សហជីព​និង​បុគ្គលិក​ក្រុមហ៊ុន​ស្នាម​ញញឹម​អង្គរ​តវ៉ា​ប្រឆាំង​នឹង​ដីកា​តុលាការ​ខេត្ត​សៀមរាប

បុគ្គលិក​នៃ​មហោស្រព​ស្នាម​ញញឹម​អង្គរ និង​សណ្ឋាគារ​ផ្កាយ​៥ វិចតូរីយ៉ា អង្គរ រីសត​អែន​ស្ប៉ា (Vitoria Angkor Resort &Spa) បាន​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​អ្នក​គ្រប់គ្រង ដែល​ពួក​គាត់​ចោទ​ថា​រើសអើង​មិន​ឲ្យ​បង្កើត​សហជីព​ក្នុង​កន្លែង​ធ្វើ​ការងារ​ជាច្រើន​ថ្ងៃ​មក​ហើយ ចាប់​តាំង​តែ​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥។

រហូត​មក​ដល់​ពេល​នេះ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ស្នាម​ញញឹម​អង្គរ និង​សណ្ឋាគារ​វិចតូរីយ៉ា បាន​ដាក់​ការ​គាប​សង្កត់​ទៅ​លើ​កម្មករ​ថែម​ទៀត ដោយ​ស្នើសុំ​ឲ្យ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ ក្នុង​បំណង​មិន​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​បាន​ត​ទៅ​ទៀត។ ដីកា​រក្សា​ការពារ​របស់​តុលាការ​ដែល​បាន​ចេញ​ក្នុង​បំណង​ការពារ​ផល​ប្រយោជន៍​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ធ្វើ​ឲ្យ​ក្រុម​សហជីព​កម្មករ​មាន​ប្រតិកម្ម​ជា​ខ្លាំង។

ក្រុម​សហជីព​ចម្រុះ​ដែល​ជា​សមាជិក​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា ចំនួន​ជាង ២០០​នាក់ បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​សៀមរាប កាល​ពី​វេលា​ម៉ោង​ប្រមាណ ៨​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មករា នេះ។

ពួក​គេ​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​សៀមរាប លុប​ចោល​នូវ​ដីកា​រក្សា​ការពារ​ចំនួន​ពីរ​ដែល​បាន​ចេញ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​ស្នាម​ញញឹម​អង្គរ និង​មួយ​ទៀត ការពារ​សណ្ឋាគារ​ផ្កាយ​៥ វិចតូរីយ៉ា អង្គរ​រីសត​អែន​ស្ប៉ា នោះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា ដែល​ដឹក​នាំ​ក្រុម​កម្មករ​តវ៉ា​នោះ គឺ​លោក ម៉ម រិទ្ធី។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មករា ថា ដីកា​រក្សា​ការពារ​ដែល​តុលាការ​ខេត្ត​សៀមរាប ចេញ​ការពារ​ក្រុមហ៊ុន​ស្នាម​ញញឹម​អង្គរ និង​សណ្ឋាគារ​វិចតូរីយ៉ា នោះ គឺ​ជា​ការ​បិទ​សេរីភាព​កម្មករ​មិន​ឲ្យ​ធ្វើ​ការ​ទាមទារ​អ្វី​បាន។ ក្រៅ​ពី​នេះ លោក ម៉ម រិទ្ធី បញ្ជាក់​ថា វា​ថែម​ទាំង​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ ផ្ទុយ​ពី​ច្បាប់​ការងារ និង​ផ្ទុយ​ពី​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ធ្វើ​បាតុកម្ម និង​កូដកម្ម​ផង៖ «យើង​ឃើញ​ថា ដីកា​របស់​តុលាការ​នេះ គឺ​បាន​រំលោភ​លើ​ច្បាប់​៤ ហ្នឹង។ ទី​២ ដីកា​នេះ គឺ​បាន​ធ្វើ​ឲ្យ​បាត់បង់​ផល​ប្រយោជន៍​កម្មករ​យ៉ាង​ធ្ងន់ធ្ងរ»

ចាប់​តាំង​តែ​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រុមហ៊ុន​ស្នាម​ញញឹម​អង្គរ បាន​បញ្ឈប់​បុគ្គលិក​ចំនួន ៣០​នាក់​ពី​ការងារ។ ចំណែក​ឯ​សណ្ឋាគារ​ផ្កាយ​៥ វិចតូរីយ៉ា អង្គរ​រីសត​អែន​ស្ប៉ា បាន​បញ្ឈប់​បុគ្គលិក​ចំនួន ១៧​នាក់ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​សហជីព​នៅ​ក្នុង​កន្លែង​ការងារ ហើយ​ក្រុម​បុគ្គលិក​ទាំង​នោះ បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់​ពី​ការងារ​នេះ តាម​រយៈ​នាំ​គ្នា​ធ្វើ​កូដកម្ម។ មិន​យូរ​ប៉ុន្មាន តុលាការ​ខេត្ត​សៀមរាប បាន​ចេញ​ដីកា​រក្សា​ការពារ​ជូន​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​បុគ្គលិក និង​កម្មករ​មិន​អាច​បន្ត​ការ​តវ៉ា​ទៀត​បាន។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​តុលាការ​ខេត្ត​សៀមរាប លោក ងួន ណារ៉ា ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

ប្រធាន​សហជីព​កម្មករ​នៅ​ក្រុមហ៊ុន​ស្នាម​ញញឹម​អង្គរ លោក មាស ឈុនណា មាន​ប្រសាសន៍​ថា ដីកា​រក្សា​ការពារ​របស់​តុលាការ​ខេត្ត​សៀមរាប នេះ គឺ​ពិត​ជា​កំពុង​ធ្វើ​បាប​ដល់​កម្មករ​ដែល​ក្រីក្រ ហើយ​កំពុង​ត្រូវ​ការ​ធ្វើ​ការងារ​សម្រាប់​ជួយ​ជីវភាព​ប្រចាំ​ថ្ងៃ៖ «យើង​មាន​បញ្ហា​ដុនដាប​ដែរ ពីព្រោះ​អ្នក​ខ្លះ​គ្នា​ទៅ​ធ្វើ​កម្មករ​សំណង់ អ្នក​ខ្លះ​ដើរ​លក់​ការ៉េម​ទៅ​ហើយ បន្ទាប់​ពី​គ្មាន​ការងារ​ធ្វើ»

ក្រុម​សហជីព​ចម្រុះ​ដែល​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​តុលាការ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ គឺ​មាន​រយៈពេល​ប្រហែល​តែ ១​ម៉ោង ក៏​រំសាយ​គ្នា​វិញ បន្ទាប់​ពី​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប លោក ស្រី យូរ៉ា បាន​ស្នើសុំ​ឲ្យ​ធ្វើ​បែប​បទ ព្រម​ទាំង​មាន​ការ​ធានា​ថា នឹង​ជួយ​នាំ​យក​បញ្ហា​ទាមទារ​ទាំងឡាយ​ទៅ​ដាក់​ជូន​តុលាការ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។