រដ្ឋសភា​នឹង​បន្ត​សម័យ​ប្រជុំ​ដើម្បី​ពិភាក្សា​និង​អនុម័ត​ច្បាប់​ចំនួន​៣​នៅ​ថ្ងៃ​ទី​១៣​មករា

រដ្ឋសភា នឹង​បន្ត​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ ទី​១៣ មករា ទៀត ដោយ​ផ្ដោត​ទៅ​លើ​កិច្ច​ពិភាក្សា និង​អនុម័ត​ច្បាប់​ចំនួន​បី​ខុសៗ​គ្នា។ ច្បាប់​ទាំង​បី​ដែល​រដ្ឋសភា​នឹង​អនុម័ត និង​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា គឺ​ធ្វើ​ឡើង​នៅ​មុន​ពេល​សភា​គ្រោង​សម្រាក​វ៉ាកង ដែល​តាម​ការ​គ្រោង​ទុក​ប្រហែល​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​អំឡុង​ថ្ងៃ​ទី​២០ ខែ​មករា ខាង​មុខ​នេះ។

ច្បាប់​ទាំង​បី​ដែល​រដ្ឋសភា​គ្រោង​ដាក់​ឲ្យ​អនុម័ត​ក្នុង​រយៈពេល ៣​ថ្ងៃ​បន្ទាប់​ទៀត​នេះ រួម​មាន សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង ស្ដីពី​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៤ ព្រម​ទាំង​របៀបវារៈ​ចុង​ក្រោយ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​គណនេយ្យ​ភាព និង​សវនកម្ម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឲ្យ​ដឹង​ថា ការ​បន្ត​សម័យ​ប្រជុំ និង​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​មុន​នឹង​អនុម័ត​ច្បាប់​ទាំង​៣ ដឹក​នាំ​ដោយ លោក ហេង សំរិន នេះ គឺ​ដំណើរ​ការ​ទៅ​នៃ​សម័យ​ប្រជុំ ត្រូវ​ចាប់​ផ្ដើម​ពី​ម៉ោង ៨​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ដែល​ពុំ​បាន​និយាយ​លម្អិត​ទៅ​លើ​របៀបវារៈ​មួយៗ​នោះ ត្រូវ​គេ​ដឹង​ថា ធ្វើ​ឡើង​ដ៏​ប្រញាប់​ផង​ដែរ​នៅ​មុន​សភា​វ៉ាកង ដែល​តាម​ការ​គ្រោង​ទុក អាច​នឹង​ផ្អាក​ក្នុង​រយៈពេល​ប្រហែល ១០​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។

ទាក់ទិន​រឿង​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា រដ្ឋសភា​ដែល​ដឹក​នាំ​កិច្ច​ប្រជុំ​ដោយ លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​បើក​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​រយៈពេល​ខ្លី​របស់​ខ្លួន ដែល​ប្រើ​ពេល​ប្រមាណ ២០​នាទី​នៅ​វិមាន​រដ្ឋសភា។

នៅ​ចំ​ថ្ងៃ​នៃ​ការ​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ដែល​គ្រោង​ដំណើរ​ការ​សម័យ​ប្រជុំ​ក្នុង​ពេល ៣​ថ្ងៃ​បន្ទាប់​ទៀត​នេះ។ ដោយឡែក​ព្រឹទ្ធសភា​ឯណោះ​វិញ ឲ្យ​ដឹង​ថា ខ្លួន​នឹង​បើក​សម័យ​ប្រជុំ​ដែរ​នៅ​ថ្ងៃ​ទី​១៣ មករា លើ​របៀបវារៈ​ចំនួន​ពីរ ដើម្បី​ដាក់​ឲ្យ​កិច្ច​ប្រជុំ​ពិនិត្យ​សម្រេច​ទៅ​តាម​សំណើ​របស់​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធសភា គឺ​សុំ​ដាក់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​របៀបវារៈ​មួយ​ទៀត គឺ​ការ​កំណត់​កាល​បរិច្ឆេទ​បន្ត​សម័យ​ប្រជុំ​លើក​ទី​៨ របស់​ព្រឹទ្ធសភា នីតិកាល​ទី​៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។