ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ប្រុស​-​ស្រី​៤​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់ និង​៧​នាក់​ទៀត​បាន​រង​របួសធ្ងន់​-​ស្រាល ដោយសារ​រថយន្ត​ម៉ា​កតា​កូ​ម៉ា​១​បាំង​កន្លះ​១​គ្រឿងផ្ទុះ​កង់​ក្រោយ​ក្រឡាប់ កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ត្រង់​ចំណុច​ខាងជើង​ឈៀង​ខាងកើត​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ផ្លូវបំបែក​ទៅ​ប្រសាទ​បន្ទាយឆ្មារ ស្ថិត​ក្នុងភូមិ​បន្ទាយឆ្មារ​ខាងជើង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​អនុសេនីយ៍ឯក អ៊ុយ ផ​ល្លី អធិការរង​នគរបាល​ស្រុក​ថ្មពួក ទទួល​ផ្នែក​សណ្តាប់ធ្នាប់ និង​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់មាន ១-​ឈ្មោះ សាំង អួ​ក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​, ២-​ឈ្មោះ សាំង រិ​ទ្ធ​ស័ក ភេទ​ប្រុស​ អាយុ​៩​ឆ្នាំ​, ៣-​ឈ្មោះ សុខ សល់ ភេទ​ស្រី អាយុ​១៤​ឆ្នាំ និង ៤-​ឈ្មោះ បញ្ញា រ៉​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ ឯ​អ្នក​រង​របួសធ្ងន់​ចំនួន​៦​នាក់​មាន ១-​ឈ្មោះ សាំង គា ភេទ​ប្រុស អាយុ​៨​ឆ្នាំ​, ២-​ឈ្មោះ សាំង ផា​ន់​ណៃ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៣-​ឈ្មោះ សាំង នាង ភេទ​ស្រី អាយុ​៥១​ឆ្នាំ​, ៤-​ឈ្មោះ សាំង ឃាត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​, ៥-​ឈ្មោះ លាក់ ភក្តី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង ៦-​ឈ្មោះ ឡា​ច លី​ណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ។ ទាំង​អ្នក​ស្លាប់ និង​អ្នក​របួសធ្ងន់ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង និង​របួសស្រាល​ម្នាក់​ឈ្មោះ បូ នី ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ នៅ​ភួ​មិ​៩៥ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ សាំង ភាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទីលំនៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ជា​យោធា​បញ្ជាការដ្ឋាន​អង្គរក្ស​៤៩៩ ប្រចាំ​ខេត្តព្រះវិហារ គ្មាន​របួស​ទេ ។

លោក​អនុសេនីយ៍ឯក អ៊ុយ ផ​ល្លី ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ា​កតា​កូ​ម៉ា​១​បាំង​កន្លះ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 2A-6195 បាន​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង ដោយ​បាន​ដឹក​សាច់ញាតិ​មក​ពី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ភូមិប​ល្ល័​ង្គ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណង​ទៅ​ការ​បងប្អូន​នៅ​ទីនោះ ។  បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុ​ការ​នេះ ​បាន​និយាយ​ប្រាប់​ថា រថយន្ត​បើក​ក្នុង​ល្បឿន​លឿន ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បែក​កង់​ក្រោយ​ផ្នែក​ខាងក្រោយ​ខាងឆ្វេង​បណ្តាល​ក្រឡាប់​ខ្លួនឯង បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​នៅ​នឹង​កន្លែង​ចំនួន​៣​នាក់​ស្រី​ម្នាក់ បន្ទាប់​មក​មាន​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​តាម​ផ្លូវ​សរុប​ចំនួន​៤​នាក់ ​របួស​ធ្ងន់​៦នាក់ ស្រាល​ម្នាក់ និង​គ្មាន​របួស​ម្នាក់ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួសធ្ងន់ និង​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​នៅ​ស្រុក​មង្គល​បូ​រី រីឯរថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព