លោក ប៉ាវ ស៊ីណា ស្នើឲ្យអាជ្ញាធរ ខេត្តស្វាយរៀង ដោះលែងកម្មករ ៤នាក់ កំពុងជាប់ពន្ធនាគារ

ភ្នំពេញ៖ ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងអំពាវនាវ ឲ្យអាជ្ញាធរខេត្តស្វាយរៀង ដោះលែងកម្មករ៤នាក់ ឲ្យមានសេរីភាពឡើងវិញ ក្រោយពីត្រូវបានចាប់ឃុំខ្លួន កាលពីអំឡុងបាតុកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាត់ធេន និងតាយសេង ក្រុងបាវិត។

លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ថា ក្រោយពីមានការ ជួបចរចាគ្នារវាងអាជ្ញាធរខេត្ត និងតំណាងសហជីពកាលពីពេលកន្លងមកនោះ រហូតមកដល់ថ្ងៃទី១១ មករានេះមិនទាន់ដោះលែង បន្ទាប់ពីលោក បានលេចឮព័ត៌មានកាលពីប៉ុន្មានថ្ងៃមុននេះថា ពួកគេទាំង៤នាក់ នឹងអាចដោះលែងក្រោយថ្ងៃ១០មករា។

លោកបញ្ជាក់ថា “ខ្ញុំសូមស្នើឲ្យអាជ្ញាធរខេត្ត និងតុលាការខេត្ត ជួយរៀបចំបែបបទសំណុំឯកសារ ទៅតាមនីតិវិធី ធ្វើយ៉ាងម៉េចដោះលែងពួកគេ ឲ្យបានចេញមកធ្វើការដូចដើមវិញ”។

មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល បានទាក់ទងទៅលោក ជៀង អំ អភិបាលខេត្តស្វាយរៀង ដើម្បីទាក់ទងសុំបំភ្លឺករណីខាងលើ អត់ចូលខណៈលោក ហ៊ូ វឌ្ឍនៈ អភិបាលរង ទូរស័ព្ធចូលតែមិនទទួល។

សូមបញ្ជាក់ថា ក្រុមកម្មករជាង ៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតនេះ បានផ្ទុះបាតុកម្មកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីទាមទារឲ្យថៅកែបន្ថែមប្រាក់ខែ គោលថែមទៀត លើប្រាក់ខែដែលរាជរដ្ឋាភិបាលប្រគល់ ១៤០ដុល្លារ។ ក្នុងនោះក្រុមកម្មករបានគប់ដុំថ្ម ទៅលើរោងចក្រផងដែរ ហើយក៏បានចាប់ខ្លួនកម្មករជាបន្តបន្ទាប់៕

លោក ប៉ាវ ស៊ីណា ស្នើឲ្យអាជ្ញាធរ ខេត្តស្វាយរៀង ដោះលែងកម្មករ ៤នាក់ កំពុងជាប់ពន្ធនាគារ

លោក ប៉ាវ ស៊ីណា ស្នើឲ្យអាជ្ញាធរ ខេត្តស្វាយរៀង ដោះលែងកម្មករ ៤នាក់ កំពុងជាប់ពន្ធនាគារ