន៍ ពីប្រធានរដ្ឋសភា